
ខេត្តតាកែវ៖ យុវជនម្នាក់ ត្រូវពលរដ្ឋមួយចំនួន និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ វាយរហូតដល់ស្លាប់ ដោយរងការចោទប្រកាន់ថា ប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈគ្រួសារសពហាក់មិនអស់ចិត្ត និងអំពាវនាវឱ្យថ្នាក់លើជួយរកយុត្តិធម៌...។

ក្នុងកិច្ចសម្ភាសតាមទូរសព្ទជាមួយអង្គភាពសារព័ត៌មាន SBM News នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ លោកស្រី លឹម ដែន ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ លឹម ព្រុំ អាយុ២១ឆ្នាំ បានរៀបរាប់ថា ប្អូនប្រុសរបស់ខ្លួនបានបាត់ដំណឹងពីផ្ទះបីបួនថ្ងៃមកហើយ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែទទួលបានដំណឹងថា ប្អូនប្រុស ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ហើយត្រូវបានអ្នកភូមិមួយចំនួន ព្រួតវាយ និងចាប់ចងដៃជើងបញ្ជូនទៅប៉ុស្ដិ៍នគរបាលឃុំព្រះបាទជាន់ជុំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ លោកស្រីបន្តថា ពេលបញ្ជូនទៅដល់ស្នាក់ការប៉ូលិស ពលរដ្ឋក្បែរនោះបានឮសំឡេងវាយដំប្អូនប្រុសរបស់លោកស្រីថែមទៀត ដែលបង្កឱ្យមានរបួសស្នាមជាំពេញខ្លួន ហើយក៏ស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនដល់ផ្ទះវិញ។

លោកស្រី លឹម ដែន យកការអះះអាងរបស់កម្លាំងជំនាញមកប្រាប់អង្គភាពយើងខ្ញុំថា ការស្លាប់របស់ប្អូនរបស់លោកស្រី គឺបណ្ដាលពីរត់ដួល និងត្រូវអ្នកភូមិមួយចំនួនព្រួតវាយ ប៉ុន្តែលោកស្រីជាសាច់ញាតិ ហាក់មិនអស់ចិត្តចំពោះការអះអាងនេះឡើយ។ លោកស្រីនិយាយថា ប្អូនប្រុសខ្លួន គឺជាមនុស្សស្លូតបូត មិនដែលបង្កបញ្ហាអ្វីនោះទេ។ទាក់ទិនបញ្ហាទាំងអស់នេះ លោក វុី សំណាង អភិបាលខេត្តតាកែវបាន ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធតេលេក្រាមថា លោកទទួលបានដំណឹងនេះហើយ ព្រមទាំងចាត់វិធានការឱ្យសើបអង្កេត ដើម្បីផ្ដល់យុត្តិធម៌គ្រប់អ្នកពាក់ព័ន្ធទាំងអស់។ ជាមួយគ្នា SBM News បានបន្តព្យាយាមសុំការបំភ្លឺពីលោក សៅ សារុន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ តែលោកសុំពេលបន្តិច ដើម្បីសួរទៅកាន់សមត្ថកិច្ចជំនាញសិន៕





