
ក្រុងសៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៤កុម្ភៈនេះ បានបញ្ជាក់ថា នឹងសហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បន្តគម្រោងជួសជុលរានហាលខាងកើតប្រាសាទបន្ទាយសំរ៉ែ…។

លោក ឡុង ណារី ប្រធានគម្រោងជួសជុលនៅប្រាសាទបន្ទាយសំរ៉ែ បានឱ្យដឹងថា ការជួសជុសបានចាប់ផ្តើមកាលពីខែមករា ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦។ កត្តាដែលនាំឱ្យថ្មខូចខាតនៅរានហាលប្រាសាទបន្ទាយសំរ៉ែ មកពីមនុស្ស និងធម្មជាតិ។ លើសពីនេះ រុក្ខជាតិបានដុះចាក់ឫសតាមថ្ម បណ្ដាលឱ្យថ្មខ្លះបាក់បែក ហែក និងញែកចេញពីគ្នា។ ក្រោយបញ្ចប់ការងារជួសជុលនៅផ្នែកខាងក្រោម ក្រុមការងាររបស់លោកចាប់ផ្តើមជួសជុល នៅផ្នែកខាងលើនៃបង្កាន់ដៃនាគនៃរានហាលខាងកើត ជ្រុងខាងត្បូង។ បច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំជួសជុល និងឆ្លាក់ជើងទម្រនាគ និងផ្គុំបំណែកចម្លាក់ខ្លះ ដែលប្រមូលបាននៅជុំវិញ។

គួរជ្រាបថា ប្រាសាទបន្ទាយសំរ៉ែ មានទីតាំងស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយប្រហែល២គីឡូម៉ែត្រ ខាងត្បូងផ្លូវចេញពីភូមិព្រះដាក់ទៅភ្នំបូក។ ប្រាសាទបែរមុខទៅទិសខាងកើតមានផ្លូវដើរចូលប្រវែង២០០ម៉ែត្រ អមដោយបង្កាន់ដៃនាគ និងចម្លាក់តោមួយគូឈរយាមផ្លូវ។ ប្រាសាទបន្ទាយសំរ៉ែ មានហោត្រៃចំនួន២នៅសងខាងផ្លូវចូលទៅកាន់តួប៉មកណ្ដាល។ ហោត្រៃនេះ ធ្វើពីថ្មភក់មានលម្អទ្វារ២ គឺទ្វារបញ្ឆោតនៅទិសខាងកើត និងទ្វារចំហបែរទៅទិសខាងលិច។ នៅលើខ្លោងទ្វារទាំងពីរ មានលម្អហោជាងដោយចម្លាក់ទេវកថា ក្បាច់ចម្លាក់ទេវកថាទាំងនោះ ទាក់ទងនឹងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។

លើសពីនេះ ប្រាង្គកណ្តាលប្រាសាទបន្ទាយសំរ៉ែ មានរាងជាអក្សរ T ដែលលយចេញទៅទិសខាងកើត និងមានទ្វារចំហមួយ។ ឯទ្វារបីទៀតបែរមុខទៅទិសខាងជើង ខាងត្បូង និងទិសខាងលិច ជាទ្វារបញ្ឆោតហើយមានក្បាច់ចម្លាក់យ៉ាងល្អនៅលើផ្តែរ និងក្បាច់ចម្លាក់ទេវកថាផ្សេងៗ។ នៅក្នុងប្រាង្គកណ្ដាលនេះ មានប្រអប់ថ្មភក់មួយមានគម្របនៅពីលើ និងមានប្រហោងចំពួយមួយនៅផ្នែកខាងក្រោមនៃបាត ដែលគេចាត់ទុកថា ជាមឈូសសម្រាប់តម្កល់សព៕





