
ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបញ្ចប់គម្រោងជួសជុលខឿនបាកាណប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តដំណាក់កាលទី៣ និងការងារជួសជុលបង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១នៃប្រាសាទបន្ទាយសំរ៉ែ ក៏បានបញ្ចប់ជាស្ថាពរដែរ។

លោក ឃាម មុនី មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ខឿនបាកាណ ប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្ត ដែលមានអាយុកាលសំណង់យូរលង់មកហើយ បានរងការខូចខាតដោយសារតែដើមឈើដុះចាក់ឬសចូលតាមថ្នេរថ្មខឿន និងចូលទៅក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនិងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្មទៅក្នុងគ្រឹះផងបណ្តាលឱ្យគ្រឹះខ្សោយ និងស្រុត។ ក្នុងគម្រោងជួសជុល ខឿនបាកាណប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន២៩២ដុំ ដែលរុះរើពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យល្អរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញ។ បន្ថែមពីលើការជួសជុលថ្មបែកបាក់ពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញនោះ ក្រុមការងារបច្ចេកទេសក៏បានជួយសង្គ្រោះការខូចខាតជាច្រើនកន្លែងផ្សេងទៀតឱ្យប្រសើរឡើងវិញដែរដូចជារុញថ្មដែលញែកចេញពីគ្នាឱ្យចូលគ្នា ពង្រឹងរចនាសម្ព័ន្ធរបស់ប្រាសាទទាំងមូលឱ្យរឹងមាំឡើងវិញ។

ដោយទ្បែក លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងដែរថា រចនាសម្ព័ន្ធបង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរ៉ែ បានរងការខូចខាតធ្ងន់ធ្ងរដោយរលំបាក់បែកជាច្រើនបំណែក កន្លែងខ្លះធ្លាក់លើដី និងខ្លះទៀតផ្អៀងទ្រេតមិនមានលំនឹងធ្លាក់ថ្មមកលើកម្រាលជាដើម។ រយៈពេល៦ខែ ក្រុមការងារបានប្រឹងប្រែងប្រមូលបំណែកថ្មបង្កាន់ដៃនាគដែលមាននៅនឹងកន្លែង និងស្វែងរកបំណែកខ្លះទៀតដែលចល័តទៅទីតាំងផ្សេងៗយកមករៀបចំផ្គុំឡើងវិញទៅតាមលទ្ធភាពដែលអាចរកឃើញ។ រីឯទីតាំងមួយចំនួនដែលមិនអាចរកឃើញ គឺបានបន្ថែមថ្មថ្មីជំនួសដើម្បីឱ្យបង្កាន់ដៃនាគរក្សាបាននូវទម្រង់ដើម និងមានភាពរឹងមាំជាថ្មីម្ដងទៀត។ ការងារជួសជុលបង្កាន់ដៃនាគ ប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១របស់ប្រាសាទបន្ទាយសំរ៉ែបានបញ្ចប់កាលពីចុងឆ្នាំ២០២៣កន្លងទៅ។ គម្រោងនេះមានរយៈពេលប្រមាណ៦ខែដោយបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនាឆ្នាំ២០២៣មក។

លោក ឡុង ណារី បានបន្តថា ក្រោយពីក្រុមអ្នកជំនាញបានបញ្ចប់ការងារជួសជុលបង្កាន់ដៃនាគនេះ បានជួយលើកសោភ័ណភាពនៃប្រាសាទនេះឡើងវិញ ព្រមទាំងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលទស្សនានៅប្រាសាទបន្ទាយសំរ៉ែ។ ទន្ទឹមនឹងនោះ ក្រុមអ្នកជំនាញក៏បានសំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប សូមកុំអង្គុយឬផ្អែកលើសំណង់បុរាណដែលចាស់ទ្រុឌទ្រោមនេះ ដើម្បីរួមគ្នាថែរក្សាបន្តទៅមុខទៀត ប្រយោជន៍សម្រាប់ភាពគង់វង្សយូរអង្វែងនូវមរតកដូនតារបស់យើងទាំងអស់គ្នា៕






