អ៊ីរ៉ង់សង្ឃឹមលើកិច្ចចរចានៅហ្សឺណែវ តែមិនព្រមចុះចាញ់ ខណៈអាម៉េរិកដាក់កម្លាំងប្រឹងសង្កត់ឱ្យចុះញ៉ម
N
Nary Vann
20 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ស្របពេលសហរដ្ឋអាម៉េរិកកំពុងបញ្ជូននាវាផ្ទុកយន្តហោះ និងយន្តហោះចម្បាំងចូលទៅឡោមព័ទ្ធនៅក្បែរមាត់ទ្វារផ្ទះ រដ្ឋាភិបាលរដ្ឋធានីតេហេរ៉ង់បានបង្ហាញសញ្ញាដើររកផ្លូវការទូតជាថ្មី តែបានផ្ញើសារព្រមានយ៉ាងធ្ងន់ៗត្រឡប់ទៅវិញថា ខ្លួននឹងមិនអង្គុយចាំឱ្យគេធ្វើបាបឡើយ។

នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CBS កាលពីថ្ងៃទី២២ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាឈី (Abbas Araghchi) បានបញ្ជាក់យ៉ាងច្បាស់ៗថា បើអាម៉េរិកហ៊ានបើកការវាយប្រហារយោធាមែននោះ អ៊ីរ៉ង់មានសិទ្ធិពេញលេញក្នុងការវាយបកទៅលើរាល់ផលប្រយោជន៍ទាំងឡាយរបស់អាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីជាការសងសឹក។ ទោះបីជាសង្គ្រាមពាក្យសម្ដីកំពុងឡើងកម្ដៅខ្លាំងក៏ដោយ ប៉ុន្តែលោក អារ៉ាឈី នៅតែបង្ហាញសញ្ញាវិជ្ជមានតិចតួចថា វិបត្តិនេះនៅមានច្រកចេញតាមផ្លូវការទូត។ លោកបានទម្លាយថា អ៊ីរ៉ង់កំពុងរៀបចំសេចក្តីព្រាងសំណើថ្មីមួយ ដើម្បីដាក់ចូលកិច្ចចរចានៅទីក្រុងហ្សឺណែវ ដែលអាចនឹងប្រព្រឹត្តទៅនៅថ្ងៃ២៦កុម្ភៈនេះ ក្នុងបំណងបញ្ចៀសការផ្ទុះអាវុធ។ ការបញ្ចេញប្រតិកម្មរបស់អ៊ីរ៉ង់នាពេលនេះ ធ្វើឡើងបន្ទាប់ពីបេសកជនរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា លោក ត្រាំ កំពុងងឿងឆ្ងល់ថាហេតុអ្វីបានជាអ៊ីរ៉ង់នៅតែរឹងរូសមិនព្រមចុះចាញ់ បើទោះបីជាត្រូវប្រឈមមុខនឹងកម្លាំងជើងទឹកដ៏មហាសាលរបស់អាម៉េរិកក៏ដោយ។ ​

ពាក់ព័ន្ធនឹងកម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូមដែលរដ្ឋធានីវ៉ាស៊ីនតោនបារម្ភថាអាចយកទៅធ្វើគ្រាប់បែកបរមាណូនោះ លោក អារ៉ាឈី បានតបវិញយ៉ាងមុតមាំថា៖«ក្នុងនាមជាប្រទេសដែលមានអធិបតេយ្យភាព យើងមានសិទ្ធិគ្រប់យ៉ាងក្នុងការសម្រេចចិត្តសម្រាប់ខ្លួនយើង និងដោយខ្លួនយើង»។ ខណៈប្រទេសទាំងពីរដណ្ដើមប្រៀបគ្នាតាមរយៈកម្លាំងយោធា និងការចរចា ស្ថានភាពផ្ទៃក្នុងរបស់អ៊ីរ៉ង់ក៏កំពុងពុះកញ្ជ្រោលផងដែរ ដោយមានបាតុកម្មប្រឆាំងរដ្ឋាភិបាលពីសំណាក់ក្រុមនិស្សិត បន្ទាប់ពីមានការបង្ក្រាបយ៉ាងចាស់ដៃកាលពីខែមករា ដែលបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។ ពិភពលោកកំពុងអ៊ុតមើលថា តើជំនួបខាងមុខឆាប់ៗនេះ នឹងអាចពន្លត់ភ្លើងសង្គ្រាមបាន ឬក៏នឹងកាន់តែរុញច្រានតំបន់មជ្ឈិមបូព៌ាឱ្យធ្លាក់ក្នុងសមុទ្ទភ្លើង?

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត