
រដ្ឋធានីម៉ិកស៊ិក៖ រដ្ឋាភិបាលម៉ិកស៊ិក បានសម្រេចពង្រាយកងទ័ពរហូតដល់ទៅ១ម៉ឺននាក់ ជាបន្ទាន់ ដើម្បីគ្រប់គ្រងស្ថានការណ៍ដ៏វឹកវរដែលបានផ្ទុះឡើងពាសពេញប្រទេស បន្ទាប់ពីមេខ្លោងគ្រឿងញៀនដ៏សាហាវបំផុត គឺ លោក ណេមីស៊ីអូ អូសេហ្គេរ៉ា ឬហៅថា អេល មិនឆូ បានបាត់បង់ជីវិត...។

យោងតាមការបញ្ជាក់ពីកងទ័ពម៉ិកស៊ិក កាលពីថ្ងៃទី២៣ ខែកុម្ភៈ មេដឹកនាំក្រុម Jalisco New Generation Cartel (CJNG) រូបនេះ បានរងរបួសក្នុងកិច្ចប្រតិបត្តិការបាញ់ប្រហារជាមួយទាហាន ហើយបានដាច់ខ្យល់ស្លាប់ក្នុងពេលកំពុងបញ្ជូនតាមយន្តហោះ ឆ្ពោះទៅកាន់ទីក្រុងម៉ិកស៊ិកស៊ីធី។ ដំណឹងមរណភាពរបស់មេខ្លោងរូបនេះ បានធ្វើឱ្យក្រុមឧក្រិដ្ឋជនគ្រឿងញៀនផ្ទុះកំហឹង និងបើកការសងសឹកយ៉ាងសាហាវបំផុត ដោយពួកគេបើកការវាយប្រហារបំបែកពន្ធនាគារឱ្យអ្នកទោសរត់គេចខ្លួន បិទផ្លូវហាយវេក្នុងរដ្ឋចំនួន២០ និងដុតបំផ្លាញយានយន្តព្រមទាំងអាជីវកម្មជាច្រើន។ អាជ្ញាធរម៉ិកស៊ិកបញ្ជាក់ថា នៅក្នុងប្រតិបត្តិការវាយឆ្មក់ និងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ពេញមួយចុងសប្តាហ៍នេះ មនុស្សចំនួន៧៤នាក់បានបាត់បង់ជីវិត។ ក្នុងចំណោមជនរងគ្រោះទាំងនោះ រួមមាន៖ កងកម្លាំងសន្តិសុខចំនួន២៧នាក់ ក្រុមឧក្រិដ្ឋជនជាសមាជិកបក្ខពួកគ្រឿងញៀនចំនួន៤៦នាក់ និងជនស៊ីវិលស្លូតត្រង់ម្នាក់។

ភាពវឹកវរនេះធ្វើឱ្យទីក្រុងធំៗ ជាពិសេសទីក្រុងហ្គោដាឡាចារ៉ា (Guadalajara) ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំនេះ ត្រូវធ្លាក់ក្នុងភាពភ័យខ្លាច ខណៈសាលារៀន និងប្រព័ន្ធដឹកជញ្ជូនសាធារណៈត្រូវបានផ្អាកដំណើរការទាំងស្រុង រីឯពលរដ្ឋវិញ បានត្រឹមសម្ងំនៅក្នុងផ្ទះ និងសម្រុកទៅទិញស្បៀងអាហារស្តុកទុកទាំងក្ដីបារម្ភ។ ទោះបីបច្ចុប្បន្នភាពស្ងប់ស្ងាត់បានត្រឡប់មកវិញខ្លះៗក៏ដោយ ប៉ុន្តែកងទ័ពរាប់ម៉ឺននាក់នៅតែបន្តយាមកាមយ៉ាងតឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ការបះបោរជាថ្មីពីសំណាក់ក្រុម CJNG ដែលទើបតែបាត់បង់ក្បាលម៉ាស៊ីនដ៏សំខាន់របស់ខ្លួន។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីអានុភាពនៃក្រុមក្មេងទំនើងគ្រឿងញៀននៅក្នុងប្រទេសម៉ិកស៊ិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសាកល្បងដ៏ធំធេងសម្រាប់រដ្ឋាភិបាលក្នុងការស្ដារសន្តិសុខ និងសណ្ដាប់ធ្នាប់ឡើងវិញ មុនពេលព្រឹត្តិការណ៍កីឡាអន្តរជាតិចូលមកដល់៕







