
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ សិទ្ធិ និងសមភាពនៃការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា មានស្ថានភាពល្អប្រសើរច្រើន ប៉ុន្តែក៏នៅមានចំណុចមួយចំនួនដំណើរការមិនទាន់បានល្អ ហើយរឿងខ្លះថែមទាំងបានដើរថយក្រោយថែមទៀត។ ជាក់ស្ដែង ស្ត្រីខ្មែរមួយចំនួននៅតែរងការប្រមាថ បៀតបៀន និងមិនឱ្យតម្លៃពីជាតិសាស៍ខ្លួនឯង ទាំងបុរស និងស្ត្រីគ្នាឯង។ នេះជាការយល់ឃើញរបស់លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ប្រាប់ SBM News នៅថ្ងៃទី៧មីនា ឆ្នាំ២០២៥នេះ...។

តើហេតុអ្វីស្ត្រីខ្មែរមួយចំនួននៅតែរងអំពើហិង្សា ការប្រមាថ បៀតបៀនមិនឱ្យតម្លៃ បើទោះបីគេមានចំណេះដឹងខ្ពង់ខ្ពស់ក៏ដោយ? អ្នកស្រី អេង ចាន់ឌី បញ្ជាក់ថា មកពីផ្នត់គំនិត។ ផ្នត់គំនិតមនុស្សមួយចំនួន ពិសេសបុរស នៅតែមើលឃើញស្ត្រីជាភេទទន់ខ្សោយជាង។ បន្ថែមលើនេះ ការចាត់វិធានការ ក៏ដូចជាការអន្តរាគមន៍មិនស្មើភាពគ្នា ច្បាប់ ការគ្រប់គ្រងនៃការផ្តន្ទាទោសមិនទាន់មានភាពស៊ីជម្រៅល្អ ។ល។ ការយកប្រធានបទស្ត្រីនិយាយលើងសើចនៅកន្លែងការងារទាំងមិនដឹងខ្លួនខុស។ ដោយឡែក លោកស្រី ម៉ៅ ម៉ាប់ នាយិការអង្គការក្លាហាន បានកត់សម្គាល់ឃើញថា ស្ត្រីកម្ពុជាមកទល់ពេលនេះ មិនទាន់ទទួលសិទ្ធិបានពេញលេញនៅឡើយទេ បើទោះជាមានច្បាប់ជាតិ ច្បាប់អន្តរជាតិ និងគោលនយោបាយជាច្រើន ជាពិសេសរដ្ឋធម្មនុញ្ញ ដែលបានធានាអំពីការគោរពសិទ្ធិមនុស្ស សិទ្ធិស្ត្រីក៏ដោយ។

ស្ត្រីមួយចំនួន នៅតែទទួលរងនូវអំពើហិង្សាទាក់ទងនឹងយេនឌ័រ អំពើហិង្សាក្នុងគ្រួសារ ការបៀនបៀត ការមាក់ងាយ ជាប្រធានបទនៃការលេងសើច និងការស្តីបន្ទោសនៅពេលពួកគាត់ក្លាយជាជនរងគ្រោះនៃអំពើហិង្សា។ ហាក់មិនខុសពី លោកស្រី អេង ចាន់ឌី ទេ លោកស្រី ម៉ៅ ម៉ាប់ ថា ផ្នត់គំនិតបិតាធិបតេយ្យ, បទដ្ឋានសង្គម, បទដ្ឋានយេនឌ័រ នៅតែបន្តមានឥទ្ធិពល និងការអនុវត្តច្បាប់មានស្តង់វប្បធម៌និទ្ទណ្ឌភាពនៅតែបន្តកើតមាន ទើបធ្វើឱ្យស្ត្រីនៅតែរងការប្រមាថ មិនឱ្យតម្លៃពីសំណាក់ពលរដ្ឋមួយចំនួន ជាពិសេសបុរស។ មិនខុសគ្នាពីវាគ្មិនទាំងពីរខាងលើ លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធាននៃសហព័ន្ធសហជីពជាតិ មើលឃើញថា មកពីកត្តាចំណេះដឹង និងផ្នត់គំនិត ទើបធ្វើឱ្យមនុស្សមួយចំនួននៅតែមិនព្រមឱ្យតម្លៃលើស្ត្រី មិនថាតាមរយៈការនិយាយស្ដី ឬក៏តាមរយៈសកម្មភាពមិនគប្បីមួយចំនួនទៀត។

ប្រធាននៃសហព័ន្ធសហជីពជាតិ រូបនេះ ក៏បានបង្ហាញការមើលឃើញជុំវិញ ការផ្ដល់ជំនឿទុកចិត្តទៅលើស្ត្រីបច្ចុប្បន្ន ក៏នៅមានកម្រិតនៅឡើយទោះបីស្ត្រីរូបនោះមានចំណេះដឹងខ្ពស់ក៏ដោយ។ ជុំវិញសិទ្ធិស្ត្រីនៅក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្ន ក៏ដូចគ្នា លោកស្រីមើលឃើញថា មិនទាន់ទទួលបានការគោរពសិទ្ធិ និងឱ្យតម្លៃបានពេញលេញនោះទេ ខណៈតួនាទីស្ត្រីនៅក្នុងសង្គម ទាំងរដ្ឋ និងកន្លែងការងារផ្សេងៗ ក៏នៅមានកម្រិត។ នៅមានកម្រិត អាចព្រោះតែកត្តាចំណេះដឹង គោលជំហរនៅមានកម្រិត ខ្វះការជំរុញលើកទឹកចិត្តពិតប្រាកដ ជាដើម។ តើមានវិធីបែបណាទើបផ្នត់គំនិតរើសអើង ប្រមាថ មិនឱ្យតម្លៃលើស្ត្រីត្រូវបានលុបបំបាត់? លោកស្រី យ៉ាង សោភ័ណ្ឌ ថា ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដោយត្រូវចូលរួមលើកទឹកចិត្តស្ត្រីពិតប្រាកដ មិនមែនធ្វើតែមាត់, មានការចែករំលែកអំណាចពិតប្រាកដពីក្រុមបុរស និងចូលរួមបណ្ដុះបណ្ដាលឱ្យស្ត្រីមានតួនាទីក្នុងការសម្រេចចិត្ត មិនថានៅក្នុងគ្រួសារ និងកន្លែងការងារ។

លោកស្រី អេង ចាន់ឌី លើកឡើងដែរថា តម្លៃស្ត្រីត្រូវបានច្បាប់ជាតិ អន្តរជាតិ ធានារួចរាល់ពិតមែន ប៉ុន្តែការទទួលស្គាល់នៅមានកម្រិតមែនទែន ដូច្នេះ..ការចូលរួមរបស់បុរសក្នុងការលុបបំបាត់បញ្ហានេះ ពិតជាមានសារសំខាន់ណាស់។ ជុំវិញបញ្ហានេះដែរ លោកស្រី ម៉ៅ ម៉ាប់ នាយិការអង្គការក្លាហាន បានសំណូមពរដល់បុរសនៅគ្រប់កម្រិតរាប់ចាប់តាំងពីក្នុងគ្រួសារ រហូតដល់ថ្នាក់ដឹកនាំតាមស្ថាប័ន ចូលរួមគាំទ្រ ជំរុញ លើកទឹកចិត្ត គោរពឱ្យតម្លៃ ផ្តល់ឱកាសឱ្យស្ត្រីផ្តើមចេញពីគ្រួសារ មិនគួរមានស្ដង់ដារខុសគ្នារវាងកូនប្រុស និងកូនស្ត្រីនោះទេ។ ចំណែកស្ត្រី និងក្មេងស្ត្រី ត្រូវពង្រឹងភាពអង់អាច ពង្រឹងសមត្ថភាព ទាមទារ និងក្លាហានក្នុងការអនុវត្តសិទ្ធិរបស់យើងដែលមានតាំងពីកំណើត និងត្រូវបានការការពារដោយច្បាប់។

សូមជម្រាបថា ស្ត្រី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ខណៈការប្រមាថ មើលងាយ មិនឱ្យតម្លៃលើស្ត្រីជាច្រើនករណីកន្លងមក ក៏ត្រូវបានថ្នាក់ដឹកនាំចេញមុខ ដោះស្រាយជាបន្តបន្ទាប់។ ជាក់ស្ដែង ថ្មីៗនេះមានករណីពិធីករប្រដាល់ម្នាក់ និយាយលែបខាយពាក្យសម្ដីជាសាធារណៈលើវេទិកាប្រដាល់ ដាក់ស្ត្រីម្នាក់ដែលទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តស្ត្រីរូបនោះ និងស្ត្រីផ្សេងទៀតជាខ្លាំង។ តែយ៉ាងណា ក្រោយមានការរិះគន់ ពិធីករក្នុងកម្មវិធីប្រដាល់រូបនោះ បានចេញសារសុំទោសទៅកាន់ស្ត្រីខាងលើ ថែមទាំងត្រូវបាន លោកនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ហៅទៅណែនាំអប់រំឱ្យឈប់ប្រព្រឹត្តទង្វើខុសឆ្គងនេះទៀត៕





