
រដ្ឋធានីតេហេរ៉ង់៖ ស្ថានភាពនៅប្រទេសអ៊ីរ៉ង់បានធ្លាក់ក្នុងភាពវឹកវរជាថ្មីម្ដងទៀត នៅពេលក្រុមនិស្សិតបញ្ញវន្ត បានសម្រុកចេញមកតវ៉ាតាមដងផ្លូវ និងក្នុងបរិវេណសកលវិទ្យាល័យ នៅថ្ងៃទី២១ ខែកុម្ភៈ ដើម្បីប្រឆាំងនឹងរបបដឹកនាំផ្ដាច់ការ។

ការផ្ទុះកំហឹងជាថ្មីនេះ កើតឡើងចំពេលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធយោធាយ៉ាងសន្ធឹកសន្ធាប់ ដោយបានបញ្ជូននាវាផ្ទុកយន្តហោះ និងយន្តហោះចម្បាំង ព្រមទាំងគ្រឿងយុទ្ធភណ្ឌទំនើៗចូលទៅកៀកអ៊ីរ៉ង់ ដើម្បីបង្ខំឱ្យរដ្ឋអ៊ិស្លាមនិយមមួយនេះ ចុះញ៉មក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែ។ តាមរយៈវីដេអូពីសកលវិទ្យាល័យបច្ចេកវិទ្យា Sharif គេឃើញមានការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមនិស្សិត និងកម្លាំងបង្ក្រាប ខណៈមានសម្រែកជេរប្រមាថថា «ពួកអាប់យស» និងការទាមទារឱ្យមេដឹកនាំផ្ដាច់ការចុះចេញពីតំណែង បានបន្លឺឡើងខ្ទរខ្ទារពេញបរិវេណសាលា បង្ហាញពីភាពមិនសុខចិត្តដែលបានចាក់ឫសយ៉ាងជ្រៅក្នុងស្រទាប់យុវជន។

ការងើបឡើងវិញនៃចលនាតវ៉ានេះ គឺជាការរំលឹកខួប៤០ថ្ងៃ នៃព្រឹត្តិការណ៍សម្លាប់រង្គាលកាលពីដើមខែមករា។ អង្គការសិទ្ធិមនុស្ស បានប៉ាន់ប្រមាណថា មានអ្នកតវ៉ាជាង៧ពាន់នាក់ត្រូវបានសម្លាប់ក្រោមស្នាដៃកងកម្លាំងសន្តិសុខ។ រដ្ឋាភិបាលអ៊ីរ៉ង់ព្យាយាមចោទប្រកាន់ថា ការបះបោរនេះគឺជាល្បិចកលញុះញង់របស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ប៉ុន្តែត្រូវគេមើលឃើញផ្ទុយថា ធាតុពិត វាបានឆ្លុះបញ្ចាំងពីភាពអស់ការអត់ធ្មត់របស់ពលរដ្ឋចំពោះវិបត្តិសេដ្ឋកិច្ច និងការរឹតត្បិតសេរីភាពយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ន អ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាពដង្ហើមដង្ហក់ញាប់ញ័រ ដោយម្ខាងត្រូវប្រឈមមុខនឹងសង្គ្រាមស៊ីវិលផ្ទៃក្នុងដែលជិតផ្ទុះឡើង ហើយម្ខាងទៀតត្រូវប្រឈមមុខនឹងចុងកាណុងរបស់មហាអំណាចអាម៉េរិកដែលកំពុងឡោមព័ទ្ធនៅមាត់ទ្វារផ្ទះ៕





