
ក្រុងខេមរភូមិន្ទ៖ អ្នកគប់គិតគ្នាទន្ទ្រានដីព្រៃកោងកាងនៅភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលជាតំបន់ការពារធម្មជាតិ និងជាទ្រព្យសម្បត្តិរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកលែង...។

មន្រ្តីបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២៤កុម្ភៈនេះថា ការរួមគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាង គ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាល គឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពីមួយរយលានរៀលទៅប្រាំរយលានរៀល។ មន្រ្តីបរិស្ថានបន្ថែមថា បើតាមមាត្រា៣៨៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់ចំណុច (គ) បានចែងថា ការកាប់ ផ្តួល រំលំ គៀវ កាប់បំផ្លាញដើមឈើ បំពុល ឬគាស់រម្លើងគល់ឈើ និងត្រង់ចំណុច ឍ បានចែងដែរថា ការចាក់លុប ឬចាក់បំពេញដី ដែនទឹក ផ្ទៃរងទឹកភ្លៀង ផ្លូវទឹក បឹងធម្មជាតិ ដីសើម តំបន់ទំនាប ទឹកផុសក្រោមដី ឬអាងទឹក ដោយគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់ក្នុងតំបន់ការពារធម្មជាតិ។

សូមជម្រាបថា ព្រៃកោងកាងដែលធំជាងគេបំផុតក្នុងប្រទេសកម្ពុជា គឺស្ថិតក្នុងខេត្តកោះកុង ប៉ុន្តែទោះបីជាខេត្តមួយនេះ សម្បូរដោយព្រៃធម្មជាតិ មានដើមកោងកាងច្រើនជាងគេយ៉ាងណាក្ដី អាជ្ញាធរខេត្តនៅតែបន្តដាំដុះបន្ថែម និងកំពុងចាត់វិធានការទប់ស្កាត់ រាល់ការកាប់ទន្ទ្រានយ៉ាងម៉ឺងម៉ាត់បំផុត។ ព្រៃកោងកាង គឺជាព្រៃមួយ ដែលមានប្រយោជន៍ខ្លាំងណាស់ដល់ជីវៈចម្រុះនៅក្នុងទឹកប្រៃ ជាជម្រករបស់ត្រីសមុទ្ទ ក្ដាម បង្គា លៀស ងាវ មឹក ប្រព័ន្ធអេកូឡូស៊ី និងរក្សាបរិស្ថានសមុទ្ទ ឱ្យមានភាពស្រស់បំព្រង ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ៕




