
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗ មានបញ្ហាពាក់ព័ន្ធនឹងការប្រើពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ក្នុងពិធីបុកល័ក្តមួយដែលបង្កឱ្យមានការប៉ះពាល់ដល់ទំនៀមទម្លាប់សាសនាអ៊ិស្លាម សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅអ្នកសិល្បៈទាំងអស់ឱ្យចាំទុក អ៊ិស្លាមសាសនិកទូទាំងពិភពលោក គោរពព្រះអល់ឡោះខ្លាំងណាស់ មិនអាចសម្ដែងប៉ះពាល់បានទេ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះ ធ្វើឡើងក្នុងការបញ្ចេញមតិលើសំណេរដែលសម្តេចបានបង្ហោះ នាថ្ងៃព្រឹកថ្ងៃអង្គារទី២៤កុម្ភៈ ឆ្នាំ២០២៦ ពាក់ព័ន្ធការសម្ដែងរបស់ខ្មែរអ៊ិស្លាមក្នុងពិធីបុកល័ក្ត។ សម្តេចមានប្រសាសន៍ថា ខ្មែរអ៊ិស្លាមមិនបានជំទាស់នឹងការសំដែងដែលមានតួសំដែងជាបងប្អូនខ្មែរអ៊ិស្លាមនោះទេ ប៉ុន្តែបងប្អូនខ្មែរអ៊ិស្លាមមិនសប្បាយចិត្ត គឺពាក្យពេចន៍ និងឥរិយាបទសំដែងខ្លះ ខ្វះការគោរពចំពោះព្រះរបស់បងប្អូនខ្មែរអ៊ិស្លាម ទើបធ្វើឱ្យមានប្រតិកម្ម។ សម្តេចសង្កត់ធ្ងន់ថា៖«រឿងនេះសូមបងប្អូនគ្រប់ក្រុមសំដែងត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញទាំងកាយវិការ ទាំងពាក្យសម្តីនិយាយ។ បងប្អូនឥស្លាមទូទាំងពិភពលោកគោរពខ្លាំងណាស់នូវព្រះអល់ឡោះ ដូចនេះ មិនអាចសំដែងប៉ះពាល់បានទេ»។

សម្តេចចាត់ទុកបញ្ហាខាងលើ ចាប់ផ្តើមចេញពីការមិនយល់ពីតួអង្គសំដែង ឬក្រុមសំដែងដែលទាមទារនូវការកែតម្រូវជាបន្ទាន់ ទាំងពាក្យសម្តី ទាំងកាយវិការសម្រាប់ការសំដែង ជៀសវាងឱ្យខាងតែបាននូវពាក្យពេចន៍ ឬកាយវិការខ្វះការគោរពចំពោះ បងប្អូនអ៊ិស្លាម។ សម្តេចសូមឱ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនានៅកម្ពុជា បន្តរីកចម្រើនតទៅមុខទៀត។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣កន្លងទៅ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ក៏បានអំពាវនាវដល់គ្រប់អ្នកសិល្បៈ និងអ្នករៀបចំពិធី ព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបានការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើមដែរ។ មួយវិញទៀត ក្រសួងថែមទាំង ស្នើឱ្យមានការប្រុងប្រយ័ត្នជាមួយការប្រើប្រាស់ពាក្យសម្តី កាយវិការ និងសម្លៀកបំពាក់ទាំងហ្លាយ ដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា៕




