
ក្រុងដូនកែវ៖ លោក សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអំពាវនាវឱ្យអាណាព្យាបាលនានាក្នុងខេត្តតាកែវ ចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការអប់រំ និងណែនាំកូនៗ រៀងៗខ្លួន ឱ្យដើរផ្លូវល្អ ចៀសវាងរាល់ការប្រព្រឹត្តិបទល្មើសនានា។

លោក សេង មហា លើកឡើងដូច្នេះ កំលុងពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅសប្ដាហ៍បន្ត នាថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៦ ដែលមានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង និងភាគីពាក់ព័ន្ធនានា។ ក្នុងកិច្ចប្រជុំ លោកបានណែនាំឱ្យកម្លាំងសមត្ថកិច្ចទាំងអស់បន្តពង្រឹងការល្បាតចល័តក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីបង្ការ បង្រ្កាបរាល់បទល្មើស ជាពិសេសក្រុមក្មេងទំនើង ដែលតែងតែបង្កការអុកឡុកធ្វើឱ្យខូចសណ្តាប់ធ្នាប់ សន្តិសុខសង្គម និងប៉ះពាល់ដល់សីលធម៌សង្គម។ លោកបានគូសបញ្ជាក់បន្ថែមថា៖«បងប្អូនប្រជាពលរដ្ឋយើង ដែលមានសមាជិកកូនចៅ ណែនាំ ប្រដៅមិនស្តាប់ ឬដើរផ្លូវមិនល្អ គួរសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ច ឬគ្រូបង្រៀន ដើម្បីធ្វើការណែនាំពួកគាត់ឱ្យដើរផ្លូវល្អឡើងវិញ និងទប់ស្កាត់ពួកគាត់កុំឱ្យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗ ធ្វើឱ្យខូចអនាគត»។

មួយវិញទៀត លោកក៏បញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំណុចខ្ពស់រង់ចាំអនុវត្តបទបញ្ជា ពង្រឹងកម្លាំងដែលមានភារកិច្ចប្រចាំការលេខពិសេសទាន់ហេតុការណ៍២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន ឬពាក្យបណ្តឹងពីពលរដ្ឋ រួមទាំងពង្រឹងលើការអនុវត្តច្បាប់សារាចរណែនាំផ្សេងៗ និងបំពេញតួនាទី ភារកិច្ចតាមឋានានុក្រម។ លោកថែមទាំងក្រើនរំឭកឱ្យបន្តចុះចល័តក្នុងភូមិសាស្ត្រ ដើម្បីបង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់ និងបទល្មើស Scams Online ជាដើម៕




