មនុស្ស៦នាក់ស្លា.ប់និងរបួ.សធ្ងន់ ក្នុងករណីផ្ទុះគ្រា.ប់នៅខេត្តមណ្ឌលគិរី
អុន សម្ផស្ស
21 មេសា 2024 03:00 PM

ខេត្តមណ្ឌលគិរី៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងអំឡុងពេលដើររើសជ័រ និងកាច់ផ្ដៅក្នុងព្រៃ ហើយប៉ះត្រូវគ្រាប់ផ្ទុះស្ថិតនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះបើយោងតាមពលរដ្ឋរាយការណ៍​ទៅសមត្ថកិច្ចកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤...។

ជនរងគ្រោះ
ជនរងគ្រោះ

ផ្អែកតាមប្រភពពីស្ត្រីរងគ្រោះម្នាក់ប្រាប់អ្នកភូមិ ក្រោយរួចជីវិតចេញពីព្រៃមកជាមួយកូនតូចរៀបរាបថា ដំបូងឡើយជនរងគ្រោះទាំងអស់ បាននាំគ្នាដើរក្នុងព្រៃអាស្រ័យផលអនុផលធម្មជាតិដូចសព្វមួយដង។ ប៉ុន្តែថ្ងៃនេះអ្នកស្រីបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅក្នុងព្រៃនោះ ភ្លាមៗក្រោយឃើញគ្រាប់នោះអ្នកស្រី និងកូនស្រីតូចបានដើរចេញពីកន្លែងនោះ។ ប៉ុន្តែជនរងគ្រោះ៤នាក់ទៀតមិនបានដើរចេញពីកន្លែងនោះទេ ក្រោយមកបន្តិចក៏ស្រាប់តែឮសំឡេងផ្ទុះឡើង ធ្វើឱ្យមនុស្សទាំង៤នាក់នោះស្លាប់។ ចំណែកអ្នកស្រី និងកូនស្រី ក៏រងរបួសធ្ងន់ និងស្រាលផងដែរ ប៉ុន្តែនៅមានស្មារតីអាចដើរចេញពីទីតាំងកើតហេតុបាន។ យ៉ាងណា ជុំវិញករណីនេះសមត្ថកិច្ចនៅមិនទាន់អាចកំណត់បាននៅឡើយទេថា តើករណីផ្ទុះគ្រាប់នេះបណ្ដាលមកពីមូលហេតុអ្វី និងផ្ទុះគ្រាប់ប្រភេទអ្វីនៅឡើយ ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្តតាមជំនាញ។

រូបភាពតំណាង
រូបភាពតំណាង

សូមជម្រាបថា គ្រាប់មីនប្រមាណពី៤លានទៅ៦លានគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀតត្រូវបានបន្សល់ទុកពីសង្គ្រាមរយៈពេល៣ទសវត្សរ៍ និងជម្លោះផ្ទៃក្នុងដែលបានបញ្ចប់កាលពីឆ្នាំ១៩៩៨។ បើតាមរបាយការណ៍ចុងក្រោយបំផុតរបស់អាជ្ញាធរមីនកម្ពុជា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៣ គ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានសម្លាប់មនុស្សចំនួន១៩៨២២នាក់ និងរបួស ឬពិការ ចំនួន៤៥២១៥នាក់ផ្សេងទៀត ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយ មានចំនួនអ្នកស្លាប់ដោយសារមីន ឬគ្រាប់មិនទាន់ផ្ទុះច្រើនជាងគេ៕ រាយការណ៍ដោយ៖ ភ្នាក់ងារខេត្តក្រចេះ

រូបភាពតំណាង 
រូបភាពតំណាង 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត