
រាជធានីភ្នំពេញ៖ ស្បែកមុខពិតប្រាកដរបស់ថៃត្រូវបានបកអាក្រាតនៅលើឆាកអន្តរជាតិម្ដងហើយម្ដងទៀត ដោយពេលនេះ សារព័ត៌មានដ៏ល្បីរបស់អាម៉េរិក The Diplomat បានទម្លាយនូវល្បែងនយោបាយដ៏ស្មោគគ្រោករបស់ភាគីថៃ ដែលបានប្រើប្រាស់សង្គ្រាមឈ្លានពានព្រំដែនកម្ពុជាជាវាំងននខ្មៅបិទបាំងវិបត្តិនយោបាយដ៏ចម្រូងចម្រាស់របស់ខ្លួន។ ការលាតត្រដាងនេះបានបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់ថា ថៃបានយកជម្លោះព្រំដែនជាមួយកម្ពុជា ធ្វើជាឧបករណ៍នយោបាយយ៉ាងអមនុស្សធម៌ ដើម្បីតែអំណាច និងល្បែងទុច្ចរិតរបស់ក្រុមអ្នកនយោបាយថៃ។

តាមរយៈការចុះផ្សាយរបស់ខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ សារព័ត៌មាន The Diplomat បានទម្លាយនូវរឿងអាស្រូវនយោបាយដ៏រង្គោះរង្គើ ជុំវិញខ្សែអាត់សំឡេងដែលបានបែកធ្លាយ។ នាខែមិថុនា ឆ្នាំ២០២៥ សំឡេងសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី ផែថងថាន ឈិនៈវ័ត (កាលនៅធ្វើជានាយករដ្ឋមន្រ្តីថៃ) បានបែកធ្លាយជាសាធារណៈ។ នាពេលពេលនោះ ចំណងមិត្តភាព និងអំណាចគឺជាជម្រើសដ៏ស្មុគស្មាញរបស់លោកស្រី ផែថងថាន។ ម្ល៉ោះហើយ លោកស្រី ផែថងថាន បានប្រើយុទ្ធសាស្ត្រខ្លួនមួយក្បាលពីរ ដោយយុទ្ធសាស្ត្រមួយ លោកស្រីបានសម្ដែងធ្វើជាអង្វរ-ក លន់តួជាមួយប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយនឹងការសន្យាថា នឹងថែរក្សាអ្វីៗគ្រប់យ៉ាងជាមួយសម្តេច ដោយហ៊ានរិះគន់ សូម្បីតែមេទ័ពថៃខ្លួនឯង។ ចំណែក យុទ្ធសាស្ត្រមួយទៀត គឺ លោកស្រីទៅកៀកកិតជាមួយក្រុមអភិរក្ស និងរបបយោធាជាថ្នូរនឹងអំណាច។ ប៉ុន្តែគ្រប់យ៉ាងត្រូវរលាយខ្សុល ដោយសារតែសារសំឡេងសន្ទនារបស់លោកស្រី ជាមួយសម្តេចតេជោ ត្រូវបានបែកធ្លាយ។

ក្រុមអភិរក្សនិយម ក្រុមជាតិនិយម និងយោធាថៃបានប្រើសំឡេងបែកធ្លាយនេះ ដើម្បីវាយប្រហារលើលោកស្រី ផែថងថាន ឱ្យខ្ទាតចេញពីតំណែង។ ជាលទ្ធផល មេដឹកនាំគណបក្សភូមិចៃថៃ ដែលជិតស្និទ្ធនឹងរបបយោធានិយម និងខ្សែរាជវង្ស គឺលោក អនុទីន ឆានវីរគុល បានឡើងកាន់ណែង ធ្វើឱ្យជម្លោះព្រំដែនផ្ទុះឡើងកាន់តែខ្លាំងជាងមុន ក្នុងស្រមោលនៃការបិទបាំងនយោបាយដ៏ចម្រូងចម្រាស់របស់ខ្លួននៅក្នុងប្រទេស។ ពិភពលោក បានឃើញភាគីថៃ បានប្រើសង្គ្រាមឈ្លានពាន ធ្វើជាជាឧបករណ៍នយោបាយរបស់ខ្លួន ដើម្បីជំរុញក្រុមជាតិនិយម និងម្បាមយកប្រជាប្រិយភាពក្នុងការបោះឆ្នោត។

ទីបំផុត លោក អនុទីន សម្រេចរំលាយសភា និងរៀបចំការបោះឆ្នោតឡើងវិញ។ ជាលទ្ធផល គណបក្សភូមិចៃថៃរបស់លោកបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។ នេះជាភស្តុតាងយ៉ាងច្បាស់លាស់ថា ថៃពិតជាបានប្រើសង្គ្រាមព្រំដែន ដើម្បីបិទបាំងល្បែងនយោបាយដ៏ច្របូកច្របល់របស់ខ្លួនយ៉ាងពិតប្រាកដ។ សូមជម្រាបថា កម្ពុជាតែងតែស្វែងរកសន្តិភាព និងដំណោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ប៉ុន្តែថៃបានជ្រើសផ្លូវនៃការបង្កហេតុ ការបំផ្លើសបំភ្លៃការពិត និងការប្រើប្រាស់ជម្លោះជាមួយកម្ពុជាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ការចុះផ្សាយដោយសារព័ត៌មាន The Diplomat គឺជាទឡ្ហីករណ៍យ៉ាងប្រត្យក្សបង្ហាញថា ភាគីថៃគឺជាអ្នកទទួលខុសត្រូវទាំងស្រុងក្នុងភាពចលាចល និងសង្គ្រាមនៅព្រំដែនជាមួយរដ្ឋកម្សត់កម្ពុជា ទន្ទឹមនឹងកិត្តិសព្ទដ៏ស្អុយរលួយរបស់របបបាងកក កំពុងចាប់ផ្តើមភាយក្លិនបណ្តើរៗ នៅលើឆាកអន្តរជាតិ៕




