
រាជធានីភ្នំពេញ៖ ការកែច្នៃសំណល់អេឡិចត្រូនិក ជាលក្ខណសិប្បកម្មខ្នាតតូច និងមធ្យម ផ្តល់ផលប៉ះពាល់លើមនុស្ស និងបរិស្ថានចំនួន២យ៉ាងធំៗ។ នេះបើតាមការឱ្យដឹងពីមន្រ្តីបរិស្ថាន នៅថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៦...។

មន្រ្តីបរិស្ថាន គូសបញ្ជាក់ថា ឧបករណ៍អេឡិចត្រូនិកដូចជា កុំព្យូទ័រ ទូរសព្ទដៃ និងទូរទស្សន៍ មានសារធាតុពុលដូចជា សំណ (lead) បារត (mercury) កាដមីញ៉ូម (cadmium) អាសេនិក (arsenic) និងសារធាតុបន្ថែមទប់ភ្លើង (brominated flame retardants)។ នៅសិប្បកម្មខ្នាតតូច និងមធ្យម កម្មករមិនពាក់ឧបករណ៍ការពារសុវត្ថិភាព ធ្វើការបំបែកឧបករណ៍ដោយដៃ ដុតខ្សែភ្លើងដើម្បីយកស្ពាន់ (copper) និងប្រើអាស៊ីតដើម្បីយកលោហៈមានតម្លៃ វិធីសាស្ដ្រទាំងនេះ បញ្ចេញឧស្ម័នពុល បង្កផលប៉ះពាល់ដូចជា៖ ទី១.ប៉ះពាល់លើសុខភាពយ៉ាងធ្ងន់ធ្ងរ៖ ការប៉ះពាល់នឹងសំណ និងបារត អាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ បង្កការខូចខាតខួរក្បាល កាត់បន្ថយការអភិវឌ្ឍសមត្ថភាពគិតរបស់កុមារ បង្កជំងឺតម្រងនោម និងបេះដូង។

លើសពីនេះ ការដកដង្ហើមផ្សែងពុលពីការដុតប្លាស្ទិក អាចបង្កើនហានិភ័យជំងឺផ្លូវដង្ហើម និងមហារីក។ មួយវិញទៀត កុមារ និងស្ត្រីមានផ្ទៃពោះ មានភាពងាយរងគ្រោះជាងគេ ព្រោះការប៉ះពាល់អាចបង្កការពន្យារពេលអភិវឌ្ឍន៍ និងបញ្ហាសុខភាពរយៈពេលវែង។ ២.ប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង៖ សំណល់ពុលអាចជ្រាបចូលដី និងទឹកក្រោមដី បំពុលប្រភពទឹកផឹក និងដីកសិកម្ម។ ប្រភពទឹកនៅជិតតំបន់កែច្នៃនឹងមានកម្រិតលោហៈធ្ងន់ខ្ពស់ ប៉ះពាល់ដល់ត្រី និងជីវៈចម្រុះក្នុងទឹក។ ហើយការដុតដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ នឹងបញ្ចេញសារធាតុពុលរាលដាលឆ្ងាយ នាំប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរយៈពេលវែង៕




