
ក្រុងក្រចេះ៖ បុរសម្នាក់បាត់ជីវិតកំលុងពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីសមត្ថកិច្ចបាញ់ប្រហារ កំលុងពេលបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដោយអះអាងថា ជាបក្ខពួកក្រុមឧក្រិដ្ឋជន ស្ថិតនៅភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២៦ ពេលនេះ ក្រុមគ្រួសារជនរងគ្រោះអំពាវនាវឱ្យបើកការស៊ើបអង្កេតឡើងវិញ ដ្បិតជនរងគ្រោះជាមនុស្សស្អាតស្អំ...។

តាមរយៈកិច្ចសម្ភាសជាមួយភ្នាក់ងារអង្គភាពសារព័ត៌មាន SBM News នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកស្រី ថា រក្សា ប្អូនស្រីជនរងគ្រោះឈ្មោះ ថា មករា បានរៀបរាប់ថា ជារឿយៗ ជនរងគ្រោះ តែងមកលេងផ្ទះតាយាយនៅទីតាំងកើតហេតុ ប៉ុន្តែថ្ងៃនេះ ស្រាប់តែមានប៉ូលិសមួយក្រុមប្រដាប់ដោយអាវុធ ចុះពីលើរថយន្តដេញតាមចាប់មនុស្សមួយក្រុម ហើយក្នុងចំណោមនោះ ក៏មានជនរងគ្រោះម្នាក់ផងដែរ ត្រូវបានសមត្ថកិច្ចស្រែកថា ឡោមព័ទ្ធវាហើយ បាញ់ឱ្យងាប់! ភ្លាមនោះ ស្នូរកាំភ្លើងក៏ផ្ទុះឡើងចំនួនមួយគ្រាប់ បាញ់ត្រូវចំដើមទ្រូងបុរសរងគ្រោះដេកដួលទៅលើដី រួចអ្នកភូមិបានឱ្យសមត្ថកិច្ចដឹកជនរងគ្រោះតាមរថយន្តបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យ។

លោកស្រី ថា រក្សា បន្តថា កំលុងពេលបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ អ្នកស្រី បានស្ទាបហោប៉ៅបងប្រុសដើម្បីយកសម្ភារមានតម្លៃចេញ គឺឃើញមានតែទូរសព្ទ និងលុយមួយចំនួនប៉ុណ្ណោះ ហើយអ្នកស្រីក៏បានទៅជួបពេទ្យដើម្បីផ្តិតមេដៃអនុញ្ញាតឱ្យពេទ្យវះកាត់បន្ទាន់។ ពេលអ្នកស្រីមកវិញ ក៏យំឱបបងប្រុសហើយប៉ះហោប៉ៅខោបងប្រុសជាថ្មី ព្រោះមានសំឡេងថង់ឮស្រោកៗនៅខាងក្នុង អ្នកស្រីក៏ទាញមក ឃើញមានសុទ្ធតែគ្រឿងញៀនតែម្ដង។ ភ្លាមៗ ក៏មានសមត្ថកិច្ចដើរមកបញ្ជាឱ្យអ្នកស្រីទុកនៅនឹងជនរងគ្រោះ ដោយពុំឱ្យយកចេញទេ។ ជុំវិញករណីខាងលើ អ្នកស្រី និងគ្រួសារជនរងគ្រោះឈ្មោះ ថា មករា អះអាងថា សាច់ញាតិខ្លួនជាមនុស្សស្អាតស្អំ មិនដែលមានប្រវត្តិប្រព្រឹត្តបទល្មើសអ្វីឡើយ និងសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាបើកការស៊ើបអង្កេតឡើងវិញ និងរកយុត្តិធម៌ដល់មនុស្សដែលបានបាត់បង់ជីវិតផង។

ទោះជាយ៉ាងណាក៏ដោយ នៅរសៀលថ្ងៃដដែល តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានគូសបញ្ជាក់ថា កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាក្រុមជួញដូរគ្រឿងញៀនដ៏សកម្ម និងមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗចំនួន១០ដីកា។ កំលុងពេលឆ្មក់ក្រសោបបង្ក្រាបឧក្រិដ្ឋជន បុគ្គលឈ្មោះ ថា មករា បានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ដងខ្លីនៅហ្នឹងដៃ ក្នុងគោលបំណងរារាំងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ដើម្បីឱ្យបក្ខពួកធ្វើការរត់គេចខ្លួន ចេញទៅខាងក្រោយផ្ទះ ទើបសមត្ថកិច្ចប្រើប្រាស់សិទ្ធិការការពារខ្លួន រហូតផ្ទុះអាវុធមួយគ្រាប់ បណ្ដាលឱ្យបាត់បង់ជីវិត ពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ ព្រមទាំងរកឃើញម្សៅក្រាមពណ៌-សសង្ស័យជាគ្រឿងញៀនចំនួន០៤កញ្ចប់ នៅក្នុងហោប៉ៅខោជនសង្ស័យ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានធ្វើការតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យម្នាក់វិញ និងម្នាក់ទៀតបាននិងកំពុងរត់គេចខ្លួន៕





