
ក្រុងស្ទឹងសែន៖ រឿងរ៉ាវប៉ូលិសចរាចរណ៍ ចុះអនុវត្តច្បាប់លើផ្លូវលំគ្រួសក្រហម ហើយឃាត់សួរនាំរឿងមួកសុវត្ថិភាព និងកញ្ចក់ ស្ថិតនៅចំណុចភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក បាននិងកំពុងបង្កឱ្យមានការជជែកដេញដោលច្រើនពីសំណាក់មហាជន។ យ៉ាងណា ករណីខាងលើ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចេញមុខបកស្រាយថា គ្រាន់ជាការអប់រំណែនាំប៉ុណ្ណោះ...។

សូមជម្រាបថា មន្ត្រីនគរបាលចរាចរណ៍ស្រុកសន្ទុក បាននាំគ្នាដាក់បារ៉ាសត្រួតពិនិត្យគោលដៅចរាចរណ៍ ដើម្បីត្រួតពិនិត្យមើលល្បឿន, ការពាក់មួកសុវត្ថិភាព, ការបំពាក់កញ្ចក់លើទោចក្រយានយន្ត, ស្ថិតនៅលើផ្លូវលំគ្រួសក្រហមក្នុងភូមិឃុំមួយខ្សែនៅចំណុចភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក។ យ៉ាងណា សកម្មភាពមន្ត្រីនគរបាលចរាចរណ៍ខាងលើនេះ បានរងនូវការរិះគន់ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក្រោយមានការបង្ហោះរូបភាពលើបណ្តាញផ្សព្វផ្សាយសង្គម ដោយភាគច្រើនលើកឡើងថា មន្ត្រីនគរបាលមិនគួរមកចាប់ផាកពិន័យពលរដ្ឋលើផ្លូវលំបែបនេះទេ ព្រោះពុំមែនជាផ្លូវធ្វើដំណើរឆ្លងកាត់មមាញឹក ដែលនាំឱ្យបង្កគ្រោះថ្នាក់ចរាចរណ៍នោះឡើយ។ ចំណែកអ្នកខ្លះទៀតលើកឡើងថា សកម្មភាពនេះ គ្រាន់តែជាការរកលុយរបស់មន្ត្រីនគរបាល ស្របតាមច្បាប់ប៉ុណ្ណោះ ។ល។

ដោយមើលឃើញសន្ទុះរិះគន់របស់មហាជន កាន់តែច្រើនឡើង ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយគូសបញ្ជាក់ថា កម្លាំងជំនាញសណ្តាប់ធ្នាប់ស្រុកសន្ទុក ពិតជាបានដាក់គោលដៅត្រួតពិនិត្យ ផ្សព្វផ្សាយ អប់រំ ពិតប្រាកដមែន តែពុំបានផាកពិន័យដល់អ្នកបើកបរលើមធ្យោបាយទាំងអស់នោះទេ គ្រាន់តែបានអប់រំណែនាំប៉ុណ្ណោះ។ ជាមួយគ្នា ស្នងការក៏បានបញ្ជាក់ផងដែរថា សកម្មភាពមន្ត្រីនគរបាលចរាចរណ៍ទាំងអស់នោះ ពុំមានគោលការណ៍ពីថ្នាក់ដឹកនាំ ឱ្យចុះរឹតបន្តឹងលើផ្លូវលំ(ផ្លូវដី)ដែរ ដូច្នេះ ស្នងការនគរបាលខេត្តកំពង់ធំ ក៏បានធ្វើការណែនាំបន្ថែមដល់កម្លាំងជំនាញសណ្តាប់ធ្នាប់ ចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ឱ្យអនុវត្តនៅតាមផ្លូវកៅស៊ូ និងផ្លូវជាតិតែប៉ុណ្ណោះ៕(Sic!)






