
រាជធានីភ្នំពេញ៖ ជាងគំនូរ និងអ្នកស្ម័គ្រចិត្តសរុបជិត១០០នាក់ ស្រុះដៃគ្នាលាបថ្នាំពណ៌សលើផ្ទាំងមួយមានបណ្តោយ៣៥ម៉ែត្រ និងកម្ពស់ ឬទទឹង៥ម៉ែត្រ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។ បន្ទាប់មកក្រុមវិចិត្រករ នឹងចាប់ផ្តើមគូរគំនូរលើផ្ទាំងនេះ រំលេចឡើងពីការឈឺចាប់មិនអាចរៀបរាប់អស់ និងមិនអាចបំភ្លេចបាន ដោយសារយោធាថៃឈ្លានពាន។ ដូចនៅសៀមរាបដែរ គំនូរនេះ ត្រូវបានដាក់ឈ្មោះថាជា «គំនូរសន្តិភាព»។

«គំនូរសន្តិភាពទី២» នឹងបង្ហាញរូបរាងនៅសួនវត្តបទុមវតី រាជធានីភ្នំពេញ បន្ទាប់ពីគំនូរទី១ នៅឯខេត្តសៀមរាបបានបញ្ចប់ការគូរជាស្ថាពរ។ ពិធីរៀបចំផ្ទាំងស ដើម្បីគូរគំនូរនេះ មានការចូលរួមពីសំណាក់លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី, លោក សុខ សប្បាយណា សមាជិកគណៈអចិន្រ្តៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និង លោក តាន់ គឹមសួរ ប្រធានគម្រោងតំណាងឱ្យវិចិត្រករ សិល្បករ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូប។

លោក តាន់ គឹមសួរ អះអាងថា ការរៀបចំគូរគំនូរទី២នេះ គឺបន្ទាប់ពីមានការចាប់អារម្មណ៍ និងការខ្វល់ខ្វាយជាច្រើនពីសាធារណជន ជាពិសេសភៀវទេសចរអន្តរជាតិ ដែលទៅទស្សនាផ្ទាំងគំនូរសន្តិភាពនៅខេត្តសៀមរាប។ លោកលើកឡើងថា៖«ពេលភៀវបរទេសគាត់ទៅដល់មុខផ្ទាំងគំនូរ យើងមិនចាំបាច់ទៅណែនាំគាត់ បង្ហាញគាត់ថាខ្ញុំកំពុងតែឈឺចាប់ ឬខ្ញុំកំពុងតែត្រូវការអ្នកឯងជួយទេ គាត់ទៅដល់គាត់គ្រាន់តែឃើញនៅផ្ទាំងគំនូរ គឺគាត់មានអារម្មណ៍ដក់ជាប់នៅអារម្មណ៍តែម្ដង គាត់ទាញទូរសព្ទរបស់គាត់មកថត ហើយបង្ហោះទៅក្នុងបណ្តាញរបស់គាត់តែម្ដង។ នេះហើយគឺជាគោលដៅដែលយើងចង់បន្លឺ»។ លោកបន្តថា ការបង្កើតផ្ទាំងទស្សនីភាពពីស្នាដៃសិល្បៈ ដើម្បីសន្តិភាពមួយទៀតនៅក្នុងរាជធានីភ្នំពេញនឹងអាចបន្លឺសំឡេងបានកាន់តែឆ្ងាយកាត់តែខ្លាំងជាងមុន។

វិចិត្រករមួយរូប និងកាន់តួនាទីជាអ្នកដឹកនាំការគូរគំនូរសន្តិភាពទី២ លោក ប៉ោយ ឈុនលី បានឱ្យដឹងថា វិចិត្រករនឹងនាំយកការឈឺចាប់របស់ពលរដ្ឋកម្ពុជា និងសកម្មភាពដែលយោធាថៃបានឈ្លានពាន រួមទាំងការរំលោភយកទឹកដីកម្ពុជាពីសំណាក់យោធាថៃឈ្លានពាន ដូចជាការរាយបន្លាលួស ដាក់ទូរកុងទ័រនឺ បំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋជាដើម មកបង្ហាញក្នុងផ្ទាំងគំនូរ។ លោករៀបរាប់ថា៖«សម្រាប់រូបភាពទី២នេះ គឺយើងកំពុងតែបង្ហាញពីរូបភាពដែលបានកើតឡើង ហើយ ដូចបច្ចុប្បន្នយើងបានដឹងស្រាប់ហើយថាបទឈប់បាញ់បានអនុវត្តពិតប្រាកដ ហើយយើងអត់ឮគ្រាប់ផ្លោង ហើយនៅក្នុងបណ្តាញសង្គមក៏មិនបង្ហាញថាមានការបាញ់បន្តទៀតទេ ប៉ុន្តែការឈរជើងនៅតែមាន ទូកុងតឺន័រ រាយបន្លាលួស ហើយក៏ដូចជាការបាត់បង់ និងការពលីរបស់កងទ័ពខ្លះបានកើតឡើងហើយ»។

ក្រៅពីការរាយបន្លាលួស វិចិត្រកររូបនេះបន្ថែមថា ការគូរ ក៏មានបញ្ចូលពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាដូចជាផ្ទះសម្បែង និងសាលារៀន ជាពិសេសរូបបដិមាព្រះវិស្ណុ ស្ថិតក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ដែលបងប្អូនខ្មែរគោរពបូជា ជាព្រះអាទិទេពដ៏សំខាន់មួយអង្គក្នុងព្រាហ្មណ៍សាសនា ត្រូវបានយោធាថៃឈ្លានពាន ប្រើទង្វើទមិឡ(ទ្មិល)ឥតសាសនា សាហាវយង់ឃ្នង វាយកម្ទេចចោល អមជាមួយសំឡេងសើចហ៊ោក្អាកក្អាយ។ វិចិត្រកររូបនេះចាត់ទុកថា៖«តាមរយៈគំនូរ នឹងធ្វើឱ្យបងប្អូនខ្មែរយើង និងអន្តរជាតិ បានឃើញ ព្រោះតាមរយៈគំនូរ មានឥទ្ធិពលខ្លាំងនៅក្នុងការគិត ឬក៏ផ្នត់គំនិតរបស់យើង និងចូលទៅដល់ក្នុងបេះដូង»។ លោកសង្ឃឹមថា ផ្ទាំងគំនូរ នឹងនៅតែមានឥទ្ធិពលក្នុងការជំរុញឱ្យក្លាយការតស៊ូមតិ ដើម្បីឱ្យអន្តរជាតិជួយដោះស្រាយរឿងជម្លោះកម្ពុជា-ថៃឱ្យបានឆាប់ចប់ ដើម្បីឱ្យបងប្អូនខ្មែរមានឱកាសត្រលប់ទៅរកលំនៅឋានវិញ។

ជាអ្នកស្ម័គ្រចិត្តមកចូលរួមជួយគូរគំនូរ និងជានិស្សិតដែលចេញមកពីខេត្តបន្ទាយមានជ័យដែលជាទីកន្លែងកំណើត មកបន្តការសិក្សានៅឯខេត្តសៀមរាប កញ្ញា ណាម ធា បានសម្រេចចិត្តមកជួយគូរគំនូរនៅរាជធាភ្នំពេញ ក្រោយខកខានការគូរនៅសៀមរាប ខណៈកាលនោះគ្រួសារកំពុងរងគ្រោះដោយសារការឈ្លានពានរបស់យោធាថៃ។ កញ្ញារៀបរាប់ថា៖«យើងជាប្រជាពលរដ្ឋម្នាក់ យើងមិនអាចជួយអីបានច្រើន ដូច្នេះខ្ញុំគិតថាការគូរគំនូរ ក៏ខ្ញុំអាចជួយវិចិត្រកររៀបចំ ទោះបីខ្ញុំមិនមានជំនាញខាងគំនូរក៏ដោយ។ យើងចូលរួមព្រោះយើងអត់អាចជួយអ្វីបានដូចកងទ័ព អ៊ីចឹងមានតែកន្លែងគំនូរនេះដែលអាចជួយបាន»។ កញ្ញា សំណូមពរឱ្យពលរដ្ឋខ្មែរ ទាំងអស់ចូលរួមផ្សព្វផ្សាយគំនូរ ដើម្បីចែករំលែកឱ្យបានទូលំទូលាយ។

យុវជន តាំង គឹមឡេង ដែលត្រូវបានមហាជនស្គាល់ថាជាអ្នកចេញមុខធ្វើការងារមនុស្សធម៌ជាហូរហែ ដូចជា រៃអង្គាសថវិកា រៀបចំស្បៀងអាហារជួយកងទ័ពជួរមុខ និងជនភៀសសឹកជាដើម ក៏បានបង្ហាញវត្តមាននៅពីមុខផ្ទាំងគំនូរទី២ដែរ។ លោកនិយាយថា៖«..ខ្ញុំចង់ឃើញផ្ទាំងគំនូរនេះ [បង្ហាញ]ភាពឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលពួកគាត់នៅជំរំជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាន ដោយការបំពាន និងយកដីរបស់ពួកគាត់..ជាពិសេសការឈឺចាប់នេះ ដែលបងប្អូនប្រជាពលរដ្ឋយើងមិនទាន់អាចវិលចូលផ្ទះបាន ដែលត្រូវបានឡោមព័ន្ធដោយទូកុងទ័នឺរ និងបន្លាលួស [របស់យោធាថៃ]»៕





