
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្នុងបទសម្ភាសជាមួយ Fox News បេសកជនពិសេសអាម៉េរិក លោក ស្ទីវ វីតខូហ្វ (Steve Witkoff) បានបង្ហាញពីការងឿងឆ្ងល់យ៉ាងខ្លាំងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា ហេតុអ្វីបានជាមកដល់ពេលនេះហើយ របបដឹកនាំរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ នៅតែរឹងរូសមិនទាន់ព្រមចុះចាញ់ បើទោះបីជារដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជូនកម្លាំងទាំងជើងទឹកជើងអាកាសដ៏មហាសាលទៅគំរាមដល់មាត់ទ្វារផ្ទះក៏ដោយ។

លោក វីតខូហ្វ បានបញ្ជាក់ថា អាម៉េរិកបានរៀបចំរួចជាស្រេចនូវផែនការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ដែលអាចអូសបន្លាយពេលរាប់សប្តាហ៍ទៅលើអ៊ីរ៉ង់ ប្រសិនបើការចរចានុយក្លេអ៊ែនៅតែមិនមានលទ្ធផល ខណៈអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា ជិតនឹងសម្រេចបាននូវការផលិតសារធាតុសម្រាប់ធ្វើគ្រាប់បែកបរមាណូកម្រិតឧស្សាហកម្មទៅហើយ។ សម្ពាធពីខាងក្រៅកាន់តែធ្ងន់ ដោយរដ្ឋបាលលោក ត្រាំ កំពុងចាប់ផ្ដើមលេងល្បែងនយោបាយផ្ទៃក្នុងរបស់អ៊ីរ៉ង់បន្ថែមទៀត។ លោក វីតខូហ្វ បានបង្កឱ្យមានការភ្ញាក់ផ្អើលតាមរយៈការទម្លាយព័ត៌មានថា លោកបានជួបពិភាក្សាជាមួយលោក រេហ្សា ផាឡាវី (Reza Pahlavi) ជាកូនប្រុសច្បងរបស់អតីតព្រះចៅសានៃប្រទេសអ៊ីរ៉ង់ (ដែលត្រូវបានទម្លាក់ក្នុងបដិវត្តន៍ឆ្នាំ១៩៧៩)។ លោក រេហ្សា ផាឡាវី ដែលជាតួអង្គសំខាន់នៃក្រុមប្រឆាំងក្រៅស្រុក បានជំរុញឱ្យអាម៉េរិកកុំចំណាយពេលចរចាជាមួយមេដឹកនាំសាសនាអ៊ីរ៉ង់យូរពេក ហើយថែមទាំងលើកឡើងថា ការលូកដៃផ្នែកយោធារបស់អាម៉េរិក អាចជួយសង្គ្រោះជីវិតពលរដ្ឋអ៊ីរ៉ង់ពីការបង្ក្រាបដ៏ព្រៃផ្សៃថែមទៀតផង។

ទោះជាយ៉ាងណា រដ្ឋធានីតេហេរ៉ង់នៅតែរក្សាជំហររឹងត្អឹង ដោយយល់ព្រមកម្មវិធីនុយក្លេអ៊ែក្នុងកម្រិតណាមួយ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចប៉ុណ្ណោះ ប៉ុន្តែដាច់ខាតមិនព្រមចរចាពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល ឬការឈប់គាំទ្រក្រុមប្រដាប់អាវុធក្នុងតំបន់តាមការចង់បានរបស់វ៉ាស៊ីនតោនឡើយ។ ភាពខុសគ្នាផ្នែកទស្សនៈលើការដោះដូរទណ្ឌកម្មនេះ បានធ្វើឱ្យការចរចាស្ថិតក្នុងភាពទាល់ច្រក ខណៈពិភពលោកកំពុងបារម្ភថាការងឿងឆ្ងល់របស់លោក ត្រាំ អាចនឹងប្រែទៅជាសកម្មភាពយោធាពិតប្រាកដក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើអ៊ីរ៉ង់នៅតែមិនព្រមឱនក្បាលចុះចាញ់តាមការចង់បានរបស់លោក៕





