ឧទ្ធម្ភាគចក្រយោធាអ៊ីរ៉ង់ធ្លាក់ចូលផ្សារ បណ្ដាលឱ្យមនុស្ស៤នាក់ស្លា.ប់
ហៀប ស៊ីថេត
14 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ឧទ្ធម្ភាគចក្រកងទ័ពអ៊ីរ៉ង់មួយគ្រឿង បានធ្លាក់ចូលផ្សារផ្លែឈើមួយកន្លែងនៅកណ្តាលខេត្តអ៊ីសហ្វាហាន (Isfahan) នាថ្ងៃអង្គារទី២៤កុម្ភៈនេះ ដោយបានសម្លាប់អ្នកបើកយន្តហោះម្នាក់ និងជំនួយការម្នាក់ ខណៈអាជីវករលក់ដូរ២នាក់ផ្សេងទៀតក៏បានទទួលមរណភាពដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់...។

របាយការណ៍បានបន្ថែមថា ឧទ្ធម្ភាគចក្រនេះ បានធ្លាក់នៅក្នុងទីក្រុងឌ័រឆេហ៍ (Dorcheh) បណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះ ប៉ុន្តែត្រូវបានក្រុមសង្គ្រោះបន្ទាន់គ្រប់គ្រងបានភ្លាមៗ។ ឧបទ្ទវហេតុនេះ បានបណ្ដាលឱ្យមនុស្ស៤ស្លាប់ ក្នុងនោះរួមមាន៖ អ្នកបើកបរ ជំនួយការ និងអ្នកលក់ដូរនៅក្នុងផ្សារ២នាក់។ អ្នកជំនាញអះអាងថា សុវត្ថិភាពផ្លូវអាកាសអ៊ីរ៉ង់មានកំណត់ត្រាមិនល្អ ដោយមានករណីធ្លាក់ម្ដងហើយម្ដងទៀត ដោយសារការប្រើប្រាស់យន្តហោះចាស់ៗ (ទិញតាំងពីមុនបដិវត្តន៍ឆ្នាំ១៩៧៩) និងកង្វះគ្រឿងបន្លាស់សម្រាប់ជួសជុល និងថែទាំ។ សូមជម្រាបថា ហេតុការណ៍នេះ កើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីយន្តហោះចម្បាំង F-4 ផលិតដោយសហរដ្ឋអាម៉េរិក ប្រើប្រាស់ដោយកងទ័ពអាកាសអ៊ីរ៉ង់ ធ្លាក់នៅខេត្តហាម៉ាដាន (Hamadan) កំលុងពេលហ្វឹកហ្វឺន ដោយបានសម្លាប់អ្នកបើកយន្តហោះម្នាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត