សម្ដេចតេជោ ចង់ឱ្យមានការកំណត់កូតាស្ត្រី ក្នុងតំណែងជាអភិបាលរងស្រុក-ខេត្ត តិចបំផុត២នាក់
S
Soriya Sou
05 មិថុនា 2025 04:30 AM

រាជធានីភ្នំពេញ៖ ដោយមើលឃើញចំនួនស្ត្រីក្នុងតំណែងថ្នាក់ដឹកនាំ មន្រ្តីរាជការនៅមានកម្រិត សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចង់ឱ្យមានការកំណត់កូតាស្ត្រីជាថ្មី ពិសេសក្នុងតំណែងតូនាទីខាងលើឱ្យបានតិចបំផុត២រូប។ នេះបើតាមអនុសាសន៍សម្ដេចតេជោ ប្រាប់ដល់ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី...។

កិច្ចប្រជុំរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទុ្ធសភា ជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី
កិច្ចប្រជុំរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទុ្ធសភា ជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី

ក្នុងជំនួបកាលពីរសៀលថ្ងៃទី៤មិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ស្នើទៅកាន់ សម្តេចនាយករដ្ឋមន្រ្ដី ឱ្យកំណត់នូវកូតានៃអភិបាលរងក្រុង-ស្រុក-ខណ្ឌ ក៏ដូចជាអភិបាលរងរាជធានី-ខេត្ត កំណត់នូវកូតាចំនួនយ៉ាងតិចបំផុត២រូបសម្រាប់ស្ត្រី ខណៈកាលពីមុនកូតាស្ត្រី ជាអភិបាលរង មានត្រឹមតែ១រូបប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ សម្ដេចក៏បានប្រាប់ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប្រជុំពិភាក្សា ដើម្បីស្នើសុំយោបល់បន្ថែមពីសម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ជាពិសេស លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្ដីមុខងារសាធារណៈ ចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា 
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា 

សម្ដេចតេជោ មានប្រសាសន៍បន្តថា គួរតែមានការកំណត់កូតាផ្ដល់អាទិភាពដល់ការជ្រើសរើសបេក្ខភាពស្ត្រី ក្នុងចំណោម១០០ភាគរយ គួរតែផ្ដល់កូតាដល់ស្ត្រីយ៉ាងតិចបំផុត៥០ភាគរយ ក្នុងគោលដៅ ដើម្បីឱ្យស្ត្រីបានចូលរួមចំណែកក្នុងការងាររាជរដ្ឋាភិបាលឱ្យកាន់តែច្រើន។ ទន្ទឹមគ្នា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យពង្រឹងនូវអនុត្តរភាពរបស់ស្ត្រី ពោលគឺការធ្វើឱ្យស្ត្រីមានភាពខ្លាំង មានអំណាចនៅគ្រប់វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច។ មានន័យថា ឱ្យស្ត្រីកាន់តែខ្លាំងឡើងនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាការក្ដោបសេដ្ឋកិច្ចនៅក្នុងគ្រួសារខ្លួនឯង ដើម្បីឈានទៅដល់ការលើកកម្ពស់ និងធ្វើឱ្យស្ត្រីកាន់តែមានឥទ្ធិពលបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា 
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា 

សម្ដេចតេជោ បានបង្ហាញការវាយតម្លៃថា យ៉ាងយូរបំផុត២០ទៅ៣០ឆ្នាំទៀត ឥទ្ធិពលរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា នឹងកាន់តែខ្លាំងឡើងចំពោះការចូលរួមចំណែក នៅក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ និងគ្រួសារ មិនតិចជាងបុរសឡើយ៕

លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្ដីមុខងារសាធារណៈ សំណេះសំណាលជាបេក្ខជនប្រឡងចូលមន្រ្តីរាជការ 
លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្ដីមុខងារសាធារណៈ សំណេះសំណាលជាបេក្ខជនប្រឡងចូលមន្រ្តីរាជការ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត