
រាជធានីបាងកក៖ មិនត្រឹមតែមិនថ្កោលទោសទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាទេ ពេលនេះ សហរដ្ឋអាម៉េរិកថែមទាំងប្រកាសថា នឹងផ្តល់រថក្រោះពាសដែក Stryker ចំនួន១៧គ្រឿងទៅឱ្យកងទ័ពភូមិន្ទថៃ តាមកម្មវិធី Excess Defense Articles (EDA)។ តើរដ្ឋធានីវ៉ាស៊ីនតោន មានបំណងអ្វីឱ្យប្រាកដទៅ...?

ស្របពេលយោធាថៃឈ្លានពាន កំពុងឈរជើងជ្រៅនៅក្នុងទឹកដីខ្មែរ សហរដ្ឋអាម៉េរិកបានប្រកាសថា នឹងផ្តល់រថក្រោះពាសដែក Stryker ចំនួន១៧គ្រឿងមកឱ្យកងទ័ពភូមិន្ទថៃ ទន្ទឹមនឹងផែនការនេះ ធ្វើឡើងនៅពេលបញ្ចប់លំហាត់យោធា «ពស់វែកមាស ឬ Cobra Gold» ឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយដោយកាសែតថៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ កាលពីថ្ងៃទី២៣កុម្ភៈ មេបញ្ជាការកងទ័ពភូមិន្ទថៃ លោក ផៈណា ក្លែវផ្លដធូក បានចាប់ដៃជាមួយឧត្តមសេនីយ៍ឯក ម៉ាធ្យូ ម៉ាកហ្វាឡែន (Matthew McFarlane) បញ្ជាការរងកងទ័ពអាម៉េរិក I Corps នៅទីបញ្ជាការកងទ័ពភូមិថៃ ដើម្បីពិភាក្សាពីការពង្រឹងសមត្ថភាពយោធា រួមទាំងការបង្កើនសមយុទ្ធពស់វែកមាស និងសមយុទ្ធ «Hanuman Guardian» ដោយមានការបណ្ដុះបណ្ដាលផ្នែកបើកបររថពាសដែក Stryker ដែលអាម៉េរិកនឹងជួយឱ្យកងទ័ពថៃ មានបច្ចេកវិទ្យាទំនើបក្នុងសមរភូមិសង្គ្រាមជាក់ស្តែង។

អ្វីដែលគួរឱ្យអស់សំណើច គឺថា មេបញ្ជាការកងទ័ពភូមិន្ទថៃរលាស់អណ្តាតទាំងបំភ្លៃថា យោធាខ្លួនកំពុងគោរពច្បាប់អន្តរជាតិ និងប្រើប្រាស់កម្លាំងយោធា ដើម្បីការពារអធិបតេយ្យភាព ទាំងដែលយោធាខ្លួនបើកការឈ្លានពានលើកម្ពុជា ដោយកំពុងកាន់កាប់ជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា បន្ទាប់ពីមានបទឈប់បាញ់ចូលជាធរមាន។ មានសំណួរជាច្រើនចោទសួរថា តើរថពាសដែក Stryker ទាំង១៧គ្រឿងនេះ នឹងត្រូវប្រើដើម្បីការពារសន្តិភាព ឬដើម្បីបន្តការឈ្លានពានយកទឹកដីខ្មែរបន្ថែម..? សូមជម្រាបថា ការសម្រេចចិត្តរបស់អាម៉េរិក ក្នុងការផ្ដល់រថពាសដែកទាំងនេះទៅឱ្យរាជធានីបាងកក កើតឡើងស្របពេលស្ថានការណ៍ព្រំដែនកំពុងកើនកម្តៅ ម្ល៉ោះហើយ កម្ពុជាត្រូវតែប្រុងប្រយ័ត្ន និងពង្រឹងកំពែងការពារជាតិឱ្យកាន់តែរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏គួរឱ្យព្រួយបារម្ភពីសំណាក់រដ្ឋធានីវ៉ាស៊ីនតោន៕





