
ខេត្តសៀមរាប៖ ការជួសជុលផែ ឬកំពង់ទឹកបុរាណ នៃបារាយណ៍ខាងកើត នឹងត្រូវចំណាយពេល៦ខែ ដើម្បីធ្វើឱ្យរឹងមាំឡើងវិញ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៣កុម្ភៈ។

កញ្ញា ដយ ពេជ្រជឺរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរា បានលើកទ្បើងថា បារាយណ៍ខាងកើត មានចំនួន២ថ្នាក់ រួមមាន៖ ថ្នាក់ទី១សាងសង់ពីថ្មបាយក្រៀម និងថ្នាក់ទី២សាងសង់ពីថ្មភក់ មានបណ្តោយប្រវែង៥០ម៉ែត្រ និងទទឹងប្រវែង៤០ម៉ែត្រ។ ដំណាក់កាលទី១ គឺជួសជុលនៅថ្នាក់ទី១ មានបណ្តោយប្រវែង១២ម៉ែត្រ និងទទឹងប្រវែង៩ម៉ែត្រ។ ចំពោះរចនាសម្ព័ន្ធខឿនដែលមានការខូចខាតធ្ងន់ធ្ងរ ក្រុមការងារសិក្សារកកម្ពស់ដើម ហើយជំនួសថ្មបាយក្រៀមថ្មីមួយចំនួននៅផ្នែកពុកផុយ ឬបាត់បង់ ដើម្បីពង្រឹងរចនាសម្ព័ន្ធកំពង់ទឹកនេះឱ្យបានរឹងមាំឡើងវិញ។

ជាមួយគ្នា លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា គម្រោងកំពង់ទឹកបុរាណនេះ ជាផ្នែកមួយនៃគម្រោងរួមរបស់អាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលរចនាសម្ព័ន្ធសំណង់បុរាណនៅតាមបណ្តោយផ្លូវចេញពីខ្លោងទ្វារជ័យនៃអតីតរាជធានីអង្គរធំ។ មុនឈានដល់ការជួសជុល ក្រុមការងារបុរាណវិទ្យា បានធ្វើកំណាយស្រាវជ្រាវពីរចនាសម្ព័ន្ធ និងសិក្សាពីស្ថានភាពនៃការខូចខាត ដើម្បីវាយតម្លៃនៃវិធីសាស្ដ្រជួសជុល។ សូមជម្រាបថា បារាយណ៍ខាងកើត កសាងឡើងក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទមេបុណ្យខាងកើត ត្រូវបានកសាងឡើងនៅកណ្ដាលបារាយណ៍នេះ៕






