មេខ្លោងគ្រឿងញៀនពិភពលោកបាត់បង់ជីវិតក្រោមដៃសមត្ថកិច្ច បក្សពួកចេញសងសឹករុញម៉ិកស៊ិកឱ្យធ្លាក់ក្នុងភាពវឹកវរ
N
Nary Vann
16 ម៉ោងមុន

ម៉ិកស៊ិក៖ ប្រទេសម៉ិកស៊ិកបានធ្លាក់ក្នុងភាពវឹកវរកណ្តាលទីក្រុងភ្លាមៗ បន្ទាប់ពីមេខ្លោងគ្រឿងញៀនធំបំផុតម្នាក់លំដាប់ពិភពលោក គឺលោក Nemesio Oseguera (ណេមីស៊ីអូ អូសេហ្គេរ៉ា) ឬ ហៅថា El Mencho (អេល មិនឆូ) បានបាត់បង់ជីវិត ហើយបក្សពួកប្រដាប់ដោយអាវុធ ក៏ចេញមកសងសឹកនឹងអាជ្ញាធរ។ បើតាមក្រសួងការពារជាតិម៉ិកស៊ិក មេខ្លោងវ័យ៦០ឆ្នាំរូបនេះ រងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រតិបត្តិការឆ្មក់វាយប្រហារដ៏ធំមួយដោយកងកម្លាំងពិសេសម៉ិកស៊ិក នៅឯទីក្រុងតាប៉ាល់ប៉ា (Tapalpa) កាលពីថ្ងៃទី២២ ខែកុម្ភៈ ហើយក្រោយមក ក៏ស្លាប់ក្នុងពេលស្ថិតក្រោមការឃុំខ្លួន។

សពរបស់លោកត្រូវបានដឹកបញ្ជូនទៅរដ្ឋធានីម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក ក្រោមការយាមកាមយ៉ាងតឹងរ៉ឹងបំផុតពីកងកម្លាំងការពារជាតិ។ ក្នុងប្រតិបត្តិការកម្ចាត់មេខ្លោងធំនៃក្រុម Jalisco New Generation Cartel (ចាលីស្កូ ញូ ជេនឺរេសឹន ខាថេល) ហៅកាត់ CJNG សេតវិមានឯណោះ បានអះអាងថា សហរដ្ឋអាម៉េរិកបានផ្ដល់ការគាំទ្រផ្នែកចារកម្មយ៉ាងសំខាន់ដល់កងទ័ពម៉ិកស៊ិក ដើម្បីកម្ទេចមេខ្លោងជនជាតិម៉ិកស៊ិក រូបនេះ ដែលត្រូវបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយការផលិត និងរត់ពន្ធថ្នាំញៀនហ្វេនតានុលចូលទៅសម្លាប់ពលរដ្ឋអាម៉េរិក។ អ្នកនាំពាក្យសេតវិមាន លោកស្រី ខូរ៉ូឡាញ លីវីត (Karoline Leavitt) ក៏បានសម្ដែងការអបអរសាទរ និងអរគុណដល់កងទ័ពម៉ិកស៊ិក ចំពោះកិច្ចសហការដ៏ជោគជ័យនេះផងដែរ។

ទោះជាយ៉ាងណា ការស្លាប់របស់ El Mencho បានប្រែក្លាយប្រទេសម៉ិកស៊ិកឱ្យទៅជាសមរភូមិប្រយុទ្ធគ្នាត្រឹមតែមួយប៉ប្រិចភ្នែក ស្ទើរតែមើលទៅដូចសង្រ្គាមទៅហើយ។ ក្រុមបក្ខពួកគ្រឿងញៀនបានផ្ទុះកំហឹង និងបើកការសងសឹកយ៉ាងព្រៃផ្សៃ ដោយបានដុតបំផ្លាញរថយន្ត បិទផ្លូវហាយវេ និងដុតហាងទំនិញនៅតាមរដ្ឋនានាក្នុងប្រទេសម៉ិកស៊ិក។ សូម្បីតែតំបន់ទេសចរណ៍ដ៏ល្បីល្បាញឈ្មោះ ព្យើតូ វ៉ាល់ឡាតា (Puerto Vallarta) ក៏បានប្រែទៅជាតំបន់គ្រោះថ្នាក់ ដែលធ្វើឱ្យភ្ញៀវទេសចរមានការភ័យខ្លាចជាខ្លាំង រហូតដល់ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនដូចជា Air Canada (អ៊ែ កាណាដា) និង United Airlines (អូណាយធីត អ៊ែឡាញ) សម្រេចចិត្តផ្អាកជើងហោះហើរជាបន្ទាន់។ បច្ចុប្បន្ន ម៉ិកស៊ិកកំពុងស្ថិតក្នុងស្ថានភាពអាសន្ន ខណៈអាជ្ញាធរព្យាយាមគ្រប់គ្រងសន្តិសុខពីការបះបោររបស់ក្រុមគ្រឿងញៀន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត