ស្តេចឥន្ទ្រី ដូណាល់ ត្រាំ នឹងត្រដាងស្លាបហោះទៅផឹកតែក្ដៅក្នុងគុហានាគរាជចិន
ហៀប ស៊ីថេត
12 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានម្នាក់បានទម្លាយកាលពីថ្ងៃសុក្រទី២០ ខែកុម្ភៈ ថា ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ខណៈដំណើរទស្សនកិច្ចដ៏គួរឱ្យចាប់អារម្មណ៍នេះ កើតឡើងចំពេលមានភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង២ លើសំណុំរឿងរាប់សិបជំពូក។

លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង
លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង

លោក ត្រាំ ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីពិភាក្សាគ្នាថា តើគួរផ្អាកជម្លោះពាណិជ្ជកម្ម ជុំវិញបញ្ហាពន្ធគយនាពេលកន្លងមកដែរឬទេ...? ជុំវិញគម្រោងនៃដំណើរទស្សនកិច្ចនេះ លោក ត្រាំ បានប្រាប់មេដឹកនាំបរទេសកាលពីថ្ងៃទី១៩ ខែកុម្ភៈ ថា៖«វានឹងក្លាយជាព្រឹត្តិការណ៍ដ៏កក្រើកមួយ។ យើងត្រូវតែបង្ហាញឱ្យឃើញទិដ្ឋភាពដ៏អស្ចារ្យបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចិន»។

សូមជម្រាបថា ជំនួបនេះនឹងក្លាយជាកិច្ចពិភាក្សាផ្ទាល់ជាលើកដំបូងរវាងមេដឹកនាំពិភពលោកទាំង២ ចាប់តាំងពីជំនួបកាលពីខែតុលា ឆ្នាំ២០២៥ នៅកូរ៉េខាងត្បូង ដែលកាលនោះ លោក ត្រាំ បានយល់ព្រមកាត់បន្ថយពន្ធលើទំនិញចិន ជាថ្នូរនឹងការសន្យារបស់រដ្ឋធានីប៉េកាំង លើការបង្រ្កាបការនាំចូលថ្នាំហ្វេតានីល ដោយខុសច្បាប់ចូលទឹកដីអាម៉េរិក ទន្ទឹមនឹងចិនប្តេជ្ញាបន្តទិញសណ្តែកសៀងពីអាម៉េរិក និងការរក្សារំហូរនាំចេញរ៉ែកម្រ។ ទោះជាយ៉ាងណា បញ្ហាកោះតៃវ៉ាន់នៅតែជាបន្លាក្នុងទ្រូងនាគរាជចិន ដោយកាលពីខែធ្នូ រដ្ឋធានីវ៉ាស៊ីនតោនបានប្រកាសលក់អាវុធឱ្យតៃវ៉ាន់ក្នុងតម្លៃ ១១,១ពាន់លានដុល្លារ ដែលជាកិច្ចព្រមព្រៀងធំបំផុតមិនធ្លាប់មាន៕

កោះតៃវ៉ាន់
កោះតៃវ៉ាន់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត