កម្ពុជាចាត់ទុកបារំាងជាមិត្តចាស់ ដែលអាចទុកចិត្ត និងជឿជាក់បាន
អុន សម្ផស្ស
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋបារំាង ដែលបានរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា និងចាត់ទុកបារំាងជាមិត្តចាស់អាចជឿជាក់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ នេះបើយោងតាមលទ្ធផលនៃជំនួបទ្វេភាគីរវាង សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក ថូម៉ាស់ ឡាំ សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា នៅថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៦..។

តាមរយៈជំនួបនោះ ប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ដឹកនាំដោយ លោក តូម៉ាស ឡាំ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៦។ សម្តេចប្រមុខរដ្ឋសភា ចាត់ទុកដំណើរទស្សនកិច្ចនេះ ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៅក្នុងការរឹតចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា-បារំាង ដែលមានតំាងពីយូរមកឱ្យកាន់រឹងមាំថែមទៀត។ បន្ថែមលើនោះ កម្ពុជា-បារាំង ឯកភាពគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ពលរដ្ឋ។ លើសពីនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)។

ចំពោះបញ្ហាជម្លោះព្រំដែនថៃឈ្លានពានកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា អរគុណសមាជិករដ្ឋសភាបារំាង និងក្រុមមិត្តភាពបារាំង-កម្ពុជា ដែលបានចេញញត្តិគាំទ្រកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងបានជំរុញឱ្យប្រទេសទាំងពីរអនុវត្តឱ្យមានប្រសិទ្ធភាពឈានឆ្ពោះទៅការបញ្ចប់ជម្លោះដោយសន្តិវិធី។ សម្តេច ឃួន សុដារី វាយតម្លៃថា៖«ញត្តិគាំទ្រ[របស់បារាំង]នោះ បានឆ្លុះបញ្ចំាងឱ្យពិភពលោកបានដឹងថា ភាគីណាជាជនរងគ្រោះ និងភាគីណាជាអ្នកឈ្លានពាន»។ ទន្ទឹមគ្នា សម្តេចប្រធានរដ្ឋសភាបន្តអះអាងប្រាប់ភាគីបារាំងថា កម្ពុជាជាប្រទេសតូច និងជាប្រទេសឆ្លងកាត់សង្រ្គាម ត្រូវការសន្តិភាពមិនត្រូវការសង្រ្គាមនោះទេ។

ជាការឆ្លើយតប ទាក់ទងជម្លោះព្រំដែនកម្ពុជា-ថៃ បារំាងត្រៀមខ្លួនផ្តល់ឯកសារដើមដល់កម្ពុជា។ លោក ថូម៉ាស់ ឡាំ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតីបារំាង អេម៉ានូអែល ម៉ាក្រុង មកកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០នោះ នឹងធ្វើឱ្យកម្ពុជា និងបារាំង រកឃើញនូវលទ្ធភាពជាច្រើនទៀតនៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការនាំមកនូវផលប្រយោជន៍រួម។ បារំាង ថែមទាំងបានត្រៀមជាស្រេចនៅក្នុងការគាំទ្រដល់កម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំនោះឱ្យបានទទួលបានជោគជ័យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត