
ឈៀងម៉ៃ៖ ព្យុះរដូវក្ដៅដ៏សាហាវ បានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើស្រុកចំនួន៤ ក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ រយៈពេល២ថ្ងៃជាប់ៗគ្នា នៅចុងសប្តាហ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំងដល់ពលរដ្ឋ។ នេះបើតាមកាសែតថៃ The Nation ចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ។

តាមសេចក្តីរាយការណ៍ កម្លាំងខ្យល់កន្ត្រាក់រួមជាមួយភ្លៀងធ្លាក់ បានលុកលុយចូលស្រុក Chom Thong, Doi Lo, Phrao និង Mae Wang បណ្ដាលឱ្យផ្ទះសម្បែងប្រមាណ៤៧០ខ្នង ត្រូវរបើកដំបូលខ្ទេចខ្ទី ដើមឈើរលំដួលរាំងផ្លូវ បង្គោលភ្លើងបាក់រាបដល់ដី ខ្យល់កន្ត្រាក់បោកបក់ចំវត្តអារាម យានយន្តមួយចំនួន ត្រូវខូចខាត ។ល។ អ្វីដែលគួរឱ្យតក់ស្លុតបំផុតនោះគឺ វីដេអូពីហាងអាហារមួយកន្លែង បានបង្ហាញឱ្យឃើញខ្យល់បក់បោកយ៉ាងសាហាវរហូតបំបែកកញ្ចក់ហាង បណ្ដាលឱ្យកម្ទេចកញ្ចក់ខ្ទាតត្រូវអតិថិជនដែលកំពុងទទួលទានអាហារ និងបង្កឱ្យរងរបួសស្រាលជាច្រើននាក់ ខណៈតុកៅអីត្រូវបានខ្យល់បក់ខ្ចាត់ខ្ចាយពេញហាង។

នៅស្រុក Mae Wang ឯណោះវិញ ក៏រងគ្រោះធម្មជាតិសាហាវដែរ ដោយមានធ្លាក់ព្រឹលគ្រាប់ បុកស្រោចមកលើដំបូលផ្ទះពលរដ្ឋ បង្កឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ និងដំណាំកសិកម្មផងដែរ។ បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានកំពុងចុះជួយសង្គ្រោះបឋម ដោយចែកក្បឿង និងស័ង្កសីជូនពលរដ្ឋដើម្បីជួសជុលជម្រកវិញ ប៉ុន្តែអ្វីដែលគួរឱ្យបារម្ភនោះគឺ នាយកដ្ឋានឧតុនិយមបានព្រមានថា គ្រោះមហន្តរាយនេះអាចនឹងមិនទាន់បញ្ចប់ត្រឹមនេះឡើយ។ អាជ្ញាធរថៃ ប្រាប់ពលរដ្ឋខ្លួននៅភាគខាងជើងប្រទេស ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចាប់ពីថ្ងៃទី២៣ ដល់២៥ ខែកុម្ភៈ ព្រោះព្យុះរដូវក្ដៅវគ្គថ្មីអាចនឹងមកអុកឡុកម្ដងទៀត៕




