
រដ្ឋធានីកៀវ៖ នៅក្នុងយុគសម័យនៃសង្គ្រាមទំនើបនៅអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី៤ យន្តហោះគ្មានមនុស្សបើក ឬដ្រូនបានក្លាយជាអាវុធដ៏កាចសាហាវ គ្រោះថ្នាក់ និងបានគ្រប់គ្រងសមរភូមិស្ទើរទាំងស្រុង។ មិនមែនជារថក្រោះ មិនមែនជារថពាសដែក និងមិនមែនជាកាំភ្លើងធំទៀតទេ ប៉ុន្តែពេលនេះ គឺជាសម័យកាលមាស ឬយុគមាសនៃឥទ្ធិពលរបស់ដ្រូនតូចៗ មានតម្លៃថោកៗ ប៉ុន្តែអាចមានសមត្ថភាពវាយប្រហារចំគោលដៅច្បាស់់ៗ ជាពិសេស FPV drones កំពុងតែផ្លាស់ប្ដូរនិយមន័យសង្គ្រាមក្នុងសម័យទំនើប...។

កាលពីមុន គេមើលឃើញថា រថក្រោះគឺជាអធិរាជចម្បាំងក្នុងសមរភូមិសង្គ្រាម ប៉ុន្តែឥឡូវនេះ គ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរ។ ជាក់ស្តែង មេដឹកនាំក្រុមរថក្រោះ T-72 របស់អ៊ុយក្រែន លោក វ៉ាឡែនទីន បូហ៍ដាណូហ្វ បានលើកឡើងចំៗថា៖«រថក្រោះមិនហ៊ាន[អើតក្បាល]ចេញទៅវាលបើកចំហទេ ព្រោះប្រសិនបើហ៊ានចេញ នឹងត្រូវដ្រូនប្រភេទ FPV និងដ្រូនធំៗផ្សេងទៀតវាយប្រហារជាបន្តបន្ទាប់ ជាក់ជាមិនខាន»។ នេះមានន័យថា រថក្រោះរបស់លោកបានត្រឹមលាក់ខ្លួនពួនអាត្មានៅក្រោមសំណាញ់ប្រឆាំងដ្រូនតែប៉ុណ្ណោះ។ ដ្រូន FPV ជាអាវុធមានតម្លៃត្រឹមតែ២ទៅ៣រយដុល្លារប៉ុណ្ណោះ ក្នុងមួយគ្រឿង ប៉ុន្តែវាមានសមត្ថភាពខ្លាំង។ ខ្លាំងក៏នៅត្រង់ថា វាអាចហោះជ្រែកអាកាសចូលទីវាល ដេញតាមទាហាន ឬហោះចូលទៅក្នុងអាគារ រហូតដល់អាចកម្ទេចគោលដៅបានដោយជោគជ័យ ធ្វើឱ្យទាហានគ្មានពេលសូម្បីតែលើកកាំភ្លើងបាញ់តដៃ។ ក្នុងសមរភូមិសង្គ្រាមនៅអ៊ុយក្រែន អត្រាអ្នករបួស និងស្លាប់ដោយដ្រូនបានកើនឡើងពីតិចជាង១០ភាគរយក្នុងឆ្នាំ២០២២ រហូតដល់៨០ភាគរយក្នុងឆ្នាំ២០២៥ នេះបើយើងតាមរបាយការណ៍របស់ French Institute of International Relations។

ទាហានម្នាក់ៗត្រូវប្រឈមមុខនឹងការវាយប្រហារដោយដ្រូនរាប់សិបគ្រឿងក្នុងពេលតែមួយ ហើយមានករណីខ្លះ ដ្រូន៥៤គ្រឿងបានសម្រុកវាយប្រហារលើគោលដៅតែមួយក្នុងរយៈពេលត្រឹមតែ១ម៉ោង។ នេះបានបង្ហាញយ៉ាងប្រត្យក្សថា មេឃអ៊ុយក្រែនកំពុងគ្របដណ្ដប់ដោយដ្រូនវាយប្រហារ ជាពិសេសដ្រូន FPV ដែលអាចហោះទៅកម្ទេចរថក្រោះ រថពាសដែក កាំភ្លើងធំ និងរងសង្គ្រោះនានា ត្រឹមតែមួយប៉ប្រេចភ្នែក។ ទន្ទឹមនឹងបច្ចុប្បន្ន ដ្រូន FPV កំពុងត្រូវបានកែច្នែទៅជាដ្រូនអត្តឃាតផងដែរ។ សរុបជារួមមក សង្គ្រាមអ៊ុយក្រែនបានបង្ហាញពីអនាគតនៃសង្គ្រាមយ៉ាងច្បាស់ក្រឡែត ដូចជា ដ្រូន FPV មានតម្លៃថោក ងាយផលិត និងអាចប្រើបានរាប់លានគ្រឿងក្នុងមួយឆ្នាំ ធ្វើឱ្យរថក្រោះ រថពាសដែក និងកាំភ្លើង ក្លាយជាចំណីរបស់វាយ៉ាងងាយស្រួល។ នេះបង្ហាញថា វាមិនមែនជាសង្គ្រាមរវាងមនុស្ស និងមនុស្សទៀតទេ ប៉ុន្តែជាសង្គ្រាមរវាងបច្ចេកវិទ្យា របកគំហើញថ្មី និងការសម្របខ្លួនឆាប់រហ័ស។ នៅក្នុងបរិបទដ៏ផុយស្រួយនៅតាមបណ្តោយព្រំដែន តើកម្ពុជាគួរតែចាប់យកបច្ចេកវិទ្យាដ្រូន ដូចជាប្រភេទ FPV ដើម្បីទប់ទល់នឹងចោរឈ្លានពានដែរឬទេ?...៕






