
ប៉ូឡូញ៖ មហាអំណាចយោធាធំៗទាំង៥របស់អឺរ៉ុប កំពុងចាប់ដៃសហការគ្នាលើគម្រោង ដែលមានតម្លៃរាប់លានអឺរ៉ូ ដើម្បីផលិតប្រព័ន្ធការពារអាកាសតម្លៃទាប ដូចជាដ្រូនស្វ័យប្រវត្តិ ឬមីស៊ីល ឱ្យចេញជារូបរាងក្នុងរយៈពេល១២ខែខាងមុខ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិប៉ូឡូញក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រទី២០ ខែកុម្ភៈ។

សង្គ្រាមនៅអ៊ុយក្រែនបានបង្ហាញឱ្យឃើញថា ដ្រូនស្វ័យប្រវត្តិសម្រាប់ស្ទាក់ចាប់ គឺជាជម្រើសដ៏មានប្រសិទ្ធភាពមួយ ជំនួសឱ្យគ្រាប់មីស៊ីលការពារអាកាសដែលមានតម្លៃថ្លៃៗ ហើយសម្ព័ន្ធមិត្តអឺរ៉ុប កំពុងមានបំណងចង់រៀនសូត្រពីបទពិសោធថ្មីនេះ។ ក្រុមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសអឺរ៉ុបទាំង៥ ដែលរួមមានប្រទេសចំណាយថវិកាយោធាខ្ពស់បំផុតគឺ បារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និងអង់គ្លេស បានជួបប្រជុំគ្នា ខណៈមេដឹកនាំអឺរ៉ុបកំពុងខិតខំបង្កើនសមត្ថភាពការពារជាតិ ចំពេលការការពារទ្វីបអឺរ៉ុប ដោយរដ្ឋធានីវ៉ាស៊ីនតោន ហាក់មានភាពស្រពេចស្រពិល។

លោក លូក ប៉ូឡាដ (Luke Pollard) រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧស្សាហកម្មយោធារបស់ចក្រភពអង់គ្លេស បានសង្កត់ធ្ងន់ថា៖ «វាគឺជាការប្តេជ្ញាចិត្ត ដែលមានតម្លៃរាប់លានផោន និងរាប់លានអឺរ៉ូ...ដើម្បីពង្រឹងបច្ចេកវិទ្យានេះ។ យើងពិតជាមានសង្ឃឹមថា វានឹងបង្កើតឱ្យមានឧបករណ៍មានឥទ្ធិពល ដែលនឹងត្រូវដាក់ឱ្យផលិតក្នុងរយៈពេល ១២ខែខាងមុខ»។ គំនិតផ្តួចផ្តើមនេះមានឈ្មោះថា LEAP (សំដៅទៅលើ ឧបករណ៍វាយប្រហារតម្លៃទាប និងយន្តហោះស្វ័យប្រវត្តិគ្មានមនុស្សបើក) រួមមានការអភិវឌ្ឍប្រព័ន្ធការពារអាកាសតម្លៃទាបកម្រិតខ្ពស់ ដូចជាដ្រូនស្វ័យប្រវត្តិ ឬមីស៊ីល។ នេះបើតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែករបស់រាជរដ្ឋាភិបាលអង់គ្លេស។

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក វ៉្លាឌីស្លាវ កូស៊ីញ៉ាក់-កាមីសស៍ (Wladyslaw Kosiniak-Kamysz) បានលើកឡើងថា៖ «យើងទើបតែបានចុះហត្ថលេខាលើការប្តេជ្ញាចិត្តដ៏សំខាន់មួយ ស្តីពីការរួមគ្នាអភិវឌ្ឍសមត្ថភាពវាយប្រហារដោយផ្អែកលើដ្រូន ការផលិតរួមគ្នា និងការទិញរួមគ្នានូវឧបករណ៍ដ្រូនតម្លៃទាប។ នេះគឺជាបញ្ហាប្រឈមនៃសម័យកាលរបស់យើង បច្ចេកវិទ្យាកំពុងផ្លាស់ប្ដូរ...ហើយយើងត្រូវតែឆ្លើយតបឱ្យបានឆាប់រហ័សបំផុត»៕



