កម្ពុជាបញ្ជូនកំណត់ទូតថ្មីទៅភាគីថៃ ស្នើឱ្យបញ្ជូនក្រុមវាស់វែងចុះមកបន្តបោះបង្គោលព្រំដែនបណ្តោះអាសន្ន នៅតំបន់បឹងត្រកួន ជោគជ័យ ព្រៃចាន់ ថ្មដា និងមួយចំនួនទៀត
L
Linda Sorn
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ បន្ទាប់ពីថៃនៅតែបន្តគេចវេះមិនព្រមចុះមកបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជាម្ដងហើយម្ដងទៀត គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជូនកំណត់ទូតជាថ្មី ទៅគណៈកម្មការ JBC ថៃ ឱ្យបញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះមកសិក្សា និងពិនិត្យលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តការងារបោះបង្គោលនៅកំណាត់ខ្សែព្រំដែន ដែលប្រទេសទាំងពីរបានឯកភាពឡើងវិញ។

លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងថា តាមរយៈកំណត់ទូតដែលបានបញ្ជូនទៅ កម្ពុជាបានដាក់សំណើទៅភាគីថៃចំនួន៥ចំណុច រួមមាន៖១-ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅចន្លោះពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ ស្ថិតក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។

ការបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅខេត្តបន្ទាយមានជ័យ។ រូបភាព៖  អង្គភាពសារព័ត៌មាន AKP  
ការបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅខេត្តបន្ទាយមានជ័យ។ រូបភាព៖  អង្គភាពសារព័ត៌មាន AKP  

២-ស្នើឱ្យចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៣៣-៣៧ ក្នុងតំបន់បឹងត្រកួន, និងតំបន់មួយចំនួនក្នុងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ រួមមាន៖ តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា, តំបន់ព្រំដែនអូរភ្លុកដំរី និងតំបន់ព្រំដែនច១ ចន្លោះពីថ្ងៃទី៨ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។ រីឯទី៣-គណៈកម្មការស្នើឱ្យភាគីទាំងពីរចុះវាស់វែង និងខណ្ឌសីមាលើដី ជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែព្រំដែនជាបន្ទាត់ត្រង់) ចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦, ៤-ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ នៃខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ នៅអំឡុងសប្តាហ៍ទី២ នៃខែមីនា។

កម្ពុជា-ថៃ ចុះបោះបង្គោលបណ្ដោះអាសន្ន នៅភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង កាលពីពេលកន្លងទៅ។ រូបភាព៖  អង្គភាពសារព័ត៌មាន AKP
កម្ពុជា-ថៃ ចុះបោះបង្គោលបណ្ដោះអាសន្ន នៅភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង កាលពីពេលកន្លងទៅ។ រូបភាព៖ អង្គភាពសារព័ត៌មាន AKP

ដោយឡែក ទី៥-គណៈកម្មការ JBC កម្ពុជា បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ ព្រមទាំងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ដោយបង្ហោះដ្រូន, រាយលួសបន្លា, ដាក់ទូរកុងតឺន័រ, ដោតទង់ជាតិថៃ, ជីកប្រឡាយ, សាងសង់ផ្លូវនិងលេណដ្ឋាន, ប្តូរឈ្មោះផ្លូវជាតិលេខ៥៨របស់កម្ពុជា, សកម្មភាពកែប្រែបរិស្ថានព្រំដែននៅតំបន់, ប្រាសាទតាមាន់ និងប្រាសាទព្រះវិហារ, ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា, និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានវិញ ជាដើម

កម្ពុជា-ថៃ ចុះបោះបង្គោលបណ្ដោះអាសន្ន នៅភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង កាលពីពេលកន្លងទៅ។ រូបភាព៖ អង្គភាពសារព័ត៌មាន AKP
កម្ពុជា-ថៃ ចុះបោះបង្គោលបណ្ដោះអាសន្ន នៅភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង កាលពីពេលកន្លងទៅ។ រូបភាព៖ អង្គភាពសារព័ត៌មាន AKP

គណៈកម្មការចាត់ទុកសកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន MOU ឆ្នាំ២០០០ កំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC និងកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC។​ គួរបញ្ជាក់ថា បន្ទាប់ពីផ្អាកការងារបោះបង្គោលបណ្តោះអាសន្ន កាលពីដើមខែធ្នូ ឆ្នាំ២០២៥ ដោយសារយោធាថៃ ធ្វើសង្រ្គាមឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាមក កម្ពុជាបានចាប់ផ្តើមស្នើដល់ភាគីថៃ​ ចាត់បញ្ជូនក្រុមមន្រ្តីជំនាញចុះពិនិត្យ បោះបង្គោលព្រំដែនបណ្ដោះអាសន្នឡើងវិញ ជាបន្តបន្ទាប់ ប៉ុន្តែភាគីថៃនៅមិនទាន់បញ្ជូនក្រុមការងារណាមកកម្ពុជាឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត