ព័ត៌មានអន្តរជាតិស៊ើបអង្កេតស៊ីជម្រៅ៖ ថៃបើកដៃឱ្យចិនប្រើទឹកដីជាស្ពានចម្លងសព្វាវុធទៅផ្គត់ផ្គង់រុស្ស៊ី ដើម្បីប្រើក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន
ហៀប ស៊ីថេត
11 ម៉ោងមុន

រាជធានីបាងកក៖ មើលទៅស្ងប់ស្ងាត់ តែតាមពិតការិយាល័យក្រុមហ៊ុនមួយឈ្មោះ Skyhub Technologies (ស្កាយហាប់ តេចណូឡូជី) ស្ថិតនៅជាន់ទី៣០ ក្នុងអគារ Chartered Square (ឆាថឹត សឃ្វែ) កណ្តាលរាជធានីបាងកក ត្រូវបានគេស៊ើបអង្កេតដឹងថា ជាមជ្ឈមណ្ឌលសម្ងាត់នៃការជួញដូរសព្វាវុធដ៏ចម្រូងចម្រាស ដែលពិភពលោកកំពុងតាមដាន។ សារព័ត៌មានអន្តរជាតិធំៗបានចុះផ្សាយព្រោងព្រាតនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបកអាក្រាតពីទង្វើលាក់កម្បាំងរបស់ថៃ ដែលបានដើរតួសម្របសម្រួលជាច្រករបៀងថ្មីមួយ សម្រាប់ការនាំចេញយន្តហោះគ្មានមនុស្សបើក ឬដ្រូន ពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ ការណ៍នេះបានបង្ហាញយ៉ាងប្រត្យក្សថា ថៃមិនត្រឹមតែមិនអើពើនឹងទណ្ឌកម្មអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងដើរតួជាឈ្មួញកណ្តាលបង្កប់សព្វាវុធថែមទៀតផង។

ទីតាំងសង្ស័យនោះ គឺជាការិយាល័យជួលដែលផ្ដល់សេវាកម្មដោយក្រុមហ៊ុនដទៃ ប៉ុន្តែបុគ្គលិកអគារសុំមិនបញ្ចេញឈ្មោះ បានទម្លាយថា គេកម្រឃើញនាយកក្រុមហ៊ុនទៅទីនោះណាស់ ពោលគឺមានតែជនជាតិចិនមួយចំនួនប៉ុណ្ណោះដែលយូរៗទៅអើតម្ដង។ អ្វីដែលកាន់តែគួរឱ្យសង្ស័យ គឺនៅក្នុងឯកសារចុះបញ្ជីតាមអនឡាញ ក្រុមហ៊ុននេះមិនបានដាក់លេខទូរសព្ទសម្រាប់ទាក់ទងឡើយ ហើយគ្មាននរណាម្នាក់អាចទាក់ទងបានទេ។ បើទោះបីមើលទៅអសកម្ម ឬស្ងាត់ស្ងៀមក៏ដោយ ប៉ុន្តែវា គឺជាផ្លូវចរាចរណ៍ដ៏មមាញឹកសម្រាប់យន្តហោះគ្មានមនុស្សបើកទំនើបៗ។ ឯកសារពាណិជ្ជកម្មបង្ហាញថា ក្រុមហ៊ុន Skyhub Technologies គឺជាអ្នកនាំចូលយន្តហោះគ្មានមនុស្សបើកធំបំផុតទី២ ពីប្រទេសចិន។ ទោះបីជាយន្តហោះគ្មានមនុស្សបើកភាគច្រើន ត្រូវបាននាំចេញទៅប្រទេសរុស្ស៊ីវិញបន្តក៏ដោយ ប៉ុន្តែទិន្នន័យមិនត្រូវបានកត់ត្រាទុកទេ។ យ៉ាងណា ការវិភាគទិន្នន័យពាណិជ្ជកម្មផ្លូវការរបស់ថៃបង្ហាញថា ការនាំចេញយន្តហោះគ្មានមនុស្សបើករបស់ប្រទេសថៃទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើងខ្លាំងចាប់តាំងពីឆ្នាំ២០២២ នៅពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបើកប្រតិបត្តិការយោធាឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំ។

បើទោះបីជារដ្ឋធានីប៉េកាំងប្រកាសក្តែងៗថា ខ្លួនមិនបានផ្ដល់ជំនួយយោធាដល់រុស្ស៊ីក៏ដោយ ប៉ុន្តែបច្ចេកវិទ្យាដែលផលិតដោយចិន ត្រូវបានគេរកឃើញជាហូរហែនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន។ ក្នុងចំណោមបច្ចេកវិទ្យាទាំងនោះ ក៏មានទាំងដ្រូនប្រភេទ FPV (First-Person View) ដែលអនុញ្ញាតឱ្យអ្នកបញ្ជាអាចមើលឃើញព្រឹត្តិការណ៍សង្គ្រាមផ្ទាល់ភ្នែក ក្នុងពេលប្រតិបត្តិការជាក់ស្តែង ហើយក៏កំពុងតែប្រែមុខមាត់ថ្មីនៃសង្គ្រាមសម័យទំនើប។ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការដឹកជញ្ជូនសព្វាវុធឆ្លងកាត់ប្រទេសថៃទៅរុស្សី ប៉ុន្តែអ្នកនាំពាក្យម្នាក់បានបញ្ជាក់ថា។

លោកស្រី ម៉ារៀ សាជីណា (Maria Shagina) អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកទណ្ឌកម្មសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ បានព្រមានថា តំបន់អាស៊ីអាគ្នេយ៍កំពុងក្លាយជាចំណុចគោលដៅ ដែលពិភពលោកត្រូវតាមដាន ខណៈវិធីសាស្ដ្របង្វែរផ្លូវដឹកជញ្ជូនតាមរយៈប្រទេសទី៣ ដោយប្រើក្រុមហ៊ុនខ្យល់នៅតែបន្តកើតមាន។ ជាក់ស្តែង ក្នុងរយៈពេល ១១ខែ គិតមកត្រឹមចុងឆ្នាំ២០២៥ រុស្ស៊ីបាននាំចូលដ្រូនពីថៃក្នុងទំហំទឹកប្រាក់រហូតដល់ ១២៥លានដុល្លារ ដែលស្មើនឹង៨៨ភាគរយនៃដ្រូននាំចេញសរុបរបស់ថៃ និងកើនឡើងដល់ទៅ៨ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ក្នុងរយៈពេលដដែលនោះ ចិនបានបញ្ជូនដ្រូនទៅកាន់ថៃក្នុងតម្លៃ១៨៦លានដុល្លារ ដែលស្ទើរតែស្មើនឹង១០០ភាគរយ នៃដ្រូនដែលថៃនាំចូលទាំងអស់។ តួលេខនេះបង្ហាញពីភាពខុសប្លែកគ្នាដាច់ស្រឡះ បើធៀបនឹងឆ្នាំ២០២២ ដែលថៃនាំចេញដ្រូនមិនដល់ ១លានដុល្លារផង ហើយគ្មានសូម្បីតែមួយគ្រឿងបញ្ជូនទៅរុស្ស៊ី។ ទោះជាយ៉ាងណា អគ្គនាយកដ្ឋានគយថៃ បានអះអាងថា ការនាំចេញដ្រូនចិនពីទឹកដីថៃទៅរុស្ស៊ី គឺធ្វើឡើងតាមក្របខណ្ឌច្បាប់ត្រឹមត្រូវ មិនមែនជាលក្ខខណ្ឌបង្ខំឡើយ។ គេនៅចាំបានថា កាលពីខែតុលា ឆ្នាំ២០២៥ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន២​ រួចទៅហើយ ដែលមានមូលដ្ឋាននៅប្រទេសថៃ ចំពោះការគាំទ្រលើយោធារបស់រុស្ស៊ី។ 

សូមជម្រាបថា ដំបូងឡើយ ក្រុមហ៊ុន Skyhub Technologies បានធ្វើការនៅក្នុងវិស័យភូគព្ភសាស្ត្រ ហើយឥឡូវនេះត្រូវបានចុះបញ្ជីជាក្រុមហ៊ុនជួលរថយន្ត។ ក្រុមហ៊ុននេះបាននាំចូលយន្តហោះគ្មានមនុស្សបើកក្នុងទំហំទឹកប្រាក់២៥លានដុល្លារក្នុងឆ្នាំ២០២៥។ នេះបើយោងតាមឯកសារដែលចងក្រងដោយ Big Trade Data។ ក្រុមហ៊ុនមួយផ្សេងទៀត ដែលមានមូលដ្ឋាននៅជាយរាជធានីបាងកក គឺក្រុមហ៊ុន China Thai ហាក់ដូចជាកំពុងដើរតួនាទីកាន់តែធំ នៅក្នុងការជួញដូរយន្តហោះគ្មានមនុស្សបើក។ ​​ជាក់ស្តែង ក្រុមហ៊ុននេះ បាននាំចូលយន្តហោះគ្មានមនុស្សបើកក្នុងទំហំទឹកប្រាក់ដល់ទៅ១៤៤លានដុល្លារពីប្រទេសចិន ក្នុងរយៈពេល១១ខែ កាលពីឆ្នាំ២០២៥។ ក្រុមហ៊ុននេះត្រូវបានចក្រភពអង់គ្លេសដាក់ទណ្ឌកម្មចំពោះការផ្គត់ផ្គង់បច្ចេកវិទ្យាដល់យោធារុស្ស៊ី៕

  អគារ Chartered Square
  អគារ Chartered Square
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត