
រាជធានីបាងកក៖ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គណបក្សប្រជាជនថៃ បានប្រកាសថា ខ្លួននឹងដាក់ពាក្យបណ្តឹងប្តឹងគណៈកម្មការរៀបចំការបោះឆ្នោត(គ.ជ.ប) នៅសប្តាហ៍ក្រោយ ក្រោមមាត្រា១៥៧ នៃក្រមព្រហ្មទណ្ឌ ជុំវិញរឿងក្ដីពាក់ព័ន្ធនឹងបារកូដ និងឃ្យូអកូដ(QR Code) លើសន្លឹកឆ្នោត...។

នៅថ្ងៃព្រហស្បតិ៍ដដែលនេះ លោក ព្រីតស៍ វច្ចរៈសិន្ធុ (พริษฐ์ วัชรสินธุ) អ្នកនាំពាក្យគណបក្សប្រជាជន[ថៃ] អះអាងថា ក្រុមមេធាវីរបស់គណបក្សកំពុងរៀបចំពាក្យបណ្តឹង ហើយ នឹងដាក់បញ្ជូនទៅតុលាការជាផ្លូវការនៅសប្តាហ៍ក្រោយ។ នៅពេលសួរថា តើគណបក្សមានភស្តុតាងអ្វី ដែលមានទម្ងន់ខ្លាំងបំផុតក្នុងពាក្យបណ្តឹង..? លោក ព្រីតស៍អះអាងថា សេចក្ដីលម្អិតនឹងត្រូវប្រកាសនៅពេលដាក់ពាក្យបណ្តឹង ប៉ុន្តែសំខាន់គឺបញ្ហាភស្តុតាងបារកូដ និងឃ្យូអកូដ លើសន្លឹកឆ្នោត ដែលនាំឱ្យការបោះឆ្នោតគ្មានការសម្ងាត់។ លោកបន្ថែមថា គោលបំណងរបស់គណបក្សមិនមែនជាការបដិសេធចំពោះការចាញ់ឆ្នោតទេ ប៉ុន្តែដើម្បីការពារសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប និងដើម្បីធានាថា មន្ត្រីត្រូវទទួលខុសត្រូវតាមច្បាប់។

លើសពីនេះ លោក ព្រីតស៍ បានសង្កត់ធ្ងន់ថា៖«បញ្ហាបារកូដ គឺជាបញ្ហាធ្ងន់ធ្ងរ។ យើងត្រូវពិនិត្យថា តើវាជាកំហុសដោយការធ្វេសប្រហែស ឬមាននរណាម្នាក់ប្រព្រឹត្តិដោយចេតនា..? ដូច្នេះ យើងបានសម្រេចប្រើមាត្រា១៥៧ ដើម្បីធានាឱ្យមានការពិនិត្យតាមផ្លូវច្បាប់ត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវ»។ ចំពោះបញ្ហានេះ អតីតចៅក្រមតុលាការរដ្ឋធម្មនុញ្ញ បានលើកថា បើសន្លឹកឆ្នោតត្រូវបានបញ្ជាក់ថា គ្មានភាពសម្ងាត់ លទ្ធផលនៃការបោះឆ្នោតអាចត្រូវលុបទាំងស្រុង៕




