ត្រាំ ព្រមានថា នឹងជួបគ្រោះធំ បើគ្មានកិច្ចព្រមព្រៀងក្នុងរយៈពេល១៥ថ្ងៃខាងមុខ ប៉ុន្តែអ៊ីរ៉ង់ពើងទ្រូងថែម
ហៀប ស៊ីថេត
2 ថ្ងៃមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីទី១៩​ ខែកុម្ភៈ ថា អ៊ីរ៉ង់ ត្រូវតែចុះកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែ (ក្នុងគោលបំណងឱ្យរដ្ឋអ៊ិស្លាមនិយមមួយនេះ ផ្អាក ឬបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែ) បើមិនដូច្នោះទេ រឿងអាក្រក់នឹងកើតឡើងជាក់ជាមិនខាន។ ទោះឮសម្រែកព្រមានពីស្តេចឥន្ទ្រីអាម៉េរិកផ្ទាល់ត្រចៀកក៏ដោយ ប៉ុន្តែរដ្ឋធានីតេហេរ៉ង់បានគំរាមសងសឹកលើមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងតំបន់វិញ ប្រសិនបើរដ្ឋធានីវ៉ាស៊ីនតោនហ៊ានបើកការវាយប្រហារ។

ការប្រមូលផ្តុំយោធាដ៏ធំសម្បើមរបស់សហរដ្ឋអាម៉េរិកនៅជ្រោយមជ្ឈិមបូព៌ា កំពុងតែជំរុញឱ្យមានការភ័យខ្លាចនៃការឆាបឆេះភ្លើងសង្គ្រាមកាន់តែសន្ធោសន្ធៅនៅទូទាំងតំបន់ ទន្ទឹមនឹងលោក ត្រាំ បានគ្រហឹមព្រមានថា កិច្ចចរចាជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាដ៏តានតឹង កំពុងដំណើរការទៅដោយរលូន ប៉ុន្តែរដ្ឋធានីតេហេរ៉ង់ត្រូវតែឈានដល់កិច្ចព្រមព្រៀង ដែលអាម៉េរិកចង់បាន។ សម្តីដ៏មុតស្រួចប្រាប់ទៅអង្គប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពដែលត្រូវបានបង្កើតឡើងក្រោមដៃខ្លួនឯងផ្ទាល់ ចៅហ្វាយសេតវិមានរូបនេះ បានគំរាមម្ដងហើយម្ដងទៀតថានឹងវាយប្រហារអ៊ីរ៉ង់ បើរដ្ឋធានីតេហេរ៉ង់គ្មានកិច្ចព្រមព្រៀងណាមួយសមស្រប ក្នុងរយៈពេល១០ទៅ ១៥ថ្ងៃខាងមុខទៀត។

យ៉ាងណា នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉ែស (Antonio Guterres) អ៊ីរ៉ង់បានអះអាងទាំងមិនញញើតថា ខ្លួននឹងមិនចាប់ផ្តើមសង្គ្រាមណាមួយឡើយ ប៉ុន្តែក្នុងករណីដែលរដ្ឋធានីតេហេរ៉ង់ត្រូវទទួលរងការឈ្លានពានខាងយោធា នោះអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងសក្តិសមបំផុតក្នុងការអនុវត្តសិទ្ធិការពារខ្លួន។ លិខិតនោះបានសរសេរថា ៖‍«មូលដ្ឋានយោធា បរិក្ខារសឹក និងសព្វាវុធទាំងអស់របស់កងកម្លាំងអរិភាពនៅក្នុងតំបន់ នឹងក្លាយជាគោលដៅស្របច្បាប់។ សហរដ្ឋអាម៉េរិកនឹងទទួលខុសត្រូវទាំងស្រុង និងដោយផ្ទាល់ ចំពោះផលវិបាកដែលមិនអាចទាយទុកជាមុនបាន និងមិនអាចគ្រប់គ្រងបាន»។ សូមជម្រាបថា លោក ត្រាំ បានបញ្ជូននាវាផ្ទុកយន្តហោះ នាវាចម្បាំង មីស៊ីល និងយន្តហោះចម្បាំងច្រើនដូចស្រមោច ទៅកាន់តំបន់មជ្ឈិមបូព៌ា ត្រៀមវាយប្រហារលើសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ក្នុងករណីកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែបរាជ័យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត