អាជ្ញាធរមីន អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ
អុន សម្ផស្ស
25 មេសា 2024 10:50 AM

រាជធានីភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានដាក់ចេញវិធានការ៤ចំណុចធំៗក្រើនរំឭកពលរដ្ឋ ដើម្បីបង្ការគ្រោះថ្នាក់កើតឡើងដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ការអំពាវនាវជាថ្មីរបស់អាជ្ញាធរមីន ធ្វើឡើងក្រោយថ្មីៗនេះ មានករណីប្រជាពលរដ្ឋយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកាន់ គប់ ដំ គ្រវែង និងកែច្នៃ បណ្តាលឱ្យគ្រោះថ្នាក់កើតឡើងជារបួសស្នាម និងរហូតដល់បាត់បង់អាយុជីវិតជាច្រើននាក់...។

អាជ្ញាធរមីនតាមរយៈសេចក្តីអំពាវនាវបញ្ជាក់ថា ទោះបីសង្គ្រាមនៅកម្ពុជាបានបញ្ចប់ជាច្រើនទសវត្សរ៍ ហើយប្រតិបត្តិករជាតិ-អន្តរជាតិ ខិតខំបំពេញបេសកកម្ម បោសសម្អាតយុទ្ធភណ្ឌដែលនៅសេសសល់ពីសង្គ្រាមយ៉ាងសស្រាក់សស្រាំក៏ដោយ ប៉ុន្តែវិសាលភាពនៃសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះមានទំហំធំធេង ស្ថិតនៅរាយប៉ាយលើទឹកដីនៃកម្ពុជា។ ហេតុនេះ ដើម្បីបង្ការ និងទប់ស្កាត់បាននូវគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អនុវត្តវិធានការ៤ធំៗរួមមាន៖ ទី១. នៅពេលបងប្អូនប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។ ផ្ទុយទៅវិញ ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីន ដែលនៅក្បែរនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។ ទី២. ពលរដ្ឋទាំងអស់មិនត្រូវចូលទៅតំបន់ណា ដែលមិនស្គាល់ទីតាំងភូមិសាស្ត្រច្បាស់លាស់ ព្រោះអាចមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅសេសសល់ ក្នុងករណីចង់ចូលត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ តំបន់នោះជាមុន។

ទី៣. កុំកែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះ ដើម្បីយករំសេវធ្វើសកម្មភាពណាមួយ ជាពិសេសបោកយកត្រី ព្រោះវាអាចបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេលវេលា និងទី៤. ពលរដ្ឋទាំងអស់មិនត្រូវ ទិញ លក់ រក្សាទុក កែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាអំពើខុសច្បាប់ និងបង្កគ្រោះថ្នាក់បាត់បង់ជីវិត ធ្លាក់ខ្លួនពិការដល់ខ្លួនឯង គ្រួសារ និងអ្នកជិតខាង។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា នៅតែជាបញ្ហាស្នូលដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយតាមរយៈការដាក់ចេញនូវចក្ខុវិស័យដឹកនាំច្បាស់លាស់ ដើម្បីលុបបំបាត់ទុក្ខវេទនារបស់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យរួចផុតពីមរតកនៃសង្រ្គាមនៅកម្ពុជា។ ទោះជាយ៉ាងនេះក្ដី គេសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួននៅតាមតំបន់ដាច់ស្រយាល ខ្វះភាពយល់ដឹងពីគ្រោះថ្នាក់បង្កដោយគ្រាប់មិនទាន់ផ្ទុះ នៅតែប្រឈម និងងាយរងគ្រោះដោយសារសំណល់ជាតិផ្ទុះ។ ជាក់ស្តែង ករណីផ្ទុះគ្រាប់បេនៅខេត្តមណ្ឌលគិរី គឺដោយសារក្មេងប្រុសម្នាក់ប្រទះឃើញគ្រាប់បេ៤១ ជាសំណល់ពីសង្គ្រាមនៅក្នុងព្រៃ រួចលើកយកមកបង្ហាញមនុស្ស៥នាក់ទៀត ខណៈនោះក៏បានរបូតពីដៃធ្លាក់មកបុកនឹងដីបណ្តាលឱ្យផ្ទុះតែម្ដង។ ទន្ទឹមគ្នានឹងករណីនោះ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក៏មានបុរសម្នាក់បានបែកសាច់ជាចំណែកៗស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងខេត្តព្រះសីហនុ ដោយសារបុរសរូបនោះ បានយកក្បាលគ្រាប់កាំភ្លើងផ្លោងសំណល់ពីសង្គ្រាមប្រវែង១០៥មីលីម៉ែត្រមកដំបណ្តាលឱ្យផ្ទុះ។ 

គួរជម្រាបថា គ្រាប់មីនប្រមាណពី៤លានទៅ៦លានគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀតត្រូវបានបន្សល់ទុកពីសង្គ្រាមរយៈពេល៣ទសវត្សរ៍ និងជម្លោះផ្ទៃក្នុងដែលបានបញ្ចប់កាលពីឆ្នាំ១៩៩៨។ បើតាមរបាយការណ៍ចុងក្រោយបំផុតរបស់អាជ្ញាធរមីនកម្ពុជា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៣ គ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានសម្លាប់មនុស្សចំនួន១៩៨២២នាក់ និងរបួស ឬពិការចំនួន៤៥២១៥នាក់ផ្សេងទៀត ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយមានចំនួនអ្នកស្លាប់ដោយសារមីន ឬគ្រាប់មិនទាន់ផ្ទុះច្រើនជាងគេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត