រុស្ស៊ី-អ៊ុយក្រែន ព្រមព្រៀងដោះលែងអ្នកទោសសង្រ្គាម១៥៧នាក់ ខណៈអាម៉េរិកបន្តជំរុញកិច្ចចរចាយោធាឡើងវិញ
N
Nary Vann
16 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ទោះបីជាស្ថានការណ៍សមរភូមិកំពុងឡើងកម្ដៅខ្លាំងក៏ដោយ ក៏មានសញ្ញាវិជ្ជមានមួយបានលេចឡើង កាលពីថ្ងៃទី៥ខែកុម្ភៈ បន្ទាប់ពីរុស្ស៊ី និងអ៊ុយក្រែនព្រមព្រៀងដោះលែងអ្នកទោសសង្រ្គាមទៅវិញទៅមកចំនួន១៥៧នាក់ ក្រោយកិច្ចចរចាត្រីភាគីជាមួយសហរដ្ឋអាម៉េរិក។

ការដោះដូរអ្នកទោសនេះ ត្រូវបានអ្នកវិភាគចាត់ទុកថាជានិមិត្តរូបនៃការប្តេជ្ញាចិត្តចំពោះសន្តិភាព ទោះបីជារដ្ឋធានីម៉ូស្គូត្រូវបានគេចោទថា បានបំពានបទឈប់បាញ់ដែលលោក ដូណាល់ ត្រាំ បានស្នើក៏ដោយ។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាម៉េរិក លោកស្រី អូលហ្កា ស្ទេហ្វាននីសហ្ស៊ីណា (Ms.Olga Stefanishyna) ប្រាប់សារព័ត៌មានថា កិច្ចចរចាបានប្រព្រឹត្តទៅចំពេលដែលរុស្ស៊ីនៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនយ៉ាងចាស់ដៃ ក្នុងអំឡុងពេលអាកាសធាតុត្រជាក់ខ្លាំង។ លោកស្រីគូសបញ្ជាក់ថា៖«អ៊ុយក្រែននៅតែប្រកាន់ខ្ជាប់នូវការស្វែងរកសន្តិភាព និងត្រៀមខ្លួនចាប់យកគ្រប់ឱកាសទាំងអស់»។ លោកស្រី ក៏បានសម្ដែងការដឹងគុណចំពោះរដ្ឋបាលលោក ត្រាំ ដែលបានជួយសម្របសម្រួលឱ្យយុទ្ធជនអ៊ុយក្រែនបានវិលត្រឡប់ទៅជួបជុំគ្រួសារវិញ បន្ទាប់ពីជាប់ឃុំឃាំងតាំងពីឆ្នាំ២០២២។

ជុំវិញបញ្ហានេះ លោក ស្ទីវ វិតខូហ្វស៍ (Mr.Steve Witkoff) បេសកជនពិសេសរបស់លោក ត្រាំ បានឱ្យដឹងថា កិច្ចចរចាត្រីភាគីនឹងបន្តធ្វើឡើងនៅសប្តាហ៍ក្រោយ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បង្ហើបថា កិច្ចប្រជុំបន្ទាប់អាចនឹងធ្វើឡើងនៅលើទឹកដីសហរដ្ឋអាម៉េរិក។ លោក ហ្សេឡេនស្គី បានសង្កត់ធ្ងន់ថា សង្គ្រាមនេះត្រូវតែបញ្ចប់ ក្នុងលក្ខណៈមួយដែលមិនផ្តល់រង្វាន់ដល់អ្នកឈ្លានពាន ដើម្បីធានាសន្តិសុខយូរអង្វែង។

ចំណុចគួរឱ្យកត់សម្គាល់បំផុតនោះ គឺនៅថ្ងៃព្រហស្បតិ៍ដដែល សហរដ្ឋអាម៉េរិកបានសម្រេចបង្កើតទំនាក់ទំនងយោធាជាមួយរុស្ស៊ីឡើងវិញ បន្ទាប់ពីត្រូវបានកកស្ទើរតែទាំងស្រុង អស់រយៈពេលជិត៤ឆ្នាំ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ បានពន្យល់ថា រដ្ឋបាលលោក ត្រាំ មិនចាត់ទុកការចរចាជាមួយសត្រូវថាជាការចុះចាញ់នោះទេ ប៉ុន្តែវាគឺជាមធ្យោបាយដើម្បីសម្រេចបាននូវសន្តិភាព។ មន្ត្រីអង្គការណាតូមួយចំនួនបានស្វាគមន៍ចំពោះចំណាត់ការនេះ ដោយយល់ថា វាគឺជាជំហានជាក់ស្ដែងក្នុងការសម្របសម្រួលដើម្បីបញ្ចប់សង្គ្រាមជាស្ថាពរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត