អ្នកភ្នំពេញ ឮសំឡេងរថយន្តពន្លត់អគ្គិភ័យស្ទើររាល់ថ្ងៃរាល់យប់!
Mao Sopha
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ មិននិយាយតាមបណ្តាខេត្ត! មួយរយៈពេលចុងក្រោយនេះ អ្នករស់នៅក្នុងរាជធានីភ្នំពេញ ឧស្សាហ៍ឮសំឡេងរថយន្តពន្លត់អគ្គិភ័យណាស់ ទាំងពេលថ្ងៃ យប់ និងទៀបភ្លឺ។ ច្បាស់ណាស់ សមត្ថកិច្ចជំនាញ បញ្ចេញរថយន្តទាំងនោះ ធ្វើប្រតិបត្តិការពន្លត់អគ្គិភ័យដែលឆាបឆេះអគារ ទីតាំង និងលំនៅឋានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ពីមួយកន្លែងទៅមួយកន្លែង ស្ទើរមិនលុះថ្ងៃណាឡើយ

ខាងក្រោយនេះ គឺជាព័ត៌មានផ្សាយលើគេហទំព័រហ្វេសប៊ុកនាយកដ្ឋានពន្លត់អគ្គិភ័យ អំពីករណីឆាបឆេះទីតាំងនានាជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញ គិតត្រឹមតែក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៦៖

មានករណីឆ្លងអគ្គិសនី បណ្តាលឱ្យឆាបឆេះទីតាំង​មួយ​កន្លែង ​ស្ថិត​នៅ​តាមបណ្តោយផ្លូវលេខ​៣០០ សង្កាត់​បឹងកេងកង​ទី២​ ខណ្ឌ​បឹងកេងកង​ នាវេលា​ម៉ោង​៥​ទៀប​ភ្លឺ​ ថ្ងៃ​ទី២១​។

មាន​ករណី​អគ្គិភ័យ​​ឆាបឆេះផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ​ស្ថិត​នៅតាមបណ្តោយ​ផ្លូវលេខ១៦១ សង្កាត់​អូរឫស្សីទី២ ខណ្ឌ​៧មករា​ កាលពីវេលា​ម៉ោង​៨យប់​ ថ្ងៃទី​២០។ 

​មាន​ករណី​អគ្គិភ័យ​ ឆាបឆេះ​ផ្ទះ​​ប្រជាពលរដ្ឋ​មួយ​កន្លែង​ ​ស្ថិត​ក្នុងសង្កាត់​បឹង​កេងកង​២​ ខណ្ឌ​បឹងកេងកង​ កាលពីម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២០​​។

នៅម៉ោង១០:២០នាទីយប់​ ថ្ងៃទី១៩ មានករណីអគ្គិភ័យឆាបឆេះលំនៅឋានមួយកន្លែង​ ស្ថិតនៅចំណុចផ្ទះ​លេខ​ 8D-9D ផ្លូវបេតុង​ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ អគ្គិភ័យនេះ បានបំផ្លាញផ្ទះល្វែង​ចំនួន៣ និងសម្ភារៈប្រេីប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង ហើយមានមនុស្ស៤នាក់បាត់បង់ជីវិត​ និង៥នាក់របួស។

មាន​ករណី​អគ្គិភ័យ​​ឆាបឆេះ​ផ្ទះ​​ប្រជាពលរដ្ឋ​មួយ​កន្លែង​ ស្ថិត​នៅ​សង្កាត់​បឹង​កេងកង​៣​ ខណ្ឌ​បឹង​កេងកង​ កាលពី​ម៉ោង១២កន្លះ​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១៦​។ 

មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង៨កន្លះយប់ ថ្ងៃទី១៤។

​មាន​ករណី​អគ្គិភ័យ​​ឆាបឆេះ​ផ្ទះ​​ប្រជាពលរដ្ឋ​មួយ​កន្លែង ​ស្ថិត​នៅ​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួលគោក​ កាលពី​ម៉ោង​៣កន្លះ​យប់​ ឈាន​ចូល​ថ្ងៃ​ទី​១៣​។ 

មាន​ករណី​ឆ្លង​ចរន្ត​អគ្គិសនី ​បង្កឱ្យឆាបឆេះទីតាំង​មួយ​កន្លែង ​ស្ថិត​នៅ​ផ្លូវ​លេខ​៣៧១​ ក្នុងខណ្ឌ​មានជ័យ​ កាលពី​ម៉ោង១១​យប់​ ថ្ងៃ​ទី​១២​។ 

មាន​ករណី​អគ្គិភ័យ​ ​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង ​ស្ថិត​នៅ​សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍សែនជ័យ កាលពីម៉ោង​១០:កន្លះ​ព្រឹក​ ថ្ងៃ​ទី​១០​។ 

សូមជម្រាបថា ភាគច្រើនបំផុត នាយកដ្ឋានពន្លត់អគ្គិភ័យ ផ្សាយត្រឹមព័ត៌មានបឋមប៉ុណ្ណោះ អំពីករណីអគ្គិភ័យនីមួយៗ។ មានករណីខ្លះ នាយកដ្ឋានជំនាញនេះ ក៏ប្រាប់មូលហេតុ និងទំហំនៃការខូចខាត រួមទាំងជនរងគ្រោះ ប៉ុន្តែជាទូទៅ គ្រាន់តែផ្តល់ព័ត៌មានខ្លីប៉ុណ្ណោះថា មានករណីអគ្គិភ័យនៅកន្លែងនេះ ឬនៅកន្លែងនោះ។ 

ការកើតអគ្គិភ័យនេះ កំពុងក្លាយជាក្តីបារម្ភធំមួយរបស់ប្រជាពលរដ្ឋ។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បង្ហាញចម្ងល់ថា ហេតុអ្វីបានជាអគ្គិភ័យកើតឡើងញឹកញាប់ម្ល៉េះ? ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ សង្ឃឹម និងស្នើសុំស្ថាប័នជំនាញពាក់ព័ន្ធ ចាត់វិធានការឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីទប់ស្កាត់ករណីអគ្គិភ័យដ៏គួរឱ្យភ័យខ្លាចនេះ ដូចជា ចុះពិនិត្យមើល និងកែលម្អខ្សែភ្លើងចាស់ៗ វេញចាក់ស្រេះ និងរប៉ាត់រប៉ាយ ជាដើម។ ទប់ស្កាត់អគ្គិភ័យកុំឱ្យកើតឡើង ប្រសើរជាងការពន្លត់អគ្គិភ័យ

ចំណែកប្រជាពលរដ្ឋខ្លួនឯង ក៏ត្រូវតែប្រុងប្រយ័ត្នខ្ពស់ដែរ ដោយត្រូវពិនិត្យមើលចរន្តអគ្គិសនីជារឿងៗ ព្រមទាំងភ្លើងទៀនធូបផងដែរ បើអុជក្នុងថ្ងៃសីល ថ្ងៃបុណ្យទាន ឬក្នុងអំឡុងពិធីបុណ្យអ្វីមួយ។ ចូរប្រយ័ត្នប្រយែងខ្លួនឯង កុំឱ្យទ្រព្យសម្បត្តិ ផ្ទះសម្បែង ដែលខំចំណាយញើសឈាមរកស្ទើរពេញមួយជីវិត ត្រូវរលាយបាត់អស់ត្រឹមមួយប៉ប្រិចភ្នែកដោយសារអគ្គិភ័យ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត