
រដ្ឋធានីមូស្គូ៖ លោក នីកូលៃ ផាទ្រូសេហ្វ (Nikolai Patrushev) ដែលជាមិត្តជិតស្និទ្ធបំផុតរបស់បុរសខ្លាឃ្មុំទឹកកក វ្លាឌិមៀរ ពូទីន នៅថ្ងៃទី១៧កុម្ភៈនេះ បានចេញសេចក្តីព្រមានដ៏ខ្លាំងក្លា និងមុតស្រួចទៅកាន់សហភាពអឺរ៉ុបទាំងមូលថា៖«បើអឺរ៉ុបនៅតែបន្តចាប់ ឬរារាំងនាវាដឹកប្រេង និងនាវាពាណិជ្ជកម្មរបស់រុស្ស៊ី នោះរុស្ស៊ីនឹងបញ្ជូនកងទ័ពជើងទឹក ចេញទៅការពារ និងអាចសងសឹកដាក់នាវាអឺរ៉ុបវិញផងដែរ...»។

មានតួនាទីជាទីប្រឹក្សាវិមានក្រឹមឡាំង និងជាប្រធានក្រុមប្រឹក្សាសមុទ្ទរុស្ស៊ី លោក ផាទ្រូសេហ្វ បានអះអាងច្បាស់ៗក្នុងបទសម្ភាសជាមួយសារព័ត៌មានរុស្ស៊ីថា៖«បើយើងមិនឆ្លើយតបខ្លាំងក្លា និងម៉ឺងម៉ាត់ទេ មិនយូរមិនឆាប់ អង់គ្លេស បារាំង និងសូម្បីតែប្រទេសបាល់ទិក (Baltic nations) នឹងមានអំណួតអួតអាង កាន់តែក្រអឺតក្រទមដល់កម្រិតមួយ ដែលអាចហ៊ានរារាំងផ្លូវសមុទ្ទរបស់ប្រទេសយើង សូម្បីតែនៅក្នុងតំបន់អាត្លង់ទិច!»។ លោកបន្តទាំងខឹងសម្បារថា៖«យើងជឿជាក់ថា ដូចជានៅគ្រប់សម័យកាល ការធានាសុវត្ថិភាពនៃការធ្វើដំណើរតាមសមុទ្ទបានល្អបំផុត គឺកងទ័ពជើងទឹក! នៅតំបន់សមុទ្ទសំខាន់ៗ រួមទាំងតំបន់ឆ្ងាយពីទឹកដីរុស្ស៊ី យើងត្រូវដាក់ពង្រាយកម្លាំងយោធាដ៏ច្រើនសម្បើម ដែលមានសមត្ថភាព ធ្វើឱ្យលោកខាងលិចញាក់សាច់ និងបញ្ឈប់ភាពអំណួតរបស់ចោរសមុទ្ទលោកខាងលិចទាំងនេះ!»។

មែនទែនទៅ ការឡើងកម្តៅលើផ្លូវនាវាចរ បន្ទាប់ពីលោកខាងលិចដាក់ទណ្ឌកម្មជាង ៣ម៉ឺនករណី លើរុស្ស៊ី ដើម្បីកាត់ផ្តាច់ដង្ហើមពាណិជ្ជកម្មសកល និងធ្វើឱ្យហិរញ្ញវត្ថុរបស់រុស្ស៊ីរងគ្រោះ ព្រមតែព្យាយាមរារាំងនាវាដឹកប្រេងដែលសង្ស័យថា ជារបស់រុស្ស៊ី។ កាលពីខែមករា សហរដ្ឋអាម៉េរិកបានចាប់យកនាវាដឹកប្រេងមួយមានដោតទង់ជាតិរុស្ស៊ី ដើម្បីទប់ស្កាត់ការនាំចេញប្រេងវេណេហ្ស៊ុយអេឡា ខណៈបុរសខ្លាំង ពូទីន ធ្លាប់ហៅសកម្មភាពបែបនេះថា ជាទង្វើចោរសមុទ្ទយ៉ាងច្បាស់ក្រឡែត។ សារព្រមានធ្ងន់់ៗចេញពីមាត់ ផាទ្រូសេហ្វ មិនមែនជាពាក្យគំរាមធម្មតាទេ ប៉ុន្តែវាជាសញ្ញាដ៏គ្រោះថ្នាក់ រុស្ស៊ីកំពុងត្រៀមខ្លួនដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច និងអធិបតេយ្យភាពសមុទ្ទរបស់ខ្លួន ដោយប្រើកម្លាំងយោធាដោះស្រាយ។ រង់ចាំមើល ថា តើអឺរ៉ុប និងលោកខាងលិចនឹងឆ្លើយតបយ៉ាងណា ចំពោះសំឡេងគ្រហឹមដ៏ព្រឺព្រួចរបស់រុស្ស៊ី?..៕





