
រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះរបៀបដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងប្រើប្រាស់សម្ពាធហួសហេតុមកលើរូបលោក ដើម្បីបញ្ចប់សង្គ្រាមជិត៤ឆ្នាំជាមួយរុស្ស៊ី...។

នៅក្នុងបទសម្ភាសជាមួយគេហទំព័រ Axios លោក ហ្សេឡេនស្គី លើកឡើងថា វាគឺជារឿងមិនយុត្តិធម៌ដែលលោក ត្រាំ តែងតែអំពាវនាវជាសាធារណៈឱ្យអ៊ុយក្រែនជាអ្នកធ្វើសម្បទាន ខណៈភាគីរុស្ស៊ីជាអ្នកឈ្លានពាន បែរជាមិនរងសម្ពាធបែបនេះទៅវិញ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា គម្រោងសន្តិភាពណាតម្រូវឱ្យអ៊ុយក្រែនបោះបង់ទឹកដីក្នុងតំបន់ឌុនបាស (បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងបានប្រហែល៨៨ភាគរយ) ទៅឱ្យរដ្ឋធានីមូស្គូនោះ នឹងត្រូវប្រជាជនអ៊ុយក្រែនបដិសេធដាច់អហង្កា ប្រសិនបើមានការធ្វើប្រជាមតិ។ លោកសង្កត់ធ្ងន់ថា៖«ប្រជាជនអ៊ុយក្រែននឹងមិនអត់ឱនចំពោះការទាមទារនេះឡើយ។ ពួកគេនឹងមិនអត់ឱនឱ្យខ្ញុំ ហើយក៏មិនអត់ឱនឱ្យសហរដ្ឋអាម៉េរិកដែរ»។ លោកបន្ថែមថា ពលរដ្ឋអ៊ុយក្រែនមិនយល់ថា ហេតុអ្វីបានជាគេបង្ខំឱ្យយើងកាត់ទឹកដីបន្ថែមទៅឱ្យសត្រូវ ខណៈវាជាអធិបតេយ្យភាព និងជាមាតុភូមិរបស់យើង។

យ៉ាងណា លោក ហ្សេឡេនស្គី ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសន្តិភាពរបស់លោក ត្រាំ និងបញ្ជាក់ថា ការចរចាជាមួយបេសកជនពិសេសលោក ស្ទីវ វីតខូហ្វ (Steve Witkoff) និងលោក ចេរេដ ខូស្នឺ (Jared Kushner) កូនប្រសារលោក ត្រាំ មានភាពរលូន និងផ្ដល់កិត្តិយសឱ្យគ្នាទៅវិញទៅមក មិនដូចសម្ពាធដែល ត្រាំ បង្ហាញជាសាធារណៈឡើយ។ ជាដំណោះស្រាយ លោកបានស្នើឱ្យមានការបង្កកស្ថានភាពសង្គ្រាម នៅត្រឹមខ្សែត្រៀមជួរមុខនាពេលបច្ចុប្បន្ន ជាជាងការកាត់ដីបន្ថែមឱ្យរុស្ស៊ីតាមការទាមទារ។ លោកជឿថា ប្រសិនបើមានការដាក់បញ្ចូលក្នុងឯកសារចរចាថា អ៊ុយក្រែនរក្សាជំហរនៅត្រឹមចំណុចដែលខ្លួនកំពុងឈរជើងនាពេលនេះ នោះប្រជាពលរដ្ឋអ៊ុយក្រែនអាចនឹងគាំទ្រ តាមរយៈការធ្វើប្រជាមតិ។ ការលើកឡើងនេះ ធ្វើឡើងចំពេលលោក ត្រាំ ព្រមានអ៊ុយក្រែន កាលពីថ្ងៃចន្ទថា អ៊ុយក្រែនគួរតែមកតុចរចាឱ្យលឿន ដើម្បីបង្ហាញពីគម្លាតនៃទស្សនៈ រវាងមេដឹកនាំទាំងពីរ លើដំណើរការសន្តិភាពនៅអឺរ៉ុប៕





