ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា សំណល់ជាតិផ្ទុះបន្សល់ពីសង្គ្រាមថៃឈ្លានពាន ជាបន្ទុកដ៏ធ្ងន់បន្ថែមទៀតសម្រាប់កម្ពុជា
អុន សម្ផស្ស
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ចាត់ទុកសង្គ្រាមថៃឈ្លានពាន កាលពីចុងឆ្នាំ២០២៥ ថាជាបន្ទុកដ៏ធ្ងន់បន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការបោសសម្អាតសំណល់ជាតិផ្ទុះ។ សង្គ្រាមថៃឈ្លានពាននេះ បានបន្សល់ទុកយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗរាយប៉ាយតាមតំបន់នានាក្នុងដីកម្ពុជា ទោះការប្រយុទ្ធគ្នាត្រូវបានផ្អាក...។

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា 
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា 

តាមរយៈព្រះរាជសារក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីនចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជា ទ្រង់រំឭកថា កម្ពុជាបានឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ ហើយនៅលើផ្ទៃប្រទេសមានបន្សល់ទុកគ្រាប់មីន សំណល់ជាតិផ្ទះយ៉ាងច្រើនសន្ធឹកសន្ធាប់។ ព្រះមហាបពិត្រ ទ្រង់មានព្រះរាជបន្ទូលថា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្ទេចខ្ទី បណ្ដាលឱ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិនឹងធ្វើឱ្យប្រជារាស្ត្រកម្ពុជារាប់ម៉ឺននាក់ត្រូវរងរបួសធ្លាក់ខ្លួនពិការ និងបានបាត់បង់ជីវិត ព្រមទាំងបានបង្កជាសោកនាដកម្មដ៏ឈឺចាប់ ដែលមិនអាចបំភ្លេចបាន រហូតមកដល់បច្ចុប្បន្ន។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់មានព្រះរាជបន្ទូលបន្តថា ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាទើបបានរងការវាយប្រហារដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះចម្បាំងពីទាហានថៃ។ ព្រះអង្គ ទ្រង់មានរាជឱង្ការទៀតថា មានគ្រាប់បែក គ្រាប់រំសេវ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗនៅរាយប៉ាយតាមភូមិរបស់ប្រជាជនកម្ពុជា បង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបោសសម្អាតបន្ថែមទៀត។ ទោះជាយ៉ាងណា ព្រះបរមរាជា ទ្រង់ទតឃើញថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបង្កើនសកម្មភាពយុទ្ធនាការបោសសម្អាតគ្រាប់មីន ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការជាតិ-អន្តរជាតិ ដើម្បីរំដោះដីស្រែ-ចម្ការ ជូនប្រជាកសិករនៅទូទាំងប្រទេស។ ព្រះមហារាជ ទ្រង់ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការដឹកនាំរៀបចំប្រតិបត្តិការបោសសម្អាតគ្រាប់មីន បោសសម្អាតចម្ការមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះដល់ជនរងគ្រោះដោយសារមីននៅកម្ពុជា។

ព្រះករុណា ទ្រង់ក៏ថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (ស៊ីម៉ាក់) ផងដែរ ដែលបានរួបរួមគ្នាបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជួយផ្សព្វផ្សាយអប់រំប្រជាជនឱ្យយល់ដឹងអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីន ព្រមទាំងយកចិត្តទុកដាក់ជួយជនរងគ្រោះដោយសារគ្រាប់មីន ឱ្យមានលទ្ធភាពរស់នៅសមរម្យក្នុងសង្គមជាតិ។ ជាមួយគ្នានេះ ព្រះអង្គ ទ្រង់អំពាវនាវដល់បណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងសប្បុរសជនជាតិ-អន្តរជាតិ មេត្តាបន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រលើសកម្មភាពបោស សម្អាតមីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីននៅកម្ពុជា។

គួរជម្រាបថា ទិវាជាតិយល់ដឹងអំពីមីនក្នុងឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤កុម្ភៈ ក្រោមប្រធានបទ«ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព»។ ទិវានេះ ប្រារព្ធឡើង ដើម្បីរំលឹកដល់ប្រជាជនគ្រប់រូបឱ្យយល់ដឹងកាន់តែច្បាស់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត