សំណល់ជាតិផ្ទុះលើដីកម្ពុជាបន្សល់ពីយោធាឈ្លានពានថៃ ធ្វើឱ្យមានការគំរាមកំហែងកាន់តែធំធេង
S
Soriya Sou
23 កុម្ភៈ 2026 12:00 PM

រាជធានីភ្នំពេញ៖ កម្ពុជានៅតែរងការគំរាមកំហែងធំធេង ដោយសារមីន និងសំណល់យុទ្ធភណ្ឌ ព្រោះក្រៅពីសង្រ្គាមក្នុងអតីតកាល កម្ពុជាបានជួបនូវរឿងអកុសលជាថ្មី នៅឆ្នាំ២០២៥ ដោយយោធាថៃបង្កសង្គ្រាម រំលោភបំពានអធិបតេយ្យភាព ទម្លាក់គ្រាប់បែកចង្កោម គ្រាប់ផ្លោង បំផ្លាញលំនៅឋាន ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ហើយក្រោយផ្អាកសង្គ្រាម ក៏បន្សល់ទុកគ្រាប់យុទ្ធភណ្ឌលើតំបន់ជាច្រើនក្នុងដីកម្ពុជា...។ 

តាមរយៈលិខិតក្នុងឱកាសខួបលើកទី២៧នៃទិវាជាតិយល់ដឹងអំពីមីន ដែលនឹងមកដល់នៅថ្ងៃ២៤កុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រយៈពេល៣៣ឆ្នាំ គិតពីឆ្នាំ១៩៩២-២០២៥ ផ្ទៃដីកម្ពុជាទំហំ៣៥៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកប្រើប្រាស់ និងបង្កបង្កើនផល ខណៈមីនប្រឆាំងមនុស្សជាង១លាន២០ម៉ឺនគ្រាប់ មីនប្រឆាំងរថក្រោះជាង២ម៉ឺន៦ពាន់គ្រាប់ និងសំណល់ជាតិផ្ទុះជាង៣លាន២៤ម៉ឺនគ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។ ចំណែកជនរងគ្រោះដោយសារគ្រាប់យុទ្ធភណ្ឌសល់ពីសង្គ្រាម បានថយចុះពី៤៣២០នាក់ក្នុងឆ្នាំ១៩៩៦ មកត្រឹម៣៩នាក់ក្នុងឆ្នាំ២០២៥។ «យ៉ាងណាក៏ដោយ ផ្ទៃដីរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនគីឡូម៉ែត្រការ៉េទៀតដែលមិនទាន់បានបោសសម្អាតរួច និងផ្ទៃដីដែលសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់មិនទាន់ផ្ទុះបន្សល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលត្រូវស្រាវជ្រាវបន្ត ធ្វើឱ្យការគំរាមកំហែងនៅមានទំហំធំធេង» នេះជាការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល។

សម្ដេចបន្តថា គ្រាប់ដែលយោធាថៃទម្លាក់ក្នុងពេលឈ្លានពានកម្ពុជា មានមួយចំនួននៅមិនទាន់ផ្ទុះ និងស្ថិតនៅរាយប៉ាយជាច្រើនទីតាំងដែលអាចបណ្ដាលឱ្យផ្ទុះនិងបង្កគ្រោះថ្នាក់គ្រប់ពេលវេលា ខណៈកន្លងមកមានប្រជាជនស៊ីវិលបានទទួលរងគ្រោះស្លាប់ និងរបួស ដោយសារគ្រាប់បែកចង្កោមដែលនៅសេសសល់ទាំងនោះ។ បញ្ហានេះទាមទារឱ្យរាជរដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅ «កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។ ហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០, ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០, និងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដែលនឹងត្រូវអនុម័តនាពេលខាងមុខ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន រួមទាំងគ្រាប់បែកចង្កោម ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ដែលរងផលប៉ះពាល់, អាជ្ញាធរមីនត្រូវសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ វិស័យឯកជន ដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជាពិសេសរួមចំណែកដល់ការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈការស្រាវជ្រាវ និងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។ ចំណែកពលរដ្ឋ បើករណីប្រទះឃើញមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម សូមរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត កុំទៅជិត កុំប៉ះពាល់ ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់អាយុជីវិត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត