
រាជធានីភ្នំពេញ៖ ទីតាំងស្តុកបារីអេឡិចត្រូនិចដ៏ធំមួយ ស្ថិតផ្លូវស្ថិតនៅបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្នែកប្រឆាំងគ្រឿងញៀនធ្វើការឆ្មក់បង្ក្រាប នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ....។

ដោយមានការសម្របសម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់កម្លាំងនគរបាលជំនាញអង្កេតស្រាវជ្រាវរហូតឈានដល់ការឆ្មក់បង្ក្រាបទីតាំងខាងលើ ព្រមទាំងធ្វើការឃាត់ខ្លួនជនល្មើសចំនួន៥នាក់ដើម្បីធ្វើការសាកសួរផង ។ ទោះយ៉ាងណា ក្រោយចប់ប្រតិបត្តិការ អាជ្ញាធរបានរឹបអូសវត្ថុតាងជាប្រភេទបារីអេឡិចត្រូនិចចំនួន៣០ម៉ឺនដើមផងដែរ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននាំយកមករក្សាទុក នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី ។

សូមជម្រាបថា កន្លងមកក្រសួងសុខាភិបាលក៏ធ្លាប់បានបញ្ជាក់ពី ផលប៉ះពាល់នៃ បារីអឡិកត្រូនិកបង្កផលប៉ះពាល់លើសុខភាពដោយសារសារធាតុនីកូទីន។ នីកូទីន មានសារធាតុញៀនខ្លាំងប៉ះពាល់ខួរក្បាល បាត់បង់ដល់ការគ្រប់គ្រងអារម្មណ៍និងគ្រោះថ្នាក់ចំពោះស្រី្តមានផ្ទៃពោះ។បារីអេឡិចត្រូនិក មិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ តែវាជាផលិតផលដែលមានផលប៉ះពាល់ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម និងក្រុមគ្រួសារ៕





