
រាជធានីភ្នំពេញ៖ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋបារាំង បានស្នើដល់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បង្កើតគម្រោងជួយជនភៀសសឹកជាស្ត្រី និងក្មេងស្រី ដែលកំពុងរងគ្រោះព្រោះការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា…។

ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអភិបាលកិច្ចមូលនិធិ «ហ្វ្រង់កូហ្វូនីសម្រាប់ស្ត្រី និងក្មេងស្រី» ដឹកនាំដោយ លោកស្រី Louise Mushikiwabo នៅប្រទេសបារាំង កាលពីរសៀលថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៦ លោក លុយ ដាវីត បានឱ្យដឹងថា៖«ស្ត្រីកម្ពុជាកំពុងស្ថិតក្នុងភាពងាយរងគ្រោះ នៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបណ្ដាលមកពីការឈ្លានពានរបស់ថៃ ដោយបានដាក់ទូរកុងតឺន័រ រាយបន្លាលួស និងការបំផ្លាញផ្ទះប្រជាជនស៊ីវិលដោយកងទ័ពថៃ នៅក្នុងតំបន់ដែលពួកគេចូលកាន់កាប់ ក្នុងដែនអធិបតេយ្យភាពកម្ពុជា»។ នេះបើយោងតាមការបញ្ជាក់របស់លោក លុយ ដាវីត នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន។

លោកឯកអគ្គរាជទូតបន្តថា សកម្មភាពឈ្លានពានដោយមិនញញើតច្បាប់អន្តរជាតិរបស់យោធាថៃ ធ្វើឱ្យជនភៀសសឹកកម្ពុជាជាង៦ម៉ឺននាក់ ក្នុងនោះមានស្ត្រី និងក្មេងស្រីផងដែរ មិនអាចវិលត្រឡប់ទៅលំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតវិញបាន។ ស្របពេលមានពលរដ្ឋភៀសសឹកជាច្រើន ជាពិសេសស្ត្រី បាននិងកំពុងរងគ្រោះព្រោះទង្វើឈ្លានពានរបស់យោធាថៃ ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងតតាំងជាមួយភាគីថៃ ស្របតាមច្បាប់អន្តរជាតិ ក្នុងនាមកម្ពុជា លោកឯកអគ្គរាជទូត ស្នើឱ្យអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ផ្តល់អាទិភាពលើការបង្កើតគម្រោងជួយជនភៀសសឹកជាស្ត្រី និងក្មេងស្រី ដើម្បីពង្រឹងភាពធន់ និងស្វ័យភាពសេដ្ឋកិច្ចរបស់ពួកគេ។

របាយការណ៍ក្រសួងមហាផ្ទៃ បានបង្ហាញថា គិតត្រឹមថ្ងៃទី២៣កុម្ភៈ នៅមានពលរដ្ឋកម្ពុជាជាង៦ម៉ឺន៦ពាន់នាក់ (ស្រី្តជាង៣ម៉ឺន៥ពាន់នាក់, កុមារ២ម៉ឺននាក់) មិនទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ។ មិនទាន់អាចទៅវិញបាន ក៏ព្រោះតែផ្ទះរបស់ពលរដ្ឋមួយចំនួនត្រូវបានយោធាថៃបាញ់ផ្លោង ទម្លាក់គ្រាប់បំផ្លិចបំផ្លាញក្នុងកំលុងពេលឈ្លានពានកម្ពុជា ខណៈផ្ទះពលរដ្ឋខ្លះទៀតត្រូវបានយោធាថៃ កាន់កាប់ដោយខុសច្បាប់ ក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃចូលជាធរមាន កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥៕



