
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់គ្រប់អ្នកសិល្បៈ ឬម្ចាស់កម្មវិធីនានា ឱ្យចៀសវាងធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្តីណាដែលប៉ះពាល់ដល់សាសនា និងប្រាសចាកពីទំនៀមទម្លាប់ខ្មែរ។ នេះបើតាម សេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ធ្វើឡើងនាថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៦។

ការស្នើរបស់ក្រសួងវប្បធម៌ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញនាពេលថ្មីៗនេះ មានបញ្ហាពាក់ព័ន្ធនឹងសកម្មភាពមួយចំនួន ក្នុងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរ ជាពិសេសសកម្មភាពក្នុងពិធីបុកល័ក្ត ដោយមានការប្រើពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផង និងដល់ទំនៀមទម្លាប់សាសនាអ៊ិស្លាមផង។ ក្រសួងគូសបញ្ជាក់ ពិធីបុកល័ក្ខ ជាផ្នែកមួយដ៏សំខាន់នៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ឬត្រូវបានស្គាល់ថាជាពិធី «ធ្វើធ្មេញ ឬធ្វើធ្មេញបំពេញល័ក្ត ឬបុកល័ក្ត» ឬតំបន់ខ្លះហៅថា «ធ្វើធ្មេញលេញល័ក្ត ឬកោសធ្មេញ» ក៏មាន។ ពិធីនេះជាទំនៀមទម្លាប់ តាមតំបន់ ឬប្រារព្ធតាមលទ្ធភាពសាមីពិធី ក្នុងន័យជានិមិត្តរូបបំពេញកិច្ចឱ្យកូនប្រុសកូនស្រី ត្រូវទទួលនូវពាក្យផ្អែម ល្វីង ជូរ ចត់ ហឹរ ប្រៃ ក្នុងជីវិតប្ដីប្រពន្ធ ឧបមាដូចទៅនឹងរសជាតិវត្ថុជាថ្នាំផ្សេងៗផ្សំមកប្រើធ្វើធ្មេញក្នុងពិធីបុកល័ក្ត។

ជាមួយគ្នានោះ ក្រសួងសង្កត់ធ្ងន់ថា៖«តាមទំនៀមទម្លាប់ ក្នុងពិធីបុកល័ក្តតែងមានការចូលរួមពីបងប្អូនញាតិមិត្ត ដោយមិនប្រកាន់ពណ៌សម្បុរ ឬសាសនានោះឡើយ។ នៅតំបន់ខ្លះ តែងធ្វើពិធីនេះដោយមានការសម្ដែងវែងឆ្ងាយពីដំណើរទៅរកល័ក្ត និងគ្រឿងថ្នាំ ដោយឆ្លងទឹក ឆ្លងអូរ កាត់ព្រៃភ្នំ ហើយជួបប្រទះដោយសត្វតូចធំនានាជាឧបសគ្គ»។ រីឯការសម្ដែងជាសិល្បៈ ភាគច្រើន គឺពាក់ព័ន្ធនឹងសកម្មភាពនៃដំណើររកល័ក្តដោយជួបជាតិសាសន៍ផ្សេងៗ ដូចជាចិន ចម្ប៉ា ជនជាតិដើមភាគតិច ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្តែង ពិធីនេះអាចប្រែប្រួលតាមទម្រង់ផ្សេងៗទៅតាមតំបន់ ឬទៅតាមលទ្ធភាពនានា។

ដើម្បីចូលរួមរក្សាតម្លៃ ជំនឿសាសនា និងរបៀបរបបប្រពៃណីរបស់អាពាហ៍ពិពាហ៍ខ្មែរ ក្រសួងវប្បធម៌ អំពាវនាវដល់គ្រប់អ្នកសិល្បៈ និងអ្នករៀបចំពិធី ព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបានការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម។ ទន្ទឹមនឹងនោះ ក្រសួងក៏ស្នើឱ្យមានការប្រុងប្រយ័ត្នជាមួយការប្រើប្រាស់់ពាក្យសម្តី កាយវិការ និងសម្លៀកបំពាក់ ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា៕



