ស្តេចបោកលុយតាមអនឡាញរាប់រយលានដុល្លារ ជ្រកនៅប្រទេសថៃជិត៣ឆ្នាំ អាជ្ញាធរទើបដឹង និងចាប់បាន
N
Nary Vann
16 ម៉ោងមុន

រាជធានីបាងកក៖ ប្រទេសថៃជាជម្រករបស់មេឧក្រិដ្ឋកម្មធំៗជាច្រើន បាននិងកំពុងសម្ងំលាក់ខ្លួនពួនអាត្មាពីការចាប់ខ្លួនរបស់ប៉ូលិសអន្តរជាតិ។ ជាក់ស្តែង មេឧក្រិដ្ឋជននៃក្រុមឧក្រិដ្ឋកម្មអនឡាញបោកប្រាស់រូបិយបណ្ណឌីជីថល (Cryptocurrency) ដ៏ធំមួយ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃ ចាប់ខ្លួនបាននៅថ្ងៃទី១៩កុម្ភៈនេះ ក្រោយរូបគេសម្ងំលាក់ខ្លួនឆបោកជនរងគ្រោះអស់ទឹកប្រាក់សរុបជាង១២៨លានដុល្លារ នៅប្រទេសថៃ...

ជនសង្ស័យមានឈ្មោះថា ទាន់ ជៀនឡី (Tuan Jianlei) ឬត្រូវបានគេស្គាល់ក្នុងពិភពងងឹតថា «Boss Tuan»។ មេខ្លោងរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធ និងចាប់ខ្លួនបាននៅភូមិគ្រឹះដ៏ប្រណីតមួយក្នុងស្រុកបាងភ្លី (บางพลี) ខេត្តសមុទ្ទប្រៈកាន បន្ទាប់ពីអាជ្ញាធរតាមដានរាល់ចលនាជនសង្ស័យអស់រយៈពេលជាងមួយខែ។ យោងតាមការបញ្ជាក់ពីមន្ត្រីអន្តោប្រវេសន៍ (Boss Tuan) គឺជាបុគ្គលដែលអាជ្ញាធរចិនកំពុងតាមរកមុខបំផុត ពីបទបង្កើតវេទិកាជួញដូរឌីជីថលក្លែងក្លាយឈ្មោះ BHE Exchange កាលពីឆ្នាំ២០២៤។ វេទិកានេះ បានបង្កើតរូបិយបណ្ណគ្រីបតូក្លែងក្លាយ ហើយបានអូសទាញអ្នកវិនិយោគប្រមាណ២ម៉ឺននាក់ ជាមួយការសន្យាថានឹងផ្ដល់ប្រាក់ចំណេញខ្ពស់កប់ពពក។

អ្វីដែលធ្វើឱ្យគេហួសចិត្តបំផុតនោះ គឺជនសង្ស័យតែងបង្ហាញខ្លួនជា អ្នកជំនួញម្នាក់ដែលប្រកបរបរស្អាតស្អំ និងមានសីលធម៌ខ្ពស់ ប៉ុន្តែនៅពីក្រោយខ្នង គេគឺជាអ្នកបញ្ជាប្រតិបត្តិការឆបោកឆ្លងដែនយ៉ាងសាហាវឃោរឃៅចេញពីប្រទេសថៃ។ ក្រោយពេលប្រមូលលុយបានរាប់រយលានដុល្លារពីជនរងគ្រោះហើយ គេក៏បានបិទប្រព័ន្ធរត់គេចខ្លួនមកសម្ងំធ្វើជាសេដ្ឋីលាក់មុខនៅប្រទេសថៃ ដោយព្យាយាមផ្លាស់ប្តូរទីលំនៅញឹកញាប់ ដើម្បីគេចពីសំណាញ់ច្បាប់។ បច្ចុប្បន្ន ទិដ្ឋាការរបស់មេខ្លោងរូបនេះ ត្រូវបានលុបចោល ហើយគេកំពុងត្រូវបានឃុំខ្លួន ដើម្បីរង់ចាំនីតិវិធីបញ្ជូនត្រឡប់ទៅកាត់ទោសនៅប្រទេសចិនវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត