អ៊ីរ៉ង់ចំណាយជិត៦០០លានដុល្លារ ទិញមីស៊ីលទំនើបដល់ទៅរាប់ពាន់គ្រាប់ពីរុស្ស៊ី ដើម្បីពង្រឹងរបងការពារដែនអាកាស
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ពិភពលោកកំពុងមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីសារព័ត៌មាន Financial Times (FT) បានទម្លាយឯកសារសម្ងាត់មួយបង្ហាញថា ប្រទេសអ៊ីរ៉ង់បានសម្រេចកិច្ចព្រមព្រៀងទិញអាវុធខ្នាតយក្សមានតម្លៃរហូតដល់ ៥០០លានអឺរ៉ូ (ប្រមាណ៥៨៩លានដុល្លារ) ពីប្រទេសរុស្ស៊ី។

ម៉ាស៊ូត ផេហ្សេសកៀន ប្រធានាធិបតីអ៊ីរ៉ង់ និងលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី 
ម៉ាស៊ូត ផេហ្សេសកៀន ប្រធានាធិបតីអ៊ីរ៉ង់ និងលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី 

ក្នុងកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានៅរដ្ឋធានីមូស្គូ កាលពីខែធ្នូ ឆ្នាំ២០២៥ អ៊ីរ៉ង់បញ្ជាទិញប្រព័ន្ធមីស៊ីលចល័ត Verba ចំនួន៥០០គ្រឿង និងគ្រាប់មីស៊ីលកម្រិតខ្ពស់ប្រភេទ 9M336 ចំនួន២៥០០គ្រាប់ ដែលនឹងត្រូវដឹកជញ្ជូនជាដំណាក់កាលចាប់ពីឆ្នាំ២០២៧ ដល់២០២៩។ យុទ្ធសាស្ត្រពង្រឹងកម្លាំងការពារអាកាសរបស់រដ្ឋអ៊ិស្លាមអ៊ីរ៉ង់នាពេលនេះ ត្រូវបានគេមើលឃើញថាជាការត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារតាមអាកាសពីខាងក្រៅ បន្ទាប់ពីកងទ័ពសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារយ៉ាងចាស់ដៃទៅលើទីតាំងនុយក្លេអ៊ែសំខាន់ៗចំនួន៣របស់អ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំ២០២៥។ បើទោះបីជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថាទីតាំងនុយក្លេអ៊ែទាំងនោះត្រូវបានបំផ្លាញខ្ទេចខ្ទីក៏ដោយ ប៉ុន្តែរបាយការណ៍ចារកម្មអាម៉េរិកបែរជាបង្ហាញថា សមត្ថភាពនុយក្លេអ៊ែរបស់អ៊ីរ៉ង់គ្រាន់តែរងការរាំងស្ទះក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយមន្ត្រីអ៊ីរ៉ង់ថែមទាំងអះអាងទៀតថា ខ្លួនបានស្ដារស្ថានភាពឡើងវិញបានយ៉ាងលឿន និងរឹងមាំជាងមុនទៅទៀត។

សម្ព័ន្ធភាពយោធារវាងរដ្ឋធានីមូស្គូ និងតេហេរ៉ង់ កាន់តែមានភាពស៊ីជម្រៅតាមរយៈសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ ដែលឆ្លុះបញ្ចាំងតាមរយៈការធ្វើសមយុទ្ធជើងទឹកជាមួយគ្នានៅក្នុងឈូងសមុទ្រអូម៉ង់ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ការលក់មីស៊ីលទំនើបពីរុស្ស៊ីឱ្យទៅអ៊ីរ៉ង់ក្នុងស្ថានភាពដ៏តានតឹងនេះ មិនត្រឹមតែជាការផ្គើននឹងសម្ពាធពីវ៉ាស៊ីនតោនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាមួយបង្ហាញថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការក្លាយជាខ្នងបង្អែកផ្នែកអាវុធដ៏សំខាន់សម្រាប់អ៊ីរ៉ង់ ក្នុងករណីអ៊ីរ៉ង់មានសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើងជាមួយអាម៉េរិក ឬអ៊ីស្រាអែល៕

អាវុធអ៊ីរ៉ង់
អាវុធអ៊ីរ៉ង់
មីស៊ីលអ៊ីរ៉ង់
មីស៊ីលអ៊ីរ៉ង់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត