
រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែវិច្ឆិកា បានចោទប្រកាន់អ៊ីរ៉ង់ពីបទប៉ុនប៉ងសម្លាប់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសម៉ិកស៊ិក តែរដ្ឋធានីអេរ៉ង់បានបដិសេធការអះអាងនេះថាជារឿងមិនពិត ខណៈរដ្ឋាភិបាលម៉ិកស៊ិកមិនបានដឹងពីបញ្ហានោះទេ។

ការប៉ុនប៉ងធ្វើឃាតដែលត្រូវបានគេចោទប្រកាន់នេះបានកើតឡើង ខណៈភាពតានតឹងបានកើនឡើងដល់កម្រិតខ្ពស់ថ្មីរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលធ្លាប់បានវាយប្រហារទឹកដីរបស់គ្នាទៅវិញទៅមក។ អ៊ីស្រាអែលបានឱ្យដឹងថា អាជ្ញាធរម៉ិកស៊ិកបានធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់ការប៉ុនប៉ងសម្លាប់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោកស្រី អ៊ីណាត ក្រានហ្ស-ណៃហ្គឺរ (Einat Kranz-Neiger)។ ក្រសួងការបរទេសអ៊ីស្រាអែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងសូមថ្លែងអំណរគុណដល់សេវាសន្តិសុខ និងអនុវត្តច្បាប់នៅក្នុងប្រទេសម៉ិកស៊ិក សម្រាប់ការរារាំងបណ្តាញភេរវករដែលដឹកនាំដោយអ៊ីរ៉ង់ ដែលបានព្យាយាមវាយប្រហារឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសម៉ិកស៊ិក។»

ប៉ុន្តែក្រសួងការបរទេសម៉ិកស៊ិក ប៉ុន្មានម៉ោងបន្ទាប់ពីការចោទប្រកាន់ បានចេញមុខបញ្ជាក់ថា ខ្លួនមិនបានទទួលព័ត៌មានអំពីឧប្បត្តិហេតុណាមួយឡើយ។ ដោយមិនបញ្ចេញឈ្មោះសហរដ្ឋអាម៉េរិក ឬអ៊ីស្រាអែល លេខាធិការដ្ឋានសន្តិសុខ និងការពារពលរដ្ឋរបស់ម៉ិកស៊ិក បានប្រកាសថា ខ្លួនបើកចំហចំពោះកិច្ចសហប្រតិបត្តិការដោយគោរព និងសម្របសម្រួល ដែលតែងតែស្ថិតនៅក្នុងក្របខ័ណ្ឌនៃអធិបតេយ្យភាពជាតិ ជាមួយភ្នាក់ងារសន្តិសុខទាំងអស់។ ស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសម៉ិកស៊ិក បានហៅហេតុការណ៍នេះថាជាការកុហកដ៏ធំមួយ ដែលមានគោលបំណងបំផ្លាញទំនាក់ទំនងមិត្តភាព និងប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ (ម៉ិកស៊ិក និងអ៊ីរ៉ង់)។

គួរបញ្ជាក់ថា កន្លងមក ម៉ិកស៊ិកស្វែងរកការមិនជ្រៀតជ្រែកក្នុងកិច្ចការអន្តរជាតិ ហើយបានប្រកាន់ជំហរប្រុងប្រយ័ត្នលើសង្គ្រាមហ្កាហ្សា ជាងប្រទេសអាម៉េរិកឡាទីនដែលដឹកនាំដោយលទ្ធិឆ្វេងនិយមដទៃទៀត។ ម៉ិកស៊ិកបានគាំទ្រការស៊ើបអង្កេតលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែល ប៉ុន្តែក៏បានរក្សាទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលផងដែរ ដែលត្រូវបានបង្កើតឡើងជាច្រើនទសវត្សរ៍មុន៕


