
រាជធានីតូក្យូ៖ នៅក្នុងសុន្ទរកថាជាលើកដំបូងទៅកាន់សភាជាតិ បន្ទាប់ពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណា តាកៃឈី បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗទៅកាន់រដ្ឋធានីប៉េកាំង ដោយសន្យាថា លោកស្រី នឹងធ្វើបដិវត្តន៍វិស័យការពារជាតិ និងសន្តិសុខសេដ្ឋកិច្ច ដើម្បីឆ្លើយតបនឹងអ្វីដែលលោកស្រីហៅថាជាការយាយីរបស់ចិននៅក្នុងតំបន់។

ជាមួយនឹងជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភាដែលទើបតែកន្លងផុតទៅ លោកស្រីបានប្តេជ្ញាធ្វើបដិវត្តន៍យុទ្ធសាស្ត្រការពារជាតិ ដោយគ្រោងនឹងបង្កើនការចំណាយយោធាឱ្យដល់២ភាគរយនៃទំហំជីឌីភី (GDP) និងបន្ធូរបន្ថយការរឹតត្បិតលើការនាំចេញអាវុធ ដើម្បីពង្រឹងឧស្សាហកម្មសព្វាវុធក្នុងស្រុក។ លើសពីនេះ លោកស្រីបានប្រកាសបង្កើតក្រុមប្រឹក្សាព័ត៌មានសម្ងាត់ជាតិ ដែលនឹងដឹកនាំដោយលោកស្រីផ្ទាល់ ដើម្បីបង្រួបបង្រួមព័ត៌មានពីគ្រប់ភ្នាក់ងារ រួមទាំងប៉ូលិស និងក្រសួងការពារជាតិ ដែលជាគំរូស្រដៀងនឹង CIA របស់អាម៉េរិក ឬ MI5 (អ៊ឹមអាយហ្វាយ) របស់អង់គ្លេស។

ក្រៅពីការពង្រឹងវិស័យយោធា លោកស្រី តាកៃឈី ក៏បានដាក់ចេញវិធានការសន្តិសុខសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹង ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រទេសចិន ជាពិសេសលើវិស័យខ្សែច្រវាក់ផ្គត់ផ្គង់ និងការវិនិយោគក្នុងវិស័យរសើបៗ។ លោកស្រីបានស្នើឱ្យមានការបង្កើតស្ថាប័នពិនិត្យការវិនិយោគបរទេសតាមគំរូអាម៉េរិក និងការត្រួតពិនិត្យឡើងវិញនូវការទិញដីធ្លីដោយជនបរទេសនៅក្បែរទីតាំងយុទ្ធសាស្ត្រ។

ទន្ទឹមនឹងនេះ ក្នុងគោលដៅធានាឯករាជ្យភាពផ្នែកថាមពល លោកស្រីបានប្រកាសពន្លឿនការដំណើរការឡើងវិញនូវរ៉េអាក់ទ័រនុយក្លេអ៊ែ (Nuclear Reactor) ដែលត្រូវបានផ្អាកតាំងពីគ្រោះមហន្តរាយនុយក្លេអ៊ែហ្វូគូស៊ីម៉ា (Fukushima Nuclear Plant Disaster) ឆ្នាំ២០១១ ដើម្បីធានាសន្តិសុខថាមពលជាតិ។ លោកស្រីបានបញ្ចប់សុន្ទរកថាដោយការដាស់តឿនថា៖«ប្រជាជាតិដែលមិនហ៊ានប្រឈមមុខនឹងបញ្ហា គឺជាប្រជាជាតិដែលគ្មានអនាគត។ នយោបាយដែលចេះតែការពារខ្លួនតែម្យ៉ាង មិនអាចផ្តល់ក្ដីសង្ឃឹមដល់ពលរដ្ឋបានឡើយ»៕



