ស្ថាប័នពាក់ព័ន្ធ រៀបចំពិព័រណ៍ពាណិជ្ជកម្មផ្លូវល្បឿនលឿនលើកដំបូង ដើម្បីបញ្ជ្រាបចំណេះដឹងពីច្បាប់ចរាចរណ៍ និងការប្រើប្រាស់ផ្លូវ
L
Linda Sorn
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ ស្ថាប័ន និងភាគីពាក់ព័ន្ធ បានរៀបចំពិព័រណ៍ពាណិជ្ជកម្មផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២កុម្ភៈ ឆ្នាំ២០២៦ ដើម្បីបង្ហាញពីផលិតផល និងបញ្ជ្រាបចំណេះដឹងពីច្បាប់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ បានអញ្ជើញចូលរួមពិធីបើកដំណើរការពិព័រណ៍ពាណិជ្ជកម្មផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅតំបន់សេវាកម្មកំពង់សីលាគីឡូម៉ែត្រ១០៩ ទិសដៅភ្នំពេញ-ក្រុងព្រះសីហនុ។ ក្រសួងសាធារណការបានឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មនេះ មានស្តង់ពិព័រណ៍ប្រវែងប្រមាណ១០០ម៉ែត្រ មានដាក់តាំងបង្ហាញផលិតផលជាច្រើនប្រភេទរួមមានរថយន្ត គ្រឿងបន្លាស់រថយន្ត អាហារ ភេសជ្ជៈ សេវាកម្មនានា និងវត្ថុអនុស្សាវរីយ៍ច្នៃប្រឌិតបែបវប្បធម៌ខ្មែរ ប្រែក្លាយតំបន់សេវាកម្ម មានមុខងារពេញលេញសម្រាប់ការធ្វើដំណើរ។

ការរៀបចំពិព័រណ៍នេះ មានគោលបំណង បង្ហាញអំពីផលិតផលជាតិ-អន្ដរជាតិដែលមានគុណភាព និងការផ្ដល់ជូននានារបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ព្រមទាំងការលើកកម្ពស់វិស័យទេសចរណ៍ ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយផងដែរ។ ជាមួយគ្នា  ការរៀបចំពិព័រណ៍នេះ ក៏ដើម្បីបញ្ជ្រាបចំណេះដឹងពីច្បាប់ចរាចរណ៍ និងការប្រើប្រាស់ផ្លូវដល់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យបើកបររមានការប្រុងប្រយ័ត្ន និងការប្រើប្រាស់ផ្លូវគោរពតាមគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត