
រាជធានីភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានប្រាប់ទៅប្រជាពលរដ្ឋឱ្យប្រយ័ត្នប្រយែង បន្ទាប់ពីឃើញអគ្គិភ័យកើតឡើងជាញឹកញាប់។ ក្រសួងមហាផ្ទៃ បង្ហោះសារក្រើនរម្លឹកភ្ជាប់ជាមួយរបាយការណ៍ថា រយៈពេល២២ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២៦ មានគ្រោះអគ្គិភ័យកើតឡើងដល់ទៅ៨៦ករណី នៅទូទាំងប្រទេសកម្ពុជា។

បើតាមរបាយការណ៍ អគ្គិភ័យទាំង៨៦កណី បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា រួមមាន កណ្ដាល, កំពង់ស្ពឺ, កំពត, តាកែវ, ស្វាយរៀង, កំពង់ធំ, កំពង់ចាម, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, ក្រចេះ, ស្ទឹងត្រែង, ព្រៃវែង, ត្បូងឃ្មុំ, ព្រះវិហារ, ព្រះសីហនុ, កោះកុង, សៀមរាប និងបន្ទាយមានជ័យ។ អគ្គិភ័យទាំង៨៦ករណីនេះ បានឆាបឆេះផ្ទះ៧២ខ្នង, តូប១ខ្នង, ឃ្លាំង១០ខ្នង, កុដិ៨ខ្នង, បន្ទប់១ខ្នង និងអគារស្នាក់នៅ១ខ្នង។ ជាមួយគ្នានេះ អគ្គិភ័យ ក៏បានឆាបឆេះអាហារដ្ឋាន១ខ្នង, ព្រៃ៦កន្លែង, រោងចិញ្ចឹមសត្វ១កន្លែង, រោងចម្ការ១កន្លែង, ដេប៉ូលក់ឈើ១កន្លែង, គំនរកង់ឡាន១កន្លែង, គំនរអេតចាយ១កន្លែង, គំនរទុយយោទឹក១កន្លែង, ឡសម្ងួតធ្យូង១កន្លែង, រថយន្ត១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ បានណែនាំឱ្យប្រជាពលរដ្ឋចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យទាំងបុរាណ និងសម័យ ដូចជាបំពង់ពន្លត់អគ្គិភ័យគ្រប់ប្រភេទ និងបែបបុរាណ មានដូចជា ធុងទឹក បាវខ្សាច់ ឬកំណាត់ចាស់ៗ ដើម្បីត្រៀមលក្ខណៈទុកជាមុននៅពេលដែលមានអគ្គិភ័យកើតឡើង។ ទន្ទឹមនឹងនោះ អាជ្ញាធរពាក់ព័ន្ធ ក៏បានណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការតបណ្ដាញអគ្គិសនី ដោយស្របតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព ហើយប្រសិនបើមានករណីអគ្គិភ័យកើតឡើង ត្រូវទាក់ទងទៅកាន់លេខ១១៨ ឬឆានែលតេឡេក្រាម១១៨ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងជំនាញ៕




