បងប្អូនភៀសសឹកសូមប្រយ័ត្ន បើសង្ស័យជាគ្រា.ប់មិនទាន់ផ្ទុះ កុំប៉ះពាល់ឱ្យសោះ ហើយត្រូវទាក់ទងទៅមន្រ្តីជំនាញជាបន្ទាន់
S
Soriya Sou
16 ធ្នូ 2025 06:00 PM

រាជធានីភ្នំពេញ៖ មន្រ្តីជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេស បងប្អូនជនភៀសសឹកសូមប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព បើប្រទះឃើញវត្ថុណាដែលគួរឱ្យសង្ស័យជាគ្រាប់យុទ្ធភណ្ធមិនទាន់ផ្ទុះ សូមរាយការណ៍ទៅកាន់អាជ្ញាធរជាបន្ទាន់…។

ភូមិឋានរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែន ដែលធ្លាប់តែមានសុខសុវត្ថិភាពបានប្រែក្លាយជាតំបន់ដែលមានហានិភ័យលែងមានសុវត្ថិភាពទៀតហើយ ដោយសារការបាញ់ផ្លោងទម្លាក់គ្រាប់របស់យោធាថៃឈ្លានពាន ដែលចាប់ផ្ដើមជាថ្មីកាលពីថ្ងៃទី៧ធ្នូ មកដល់ពេលនេះមិនទាន់បញ្ឈប់ទេ។ មន្រ្តីជំនាញស៊ីម៉ាក់ បានឱ្យដឹងថា ឥទ្ធិពលរបស់គ្រាប់ផ្លោងនីមួយៗដែលយោធាថៃបានបាញ់មកលើកម្ពុជា សុទ្ធតែជាកាកសំណល់ដែលមិនទាន់ផ្ទុះ ហើយអាចនឹងមានច្រើន។ គ្រាប់ផ្លោងដែលយោធាថៃបានបាញ់ផ្លោងមកលើកម្ពុជាលើកនេះ តែមិនទាន់ផ្ទុះ មានរូបរាងខុសគ្រាប់មុនៗដែលមន្រ្តីជំនាញធ្លាប់បានអប់រំដល់ពួកគាត់ ដែលវាអាចប្រឈមហានិភ័យខ្ពស់ ជាពិសេសលើកុមារ ដែលពួកគាត់ងាយនឹងភ្លេច ហើយអាចច្រឡំថាជារបស់លេង។

ដូច្នេះ ប្រសិនបើពលរដ្ឋបានប្រទះឃើញវត្ថុណាដែលមានរូបរាងចម្លែក និងគួរឱ្យសង្ស័យ សូមកុំប៉ះពាល់ឱ្យសោះ តែត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចដែលនៅជិតបំផុតជាបន្ទាន់ ឬអាចធ្វើជាសញ្ញាសម្គាល់ដែលមានចម្ងាយប្រមាណ៥ម៉ែត្រពីវត្ថុនោះ រង់ចាំមន្រ្តីជំនាញចុះមកដល់ ចៀសវាងមានគ្រោះថ្នាក់។ ប្រជាពលរដ្ឋក៏អាចរាយការណ៍ទៅអង្គភាពបោសសម្អាតមីន ដែលនៅជិតបំផុតតាមរយៈលេខទូរសព្ទ ០១២ ៨០០ ៤៧៣ និង ០១២ ៨០០ ១០៤។ លើសពីនេះ ប្រជាពលរដ្ឋ ជាពិសេស ជនភៀសសឹកក៏អាចទាញយករូបភាពបង្ហាញពីគ្រាប់មីនគ្រប់ប្រភេទ ដែលអង្គភាពស៊ីម៉ាក់បានបង្ហាញទុកក្នុងទូរសព្ទដៃរៀងខ្លួន ដើម្បីជាអាចផ្ទៀងផ្ទាត់ពេលជួបវត្ថុគួរឱ្យសង្ស័យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត