នៅឯប្រទេសស្វីស មេដឹកនាំកម្ពុជា បន្តជួបឥស្សរជនអន្តរជាតិនានាពិភាក្សាការងារ និងបញ្ហាព្រំដែនជាមួយថៃ
អុន សម្ផស្ស
2 ម៉ោងមុន

ប្រទេសស្វីស៖ ស្របពេលប្រទេស កំពុងរងគ្រោះព្រោះសង្គ្រាមថៃឈ្លានពានរំលោភចូលកាន់កាប់ព័ទ្ធយកទឹកដី និងលំនៅឋានពលរដ្ឋច្រើនគ្រួសារ តាមបណ្តោយព្រំដែន មេដឹកនាំកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់ជាមួយឥស្សរជនអន្តរជាតិនានា កាលពីថ្ងៃចន្ទទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦...។

ទំព័រហ្វេសប៊ុករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគេហទំព័រអគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញផ្សាយពីជំនួបទ្វេភាគី រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក អេនថូនីញ៉ូ ហ្គូតេរ៉ែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាង UN និងកម្ពុជា រួមទាំងបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្នុងជំនួប លោក អេនថូនីញ៉ូ ហ្គូតេរ៉ែស បានស្វាគមន៍បទឈប់បាញ់ និងបង្ហាញការមើលឃើញថា បទឈប់បាញ់ដែលកម្ពុជា-ថៃ បានព្រមព្រៀងគ្នាក្នុងខែធ្នូ ឆ្នាំ២០២៥ កំពុងដំណើរការ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ថែមទាំងលើកទឹកចិត្តកម្ពុជា-ថៃ ឱ្យបន្តសន្ទនាគ្នា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាតាមសន្តិវិធី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក អេនថូនីញ៉ូ ហ្គូតេរ៉ែស(Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក អេនថូនីញ៉ូ ហ្គូតេរ៉ែស(Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។

ក្នុងថ្ងៃដដែល សម្តេចធិបតី បន្តជួបលោកស្រី អាណាលេណា ប៊ែបុក (Annalena Baerbock) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនោះ ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីការរួមចំណែកជាច្រើនរបស់កម្ពុជា សម្រាប់អង្គការសហប្រជាជាតិ និងសារសំខាន់នៃកិច្ចសន្ទនាឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះ រវាងរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ។ នេះបើតាមការបង្ហោះរបស់លោកស្រី អាណាលេណា ប៊ែបុក នៅលើបណ្តាញទំនាក់ទំនង(X)ផ្ទាល់ខ្លួន។   

សម្តេចធិបតី បន្តជួបលោកស្រី Annalena Baerbock ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៨០
សម្តេចធិបតី បន្តជួបលោកស្រី Annalena Baerbock ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៨០

ក្រៅតែពីជួបជាមួយឥស្សរជនទាំងពីរខាងលើ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយ លោក វ៉ុលកឺ ថឺក (Volker Türk) ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងលោក ហ្ស៊ីល កាបូន្យេ (Gilles Carbonnier) អនុប្រធានគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ ក្នុងជំនួបពីរដាច់ពីគ្នាទៀត ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និង លោក វ៉ុលកឺ ថឺក(Volker Türk) ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និង លោក វ៉ុលកឺ ថឺក(Volker Türk) ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។

សូមជម្រាបថា មេដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ចាកចេញពីប្រទេសកាលពីថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០២៦ ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ក្រោយបញ្ចប់កិច្ចប្រជុំ និងជំនួបនានានៅវ៉ាស៊ីនតោន សម្តេចនាយករដ្ឋមន្ត្រី ក៏បានបន្តទស្សនកិច្ចការងារនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ តាមការគ្រោងទុក ទស្សនកិច្ចនេះ និងធ្វើឡើងរហូតដល់ថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៦៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ហ្ស៊ីល កាបូន្យេ (Gilles Carbonnier) អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ហ្ស៊ីល កាបូន្យេ (Gilles Carbonnier) អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត