
រដ្ឋធានីកៀវ៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី (ភាសារុស្ស៊ី៖ Володимир Зеленський) បានទម្លាយឱ្យដឹងកាលពីថ្ងៃទី៤កុម្ភៈថា ចំនួនយុទ្ធជនអ៊ុយក្រែន ដែលបាត់បង់ជីវិតនៅលើសមរភូមិក្នុងសង្គ្រាមប្រឆាំងការឈ្លានពានរបស់រុស្ស៊ី បានកើនឡើងដល់ប្រមាណ៥៥ ០០០នាក់ហើយ...។

នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ France 2 របស់បារាំង លោកបញ្ជាក់ថា តួលេខផ្លូវការនេះ រួមបញ្ចូលទាំងទាហានអាជីព និងអ្នកដែលត្រូវបានកេណ្ឌមកចូលរួមក្នុងជួរកងទ័ព។ ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ លោក ហ្សេឡេនស្គី ក៏បានបង្ហាញពីក្តីបារម្ភចំពោះមនុស្សមួយចំនួនធំផ្សេងទៀត ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថាបាត់ខ្លួនជាផ្លូវការនៅក្នុងសមរភូមិ ដែលធ្វើឱ្យចំនួនជនរងគ្រោះសរុបអាចនឹងមានច្រើនជាងនេះ។ ការទម្លាយតួលេខចុងក្រោយនេះ បង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនអ្នកស្លាប់ បើធៀបនឹងតួលេខដែលលោកធ្លាប់បានបញ្ជាក់កាលពីខែកុម្ភៈឆ្នាំ២០២៥ កន្លងទៅ ក្នុងបទសម្ភាសជាមួយទូរទស្សន៍ NBC របស់អាម៉េរិក ដែលកាលនោះ លោកលើកឡើងថា ទាហានអ៊ុយក្រែនពលីជីវិតមានចំនួនលើសពី ៤៦ ០០០នាក់។

យោងតាមក្រុមអ្នកវិភាគ ការបង្ហាញតួលេខអ្នកស្លាប់ដ៏ច្រើនបែបនេះ គឺជាករណីដ៏កម្រមួយពីសំណាក់មេដឹកនាំអ៊ុយក្រែន ដែលកន្លងមកតែងតែរក្សាការសម្ងាត់លើព័ត៌មានជនរងគ្រោះ ក្នុងជួរកងទ័ព។ ទន្ទឹមនឹងនោះ វាក៏បានឆ្លុះបញ្ចាំងពីភាពសាហាវឃោរឃៅនៃសង្គ្រាមដែលកំពុងអូសបន្លាយ និងសម្ពាធដ៏ធ្ងន់ធ្ងរមកលើកម្លាំងការពារជាតិរបស់អ៊ុយក្រែន ខណៈរុស្ស៊ីនៅតែបន្តវាយលុកយ៉ាងខ្លាំងក្លានៅតាមសមរភូមិភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន៕




